អានតួអត្ថបទ
អេស្ប៉ាញ

ព្រះមហាក្សត្រ​អេស្ប៉ាញ​ដាក់រាជ្យ ​ក្រោយពី​បាន​គ្រងរាជ្យ​អស់​រយៈពេល​ជិត​៣៩ឆ្នាំ

ព្រះមហាក្សត្រអេស្ប៉ាញ ដែល​បាន​គ្រងរាជ្យ​អស់រយៈពេល ជិត៣៩ឆ្នាំ​មក​ហើយ​នោះ បាន​ប្រកាស នៅថ្ងៃ​ចន្ទ​ថា ព្រះអង្គ​បាន​សម្រេច​​​​ដាក់រាជ្យ ហើយ​ប្រគល់​រាជបល្ល័ង្ក​ទៅ​ឲ្យ​បុត្រា​ជា​អ្នក​ស្នងបន្ត។ ព្រះអង្គ​បាន​ពន្យល់​ថា ការ​ដាក់រាជ្យ​នេះ​ធ្វើឡើង ដើម្បី​​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​មួយ នៅ​ក្នុង​រាជានិយម​អេស្ប៉ាញ ដោយ​​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ជា​អ្នក​ឡើងមក​បន្តវេនវិញ​ម្តង។

ព្រះមហាក្សត្រ​អេស្ប៉ាញ ហ៊័ន ការឡូស (Juan Carlos) នៅ​ពេល​ប្រកាស​ដាក់រាជ្យ កាល​ពីថ្ងៃ​ចន្ទ ២ មិថុនា ២០១៤
ព្រះមហាក្សត្រ​អេស្ប៉ាញ ហ៊័ន ការឡូស (Juan Carlos) នៅ​ពេល​ប្រកាស​ដាក់រាជ្យ កាល​ពីថ្ងៃ​ចន្ទ ២ មិថុនា ២០១៤ ©Reuters.
ផ្សាយពាណិជ្ជកម្ម

 

ព្រះមហាក្សត្រ​អេស្ប៉ាញ Juan Carlos បាន​ឡើង​គ្រងរាជ្យ​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៧៥ ក្រោយ​ពី​មេដឹកនាំ​ផ្តាច់ការ​អេស្ប៉ាញ Francisco Franco ត្រូវ​ទទួល​មរណភាព។ នៅ​ក្នុងការ​គ្រងរាជ្យ រយៈពេល ជិត៣៩ឆ្នាំ​កន្លងទៅនេះ ព្រះអង្គ​បាន​ចូលរួម​ចំណែក ក្នុងការ​នាំ​ប្រទេស​អេស្ប៉ាញ ពី​របបផ្តាច់ការ ឆ្ពោះ​ទៅរក​លទ្ធិប្រជាធិបតេយ្យ។

ក៏ប៉ុន្តែ មួយរយៈកាល​ចុងក្រោយ​នេះ ព្រះអង្គ​ត្រូវ​ជួប​នឹង​បញ្ហា​ជាច្រើន ទាំង​បញ្ហា​សុខភាព​ដែល​ធ្លាក់​ចុះទន់ខ្សោយ​ផង និង​​មាន​រឿង​អាស្រូវ​ជាច្រើនផង ទាក់ទង​នឹងរាជវង្សានុវង្ស​របស់​ព្រះអង្គ។

នៅ​ក្នុង​សន្ទុរកថា តាម​ទូរទស្សន៍​ជាតិ នៅថ្ងៃ​ចន្ទ ព្រះបាទ Juan Carlos បាន​ពន្យល់ថា ព្រះអង្គ​សម្រេច​ដាក់រាជ្យ​នេះ គឺ​ដើម្បី​ទុកឱកាស​​ឲ្យ​ក្មេងជំនាន់ក្រោយ​ជា​អ្នក​បន្តវេន ក្នុងការ​ដឹកនាំ​ប្រទេស​អេស្ប៉ាញ ទៅ​រក​អនាគត​មួយ​ភ្លឺស្វាង។

ព្រះអង្គ​បាន​មាន​បន្ទូលថា “វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ ដែល​អេស្ប៉ាញ​បាន​ឆ្លងកាត់ មិនត្រឹមតែ​បាន​បន្សល់​ទុក​នូវ​ស្នាម​របួស​ នៅ​ក្នុង​ស្រទាប់​សង្គម​របស់​យើង​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វា​ក៏​ជា​ការ​ចង្អុល​បង្ហាញ​ដល់​យើង​ផងដែរ​នូវ​ផ្លូវ​ដែល​ត្រូវ​ដើរ ទៅរក​អនាគត​មួយ​ដ៏​ភ្លឺស្វាង។ ក្មេងជំនាន់​ក្រោយ​គួរតែ​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យដើរ​តួនាទី​ចម្បង ដើម្បី​កសាង​គ្រឹះ សម្រាប់​អនាគត​នេះ។ ដូច្នេះ នៅពេលនេះ មនុស្សជំនាន់​ក្រោយ ដែល​ពោរពេញ​ទៅដោយ​កម្លាំង​និង​ថាមពល ត្រូវ​តែ​ជា​អ្នក​ដើរ​ជួរមុខ​គេ។ មនុស្សជំនាន់ក្រោយ ដែល​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ ដែល​សមស្រប​ទៅតាម​កាលៈទេសៈ​ជាក់ស្តែង។ មនុស្ស​ជំនាន់​ក្រោយ ដែល​បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ប្រឈមមុខ​នឹង​បញ្ហា​នៃ​ថ្ងៃ​អនាគត។”
 
មនុស្សជំនាន់ក្រោយ ដែល​នឹង​ត្រូវ​ឡើង​មក​ស្នងរាជ្យ​បន្ត​ពី​​ព្រះបាទ Juan Carlos គឺ​ព្រះអង្គម្ចាស់ Felipe រាជបុត្រ​វ័យ ៤៦ឆ្នាំ។ ក៏ប៉ុន្តែ គេ​នៅមិនទាន់​ដឹង​ច្បាស់​នៅឡើយទេ​ថា តើ​ការ​ផ្ទេររាជបល្ល័ង្ក​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅពេលណា​ពិតប្រាកដ?

លោក​ Mariano Rajoy នាយករដ្ឋមន្រ្តី​អេស្ប៉ាញ​ បាន​កោះប្រជុំ​គណៈរដ្ឋមន្រ្តី​វិសាមញ្ញ​មួយ នៅថ្ងៃ​អង្គារ​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​ដាក់រាជ្យ​របស់​ព្រះមហាក្សត្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ