អានតួអត្ថបទ
ម៉ាឡេស៊ី

យន្តហោះ​​ប៊ូអ៊ីង​៧៧៧៖​ការ​ស្វែងរក​​​​​បំណែក​វត្ថុ​​​អណ្តែត​លើទឹក ​​​​​​មិនទាន់​ផ្តល់​​លទ្ធផល​​អ្វីទេ​

នៅថ្ងៃ​សុក្រ​នេះ ​​ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​ប៊ូអ៊ីង​៧៧៧​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ​ ដែល​​​បាត់ខ្លួន​​​១៣ថ្ងៃ​មកហើយ​នោះ បានបន្ត​ធ្វើ​នៅ​ចុងភាគខាងត្បូង​មហា​សមុទ្រ​​ឥណ្ឌា ចំងាយ​​២៥០០គីឡូម៉ែត្រ ស្ថិត​​នៅ​ភាគ​និរតី​​ក្រុង​ ​Perth អូស្ត្រាលី។ ​​​​​​​តាមធម្មតា ចិន​ត្រូវបញ្ជូន​នាវា​​យ៉ាងហោច​​​​៧គ្រឿង​ ទៅជួយ​រុករក​ទៀត។​ ​​ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី ប្រាប់ថា វត្តុ​អណ្តែត​លើទឹក​អាច​​ជា​​បំណែក​យន្តហោះ ​ដែល​គេ​កំពុង​រុករក​នៅពេលនេះ ​ហើយ​ដែល​ត្រូវ​បាន​​​​ផ្កាយរណប​ចាប់រូបភាព​បាន​កាលពីថ្ងៃ​អាទិត្យ​នោះ​ ​ប្រហែល​​​អាច​នឹង​លិចចូល​​ក្នុងទឹក​សមុទ្រ​បាត់ទៅហើយ។ គេ​នៅ​មិនទាន់​រកឃើញ​​វត្ថុ​ទាំងនេះ​ទេ។

យន្តហោះ​អូស្ត្រាលីកំពុង​ប្រតិបត្តិការ​​រុករក​បំណែក​​វត្ថុ​អណ្តែតទឹក​ដែល​ផ្កាយរណប​ចាប់រូបភាព​បាន​ កាលពី​ថ្ងៃ​១៦មីនា។
យន្តហោះ​អូស្ត្រាលីកំពុង​ប្រតិបត្តិការ​​រុករក​បំណែក​​វត្ថុ​អណ្តែតទឹក​ដែល​ផ្កាយរណប​ចាប់រូបភាព​បាន​ កាលពី​ថ្ងៃ​១៦មីនា។ REUTERS/Australian Defence Force/
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រនេះ នៅ​ខាងត្បូង​​មហាសមុទ្រ​ឥណ្ឌា យន្តហោះ​​៥គ្រឿង​បានបន្ត​ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​ប៊ូអ៊ីង​៧៧៧ របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី អ៊ែរឡាញ ​​​ស្វែង​រក​វត្ថុ​អណ្តែតលើទឹក​ជាច្រើន​បំណែក ដែល​​​ផ្កាយរណប​ចាប់រូបភាព​បាន​​កាលពី​​ថ្ងៃ​១៦មីនា កន្លងទៅ។ វត្ថុ​អណ្តែត​លើ​ទឹក​​ទាំងនេះ អាច​ជាបំណែក​របស់​យន្តហោះ​ដែល​បាត់ខ្លួន​ ជាង​១៣ថ្ងៃ​មកហើយនោះ។ ទីកន្លែង​រុករក​​នៅ​​មហាសមុទ្រ​ឥណ្ឌា​ ចំងាយ​២៥០០គីឡូម៉ែត្រ​ ភាគនិរតី​ ក្រុង​ ​Perth អូស្ត្រាលី ហួស​ឆ្ងាយខ្លាំង​​​​ពី​គន្លង​ដើម​របស់​យន្តហោះ។

ប្រតិបត្តិការ​រុករក​នៅថ្ងៃ​សុក្រ​នេះ មានការ​លំបាក ព្រោះ​តំបន់​នេះ​មិនសូវ​ជា​មាន​នាវា​ចរាចរណ៍​​នោះទេ ជាតំបន់​មាន​ខ្យល់​បោកបក់​ខ្លាំង។ យោងតាម​​លោក Warren Tuss ជា​ឧបនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​​ វត្ថុអណ្តែត​លើទឹក​ ដែល​​​ផ្កាយរណប​ចាប់រូបភាព​បាន​ មិនប្រាកដ​ថា នៅតែ​បន្ត​អណ្តែត​​លើ​ផ្ទៃទឹក​សមុទ្រ​ទៀតទេ ពិសេស​នៅ​សមុទ្រ​ដែល​សំបូរ​រលកធំៗ មាន​ចរន្តទឹក​ហូរ​​​ខ្លាំង និង​​សំបូរ​ដោយ​ខ្យល់​បោកបក់​​ផង​នោះ។​ ដូច្នេះ វត្ថុ​ទាំងនោះ​​អាច​នឹង​លិច​ចូល​ក្នុងទឹក​បាត់​ហើយ នៅពេលនេះ។ ​គួរបញ្ជាក់ថា កាលពី​ថ្ងៃ​១៦មីនា ​ផ្កាយរណប​ចាប់បាន​​រូបភាព​​វត្ថុអណ្តែត​លើទឹក​ចំនួន​២ ​​វត្ថុ​មួយ​ប្រវែង​២៤​ម៉ែត្រ ​និង​មួយទៀត​ប្រវែង​៥ម៉ែត្រ។ ​ អ្នកស៊ើបអង្កេត​នានា​ចាត់ទុក​ថា វត្ថុ​ទាំង២នេះ ​មាន​លក្ខណៈ​ច្បាស់លាស់ គួរអោយ​ជឿជាក់​បាន ដើម្បី​ជួយអោយពួកគេ​អាច​រកឃើញ​យន្តហោះ​ប៊ូអ៊ីង​៧៧៧ ដែលបាត់​ស្រមោល​សូន្យឈឹង​នោះ។

ដោយឡែក​ ប្រតិបត្តិការ​រុករក​យន្តហោះ​ប៊ូអ៊ីង​នេះ ​ក៏​ធ្វើ​នៅតំបន់​ផ្សេងទៀត​ដែរ ក្នុង​នោះ​មាន​នៅ​កន្លែង​​​​ដែល​​នាំ​​ដំណើរ​ទៅ​​ភាគខាងជើង​ប្រទេស​ឡាវ បន្តរហូតទៅ​​ដល់​ប្រទេស​កាហ្សាក់ស្ថាន។​ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​សុំអោយ​អាមេរិក​ធ្វើការ​វិភាគ​លើ​ទិន្នន័យ​អេឡិចត្រូនិក​ដែល​ត្រូវ​គេ​លុប​ចោល​ពី​ម៉ាស៊ីនហោះហើរ​គំរូ កាលពី​ខែមុន។ ម៉ាស៊ីន​ហោះហើរ​គំរូ​នេះ ត្រូវ​អាជ្ញាធរ​​រឹបអូស​ពី​ផ្ទះ​របស់​អ្នកបើកបរ​យន្តហោះប៊ូអ៊ីង​នោះ។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ថូនី អាបត បាន​ប្រាប់​អោយ​ដឹងថា ក្នុង​ពេល​ទូរសព្ទ​ជាមួយ​ប្រធានាធិបតី​​ចិន​ស៊ី ជីន​ពីង លោក​ស៊ី​ ជីនពីង​​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការបាត់ខ្លួន​ដ៏​អាថ៌កំបាំង​​របស់​យន្តហោះប៊ូអ៊ីង​នេះ ព្រោះថា​អ្នកដំណើរ​ជនជាតិចិន​មានចំនួន​ច្រើន៕ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ