អានតួអត្ថបទ
អូស្រ្តាលី-ម៉ាឡេស៊ី

ប្រទេស​អូស្រា្តលី​ប្រហែល​ជាបាន​រកឃើញ​បំណែក​យន្តហោះប៊ូអ៊ីង ៧៧៧ របស់ Malaysia Airlines

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ មីនា​នេះ ប្រទេស​អូស្រា្តលី​បាន​បញ្ជូន​យន្តហោះ​ជា​ច្រើន​គ្រឿង​របស់​ខ្លួន​ទៅ​កាន់​ប៉ែក​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា​ដើម្បី​ស្វែង​រក​វត្ថុ​កំពុង​អណ្តែត​លើ​ផ្ទៃទឹកសមុទ្រ​ដែល​ផ្កាយរណប​បាន​រក​ឃើញ។ តើ​វត្ថុ​ដែល​កំពុង​អណ្តែត​លើ​ផ្ទៃទឹកសមុទ្រ​នោះ ពិត​ជា​បំណែក​យន្តហោះ​ប៊ូអ៊ីង ៧៧៧ របស់​ក្រុមហ៊ុន Malaysia Airlines ដែល​បាន​បាត់​ខ្លួន​តំាង​ពី​ជាង ១០ថ្ងៃ​នោះ ឬ​យ៉ាង​ណា?។ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ។ ដើម្បី​អាច​បញ្ជាក់​បាន រដ្ឋអំណាច​អូស្រ្តាលី​បាន​បញ្ជូន​យន្តហោះ​ទៅ​កាន់​តំបន់​ដែល​កំពុង​មាន​វត្ថុ​អណ្តែត​លើ​ទឹក​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ប៉ែកខាងត្បូង។

លោក John Young មន្រ្តីសន្តិសុខ​ផ្លូវសមុទ្រ​អូស្រា្តលី
លោក John Young មន្រ្តីសន្តិសុខ​ផ្លូវសមុទ្រ​អូស្រា្តលី REUTERS/Sean Davey
ផ្សាយពាណិជ្ជកម្ម

សម្រាប់​រដ្ឋអំណាច​ប្រទេស​អូស្រ្តាលី រូបភាព​មួយ​ចំនួន​ដែល​ផ្តល់​ដោយ​ផ្កាយរណប​បាន​បង្ហាញ​យ៉ាង​ឲ្យ​ឃើញ​នូវ​វត្ថុ​ធំៗ​ជា​ច្រើន​បំណែក​ដែល​កំពុង​អណ្តែត​លើ​ផ្ទៃទឹកសមុទ្រ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ប៉ែកខាងត្បូង​ដែល​មាន​ចម្ងាយ​ជាង ២ ៥០០គីឡូម៉ែត្រ​ស្ថិត​ប៉ែក​នីរតី​នៃ​រដ្ឋអូស្រ្តាលី​ខាង​លិច។ គឺ​តាម​រយៈ​រូបភាព​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នេះ​ហើយ​បាន​ជា​អូស្រា្តលី​បាន​សម្រេច​បញ្ជូន​យន្តហោះ​ចំនួន ៤គ្រឿង​ទៅ​កាន់​ទីនោះ​ដើម្បី​ពិនិត្យមើល​ឲ្យ​ច្បាស់​ថា តើ​វា​ជា​វត្ថុ​អ្វី​ទៅ?។ យន្តហោះ​មួយ​គ្រឿង​កំពុង​ស្ថិត​នៅ​ម្តុំ​តំបន់​នោះ​រួច​ជា​ស្រេច និង​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​មើល​មិន​សូវ​ច្បាស់​លើ​វត្ថុ​ទំាង​នោះ។ តែ​យ៉ាង​ណា​ក៏​ដោយ យន្តហោះ​ចំនួន ៣គ្រឿង​ទៀត​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ដោយ​ត្រូវ​ចំណាយ​ពេល​ហោះហើរ​ចំនួន ៤ម៉ោង។ មន្រ្តី​សន្តិសុខ​ផ្លូវសមុទ្រ​អូស្រា្តលី​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​វត្ថុ​កំពុង​អណ្តែត​លើ​ផ្ទៃទឹកសមុទ្រ​ចំនួន​ពីរ​ដែល​ផ្កាយរណប​បាន​រក​ឃើញ​ក្នុង​នោះ វត្ថុ​ទី១ មាន​ប្រវែង​យ៉ាង​តិច ២៤ម៉ែត្រ និង​វត្ថុទី២ មាន​ប្រវែង​ខ្លី​ជាង។

ដោយឡែក ក្នុង​ពេល​ដែល​គ្រប់​គ្នា​កំពុង​រង់ចំា​ការ​បញ្ជាក់​ថា តើ​វត្ថុ​ទំាង​នោះ ពិត​ជា​បំណែក​របស់​យន្តហោះ​ប៊ូអ៊ីង ៧៧៧ របស់ Malaysia Airlines មែន ឬ​មិន​មែន រដ្ឋអំណាច​អូស្រ្តាលី​ក៏​បាន​បញ្ជូន​នាវាសង្រ្គោះ​មួយ​គ្រឿង​ទៅ​កាន់​តំបន់​នោះ​ក្នុង​គោលដៅ​ស្រង់​យក​វត្ថុ​ដែល​កំពុង​អណ្តែត​លើ​ផ្ទៃទឹកសមុទ្រ​ទំាង​នោះ។ ក្រៅ​ពី​យន្តហោះ​អូស្រ្តាលី ក៏​មាន​យន្តហោះ​អាមេរិកំាង​មួយ​គ្រឿង និង​នូវែលសេឡង់​មួយ​គ្រឿង។ ចុង​ក្រោយ នាវា​ពាណិជ្ជកម្ម​មួយ​គ្រឿង​ដែល​កំពុង​ស្ថិត​ក្បែរ​តំបន់​នោះ​ក៏​ត្រូវ​បាន​គេ​បង្វែរ​ទិសដៅ​ឲ្យ​ទៅ​ចូលរួម​ស្វែង​រក​វត្ថុ​ដែល​កំពុង​អណ្តែត​លើ​ផ្ទៃទឹកសមុទ្រ។

យ៉ាង​ណា​ក៏​ដោយ រដ្ឋអំណាច​អូស្រ្តាលី​បាន​សម្តែង​ការ​ប្រយ័ត្នប្រយែង​ជា​ទីបំផុត​ចំពោះ​ដំណឹង​ថ្មី​ចុង​ក្រោយ​នេះ ព្រោះ​ថា នៅ​មិន​ទាន់​មាន​ភស្តុតាង​ណា​មួយ​ដែល​អាច​បញ្ជាក់​ថា វត្ថុ​ទំាង​នោះ ជា​បំណែក​របស់​យន្តហោះ​ប៊ូអ៊ីង ៧៧៧ របស់ Malaysia Airlines នៅ​ឡើយ​ទេ។ លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​តូនី អាបូត​ដែល​ជា​អ្នក​ប្រកាស​ដំណឹង​ថ្មី​នេះ​បាន​អះអាង​ថា គេ​មិន​គួរ​ប្រញិបប្រញាប់​ទាញ​សេចក្តីសន្និដ្ឋាន​ចុង​ក្រោយ​ណា​មួយ​ទេ។

គួរ​រម្លឹក​ជូន​ថា ក្នុង​រយៈពេល​ជាង ១០ថ្ងៃ​នៃ​ការ​ស្វែង​រក​យន្តហោះ និង​អ្នកដំណើរ​ទំាង ២៣៩នាក់​នោះ ក្តីសង្ឃឹម​លាយឡំ​នឹង​ក្តី​អស់សង្ឃឹម​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​រាប់​មិន​អស់។ មាន ២៥ប្រទេស​បាន​ចូលរួម​ស្វែង​រក​យន្តហោះ​នោះ​នៅ​សឹង​តែ​ពេញ​ផ្ទៃទឹកសមុទ្រ​ក្នុង​លោក​ទៅ​ហើយ។ តែ​មក​ទល់​ពេល​នេះ វា​ប្រៀប​បាន​ដូច​ជា​ការ​រាវ​រក​ម្ជុល​នៅ​បាត​សមុទ្រ​អ៊ីចឹង។ រីឯ​ក្រុមគ្រួសារ​អ្នកដំណើរ​វិញ មាន​តែ​ការ​រង់ចំា​ជាមួយ​នឹង​ក្តីសង្ឃឹម រួម​ផ្សំ​នឹង​ភាព​ក្តៅក្រហាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ