អានតួអត្ថបទ
ស៊ីរី

រុស្ស៊ី​សំណូមពរ​ឲ្យ​បញ្ចូល​ក្រុម​គួដ ទៅ​​ក្នុង​តុ​ចរចា​សន្តិភាព​នៅ​ស៊ីរី

ការ​​ចរចា​សន្តិភាព​នៅ​ស៊ីរី ​ក្រោម​ការ​ផ្តួចផ្តើម​របស់​អង្គការ​សហប្រជាជាតិ ​នឹង​ត្រូវ​ចាប់ផ្តើម​ជា​ថ្មី​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ​ហើយ។​ នៅថ្ងៃ​នេះ​ផងដែរ ​ លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​ បាន​ធ្វើការ​ស្នើ​សុំ​ថា​ គេ​ត្រូវ​អញ្ជើញ​តំណាង​ក្រុម​ជនជាតិ​កួដ​ស៊ីរី​ឲ្យ​មក​ចូលរួម​ក្នុង​តុ​ចរចា​នេះ​ដែរ។ ជនជាតិ​កួដ ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​រុស្ស៊ី​ផង​ និង​ របស់​អាមេរិក​ផង​នោះ ​មាន​តួនាទី​សំខាន់​មួយដែរ​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។ ប៉ុន្តែ​តួកគី ​តែងតែ​បដិសេធ​ដាច់​អហង្ការ ​ព្រោះ​មិនចង់​ឃើញ​ជនជាតិ​កួដ​នៅ​ស៊ីរី ​មាន​ឱកាស​បាន​ឯករាជ្យ​ផ្តាច់ខ្លួន​ចេញ​ពី​ស៊ីរី។

លោក ស៊ែកហ្គៃ ឡារ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
លោក ស៊ែកហ្គៃ ឡារ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

លោក ​ស៊ែកហ្គៃ ឡារ៉ូវ​ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ លោក​បាន​សំណូមពរ​ ទៅកាន់​លោក​ ស្តេហ្វិន ដឺមីស្ទូរ៉ា ​ប្រេសិទ​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ​ស៊ីរី​ ដោយ​សុំឲ្យ​ចាត់​បញ្ចូល​ក្រុម​ជនជាតិ​កួដ ​នៅ​ក្នុង​ការ​ចរចា​សន្តិភាព​នៅ​ស៊ីរី។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ​នៅ​ក្បែរ​លោក​រដ្ឋមន្ត្រី​ចិន​ លោក​រដ្ឋមន្ត្រី​រុស្ស៊ី​បញ្ជាក់​ថា​ ​បើ​គេ​មិន​រាប់​បញ្ចូល​ក្រុម​ជនជាតិ​កួដ​ ទៅ​ក្នុង​តុ​ចរចា​ទេ​ មាន​ន័យ​ថា​សហគមន៍​អន្តរជាតិ ​គ្មាន​សេចក្តី​ក្លាហាន​គ្រប់គ្រាន់​ទេ។ មិន​រាប់​ជន​ជាតិ​កួដ​ស៊ីរី ​គឺ​ស្មើ​នឹង​មិន​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាជន​កួដ​រាប់​លាន​នាក់ ​នៅ​ស៊ីរី។

 
កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​ ១០​ មីនា​ មុន​នឹង​លោក​ស៊ែកហ្គៃ ឡារ៉ូវ​បាន​មាន​ប្រសាសន៍​ពី​បញ្ហា​នេះ ​ លោក​ ស្តេហ្វាន ដឺមីស្ទូរ៉ា ​បាន​ឆ្លើយ​ទៅ​កាន់​អ្នក​កាសែត​ថា ​លោក​គ្មាន​គំរោង​ផ្ញើរ​លិខិត​អញ្ជើញ​ទៅកាន់​ភាគី​ណា​ថ្មី​ទៀតទេ ​ក្រៅពី​ភាគី​ដែល​ធ្លាប់​មក​ចូល​ប្រជុំ​កាលពី​លើក​មុន។ ហើយ​បន្ថែម​ពី​នេះ ​ការ​ចរចា​សន្តិភាព ​នឹង​មិន​ត្រូវ​អូស​បន្លាយ​ឲ្យ​ហួស​ពី​ថ្ងៃ​ទី​ ២៤ ​មីនា​ដែរ។

សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​ក្រុម​ជនជាតិ​កួដ ​បាន​ដណ្តើម​បាន​ដែនដី​កាន់កាប់​ចំនួន​១០% ​នៃផ្ទៃ​ដី​ស៊ីរី។ ប្រជាជន​កួដ​ប្រមាណ​ជា​ជាង​៤០​លាន​នាក់ ​មាន​នៅ​រាយប៉ាយ ​នៅ​ស៊ីរី​ផង​ អ៊ីរ៉ាក់​ផង​ និង​ជា​ពិសេស​នៅ​តួកគី​ផងដែរ។ ជនជាតិ​កួដ​គឺ​ជា​ជន​ភាគ​តិច​ ដែល​មាន​ចំនួន​ច្រើន​បំផុត​លើ​លោក​ តែ​គ្មាន​ប្រទេស​អធិបតេយ្យ​ខ្លួនឯង​ទេ។ សង្រ្គាម ​នៅ​ស៊ីរី ​គឺ​ជា​ឱកាស​ឲ្យ​ចលនា​តស៊ូ​កួដ ​បាន​បញ្ចេញ​កំលាំង​នៅ​លើ​សមរភូមិ​ព្រមទាំង​លើ​ឆាក​អន្តរជាតិ​ ដើម្បី​ទាមទារ​ធ្វើ​ការ​បំបែក​ខ្លួន ​ជា​ប្រទេស​មួយ​មាន​ឯករាជ្យ​ពេញលេញ។

តែ​យ៉ាងណា​ក៏​ដោយ ​អ្នក​វិភាគ​មួយ​ចំនួន​យល់ថា ​នេះ​គ្រាន់តែ​ជា​ការ​សុបិន្ត​ តែ​ការ​ពិត​គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​ងាយៗ​ទេ។​ ការ​ទទួល​ស្គាល់​បង្កើត​រដ្ឋ​កួដ ​នៅ​រវាង​ស៊ីរី​ និង​អ៊ីរ៉ាក់​ មាន​ឧបសគ្គ​ច្រើន​ណាស់។ ឧបសគ្គ​ចំបង​គឺ​តួកកី។ រដ្ឋាភិបាល​តួកគី​ របស់​លោក​អ៊ែកដូហ្កាន់ ​បដិសេធ​ដាច់​អហង្ការ ​ក្នុង​ការ​ទទួល​ស្គាល់​ជនជាតិ​កួដ។ តួកគី​ចាត់ទុក​ក្រុម​ចលនា​តស៊ូ​កួដ ​ជា​ក្រុម​ភេរវកម្ម​ ហើយ​បាន​ធ្វើការ​ទំលាក់​គ្រាប់បែក​នៅ​តាម​មូលដ្ឋាន​ជនជាតិ​កួដ​ជារឿយៗ។ ក្រុម​ PKK ​កួដ ​គឺ​ត្រូវ​បាន​តួកគី​ចាត់​ទុក​ជា​សត្រូវ​ ក៏​ព្រោះតែ​តួកគី​ខ្លាច​ទឹកដី​ភាគ​ខាងកើត​របស់​ខ្លួន ​ដែល​សំបូរ​ទៅ​ដោយ​ជនជាតិ​កួដ​ រស់នៅ​ប្រមាណ​ជា​១៥​លាន​នាក់​នោះ ​បំបែក​ខ្លួន​ទៅ​ចូល​ជាមួយ​ដែនដី​កួដ​ស៊ីរី ​និង​អ៊ីរ៉ាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ