ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
អាមេរិក

នៅមួយខែក្រោយ​ការផ្អាក​ជំនួយ ប្រមុខ​ការបរទេស​អាមេរិក​នឹង​ទៅ​អេហ្ស៊ីប

media  
ប្រមុខការបរទេស​អាមេរិកលោក​John Kerry ©REUTERS/Gary Cameron

រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​John Kerry ត្រូវ​ធ្វើដំណើរ​ទៅដល់​អេហ្ស៊ីប នៅថ្ងៃ​អាទិត្យ​ទី ៣ វិច្ឆិកា។ ចាប់តាំង​ពី​កងទ័ព​អេហ្ស៊ីប ដែល​ជា​សម្ព័ន្ធមិត្ត​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី​ម៉រស៊ី ចេញពី​តំណែង នេះ​ជា​លើកទីមួយ ដែល​លោក​ប្រមុខការ​បរទេស​អាមេរិក​ដាក់ជើង​ជាន់​អេហ្ស៊ីប។

តាមក្រសួងការបរទេស​អាមេរិក ទស្សនកិច្ច​នៅ​អេហ្ស៊ីប​របស់​លោក​John Kerry ធ្វើឡើង ដោយ​មិន​ផ្លូវការ នៅក្នុង​ឱកាស​ធ្វើ​ទស្សនកិច្ច រយៈពេល​៩​ថ្ងៃ​របស់​ប្រមុខ​ការបរទេស នៅ​ដើមបូព៌ា។ នៅអេហ្ស៊ីប វត្តមាន​របស់​ប្រមុខការបរទេស​អាមេរិក បើ​ទោះបី​ជា​មាន​រយៈពេល​តែប៉ុន្មាន​ម៉ោង​បុណ្ណោះ ប៉ុន្តែ វា​បានធ្វើ​ឡើង នៅក្នុង​បរិបទ​ដែល​អាមេរិក និង​អេហ្ស៊ីប​មើល​មុខ​គ្នា​មិនសូវចំ ពោល​គឺ​បន្ទាប់ពី​អាមេរិក​បាន​សម្រេច​ផ្អាក​ជំនួយ​យោធា​ដល់​អេហ្ស៊ីប កាលពី​ថ្ងៃ​ទី ៩​តុលា​កន្លងទៅ។

 
ចាប់តាំង​ពី​យោធា​ធ្វើ​រដ្ឋប្រហារ​នៅអេហ្ស៊ីប កាលពី​ខែ​កក្កដា​កន្លងទៅ នេះ​ជាលើក​ទីមួយ​ដែល​លោក​Kerry ធ្វើ​ដំណើរ​ទៅអេហ្ស៊ីប។ ទស្សនកិច្ច​លើកនេះ​ទៀត ធ្វើ​ឡើង នៅតែ​មួយ​ថ្ងៃ​មុន នៃ​ការបើក​សវនាការ​កាត់ទោស​អតីត​ប្រធានាធិបតី​ដែល​យោធា​ទម្លាក់​ចេញពី​តំណែង គឺ​លោក​មូហាមេដ ម៉រស៊ី។ នៅថ្ងៃ​ចន្ទ លោក​ម៉រស៊ី​ដែល​ត្រូវ​កងទ័ព​អេហ្ស៊ីប​ចាប់ដាក់​ឃុំ​ក្នុង​ទី​អាថ៌កំបាំង​៤ ខែ​មកហើយ នឹង​ត្រូវ​តុលាការ​អេហ្ស៊ីប​ជំនុំជម្រះទោស​ពី​បទ​ចូលរួម​ជួយ​ឲ្យ​អ្នកទោស​អ៊ីស្លាម​លួចរត់​ចេញពីគុក។

ជារៀងរាល់ឆ្នាំ សភា​អាមេរិក​បោះឆ្នោត​ផ្តល់​ជំនួយ​ប្រមាណ ១ពាន់ ៥​រយលាន​ដុល្លារ​ដល់​អេហ្ស៊ីប ដែលនៅក្នុង​នោះ ១​ពាន់ បីរយ​លាន​ដុល្លារ​ជាជំនួយ​យោធា។ កាលពី​ថ្ងៃ​ទី ៩​តុលា ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ផ្អាកជំនួយ​យោធា ដើម្បី​ប្រតិកម្ម​ទៅនឹង​ការបង្រ្កាប​ហិង្សា​របស់​យោធា ក្នុង​រយៈពេល​ជាង​២​ខែ ដែល​បាន​សម្លាប់មនុស្ស​ជាង​១ពាន់នាក់។ អាជ្ញាធរ​អេហ្ស៊ីប​នៅ​បាន​ចាប់​ដាក់ឃុំ​អ្នកកាន់សាសនា​អ៊ីស្លាម​ជាង​២ពាន់​នាក់ ដែល​ភាគច្រើន​មក​ពី​ក្រុមភារត​អ៊ីស្លាម​ដែល​ជា​ក្រុម​របស់​លោក​ម៉រស៊ី។

ការប្រកាស​ផ្តាច់​ជំនួយ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អេហ្ស៊ីប​មិន​សប្បាយចិត្ត។ រដ្ឋមន្រ្តី​ការបរទេស​អេហ្ស៊ីប​ធ្លាប់​វាយតម្លៃ​ថា អេហ្ស៊ីប​ពឹងអាស្រ័យ​យូរពេកហើយ​លើ​ជំនួយ​អាមេរិក។ ជំនួយ​យោធា​ភាគច្រើន ជាជំនួយ​ដែល​អេហ្ស៊ីប​មិនត្រូវការ ប៉ុន្តែ ជា​ការចង់បាន​របស់​ទីក្រុង​វ៉ាស៊ីនតោន ដែល​ចង់​រក្សា​ស្ថិរភាព និង​សន្តិសុខ នៅ​ដើម​បូព៌ា។

ទីក្រុង​គែរ​បាន​ព្រមាន​ចង់​សើរើ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡើងវិញ ប៉ុន្តែ ប្រមុខការបរទេស​អាមេរិក​បាន​និយាយ​បង្អាក់​ទុកមុន​ហើយថា ការផ្អាក​ជំនួយ​នោះ​នឹង​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង ​មិត្តភាព រវាង​ប្រទេស​ទាំង​ពីរ​ទេ។ តាម​អ្នកនាំពាក្យ​របស់​សេតវិមាន ជំនួយ​អាមេរិក​សម្រាប់​អេហ្ស៊ីប​នឹង​មាន​ឡើងវិញ នៅពេល​ណា​អេហ្ស៊ីប​រៀបចំ​ការបោះឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ និង​ដោះលែង​អ្នកទោស​នយោបាយ ដែល​កងទ័ព​បាន​ចាប់​នៅក្នុង​ពេល​បាតុកម្ម​គាំទ្រ​លោក​ម៉រស៊ី​កន្លងមក៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ