អានតួអត្ថបទ
អ.ស.ប.-មជ្ឈិមបូព៌ា

អ.ស.ប.៖​ដំណើរ​ទស្សនកិច្ច​មួយជុំ​តំបន់​មជ្ឈិមបូព៌ា​របស់​​លោក​បាន គីមូន

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​តំបន់​មជ្ឈិមបូព៌ា។ បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូវ៉ែត​នា​ថ្ងៃ​អាទិត្យ ទី២៦ មិថុនា លោក​បាន គីមូន​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល និង​ដែនដី​ប៉ាឡេស្ទីន​ក្នុង​ថ្ងៃ​ចន្ទ ទី២៧ មិថុនា​នេះ។ នៅ​ក្នុង​ប្រទេស​កូវ៉ែត លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ជំរុញ​ដល់​គ្រប់​ភាគី​ជម្លោះ​ក្នុង​ប្រទេស​យេម៉ែន​ឲ្យ​ទទួល​យក​ផែនការ​សន្តិភាព​ដែល​ស្នើ​ឡើង​ដោយ​សហគមន៍​អន្តរជាតិ។

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន
លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន REUTERS/Osman Orsal
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទៅ​កាន់​ប្រទេស​កូវ៉ែត​មុន​គេ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ក៏​ដោយសារ​ថា កូវ៉ែត​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស​យេម៉ែន​តាំង​ពី ២ខែ​មក​ហើយ។ គឺ​ជា​កិច្ចចរចា​ដែល​បាន​ផ្តួចផ្តើម និង​ដឹកនាំ​ដោយ​លោក​អ៊ូល ឆេកអាម៉េដ ប្រេសិត​ពិសេស​របស់​លោក​បាន គីមូន។ សូម​ជម្រាប​ជូន​ថា តាំង​ពី​ជាង ១ឆ្នាំ​កន្លង​មក​ដែល​ប្រទេស​យេម៉ែន​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​គ្នា​រវាង​ក្រុម​អ្នកគំាទ្រ​លោក​ប្រធានាធិបតី​និរទេសខ្លួន​ហាឌី និង​ក្រុមឧទ្ទាម​ឈីអ៊ីត​ដែល​គាំទ្រ​លោក​អតីត​ប្រធានាធិបតី​សាឡេ។ អ្វី​ជា​ការ​កត់សម្គាល់ លោក​ប្រធានាធិបតី​និរទេសខ្លួន​ហាឌី​ទទួល​បាន​ការ​គំាទ្រ​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​កម្លាំង​សម្ព័ន្ធអារ៉ាប់​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

នៅ​ក្នុង​កិច្ចចរចា​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​ដែល​រៀបចំ​ដោយ​ប្រទេស​កូវ៉ែត​តាំង​ពី​ថ្ងៃទី២១ មេសា អង្គការ​សហប្រជាជាតិ តាម​រយៈ​លោក​ប្រេសិត​ពិសេស​អ៊ូល ឆេកអាម៉េដ​បាន​ដាក់​ចេញ​នូវ​ផែនការ​សន្តិភាព​ដោយ​តម្រូវ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ឯកភាពជាតិ​មួយ និង​ការ​រំសាយ​អាវុធ​របស់​ក្រុមឧទ្ទាមឈីអ៊ីត។ តែ​រហូត​មក​ដល់​ពេល​នេះ ភាគី​ជម្លោះ​នីមួយៗ​នៅ​បន្ត​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន។ នៅ​ម្ខាង រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ហាឌី​បន្ត​ទាមទារ​ឲ្យ​ក្រុម​ឧទ្ទាម​ប្រគល់​តំបន់​ដែល​ពួក​គេ​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ ២០១៤ ឲ្យ​រដ្ឋាភិបាល ចំណែក​ក្រុម​ឧទ្ទាម​នៅ​បន្ត​ទាមទារ​ឲ្យ​ជ្រើសរើស​រូប​ប្រធានាធិបតី​ថ្មី និង​បង្កើត​រដ្ឋាភិបាល​ឯកភាពជាតិ​ជា​មុន មុន​នឹង​ចរចា​រឿង​ផ្សេង។

នៅ​ក្នុង​ន័យ​នេះ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​បាន​អំពាវនាវ​ដល់​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​បិទបញ្ចប់​ភាព​ប្រទាញប្រទង់​គ្នា និង​ផ្តើម​ទទួល​យក​ផែនការ​សន្តិភាព​ដែល​ស្នើ​ឡើង​ដោយ​លោក​ប្រេសិត​ពិសេស​អ៊ូល ឆេកអាម៉េដ។ លោក​បាន គីមូន​បាន​ព្រមាន​ទុក​ជា​មុន​ថា វិបត្តិ​នឹង​កាន់​តែ​ធ្លាក់​ដុបដាប​ខ្លាំង ប្រសិន​បើ​ភាគី​ជម្លោះ​មិន​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ទេ។ គួរ​រម្លឹក​ជូន​ថា សង្រ្គាម​ស៊ីវិល​ដែល​បាន​ផ្ទុះ​តាំង​ពី​ខែ​មីនា ឆ្នាំ ២០១៥ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៦ ៤០០នាក់ និង​អ្នក​រត់ចោល​ផ្ទះសម្បែង​ប្រមាណ​ជា ២លាន ៨សែននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ