អានតួអត្ថបទ

អាកាសធាតុ ៖ មូលនិធិ​បៃតង​​របស់អ.ស.ប.​ចែកចាយ​ជំនួយ​ដល់​ប្រទេសក្រីក្រ​ជាលើក​ដំបូង

បី​សប្តាហ៍​មុនការ​បើក​សន្និសីទ​អន្តរជាតិ​ ក្រុង​ប៉ារីស ស្តី​អំពីអាកាសធាតុ មូលនិធិ​បៃតង​របស់​អង្គការ​សហប្រជាជាតិ​ បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ ផ្តល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​ចំនួន​៨ សម្រាប់​ជួយ​ប្រទេសក្រីក្រ​កំពុង​អភិវឌ្ឍន៍​ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ពាក្យ​សន្យា​របស់​ក្រុមប្រទេស​អ្នកមាន​ផ្តល់​ថវិកា​ជួយ​ប្រទេស​អ្នកក្រ ជា​ផ្នែក​​មួយ​ដ៏​សំខាន់​នៃ​កិច្ចព្រមព្រៀង​​ដែល​សន្និសីទ​ក្រុង​ប៉ារីស ចង់​សម្រេច​ឱ្យ​បាន។

ដោយ​សារ​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី ម៉ាល់ឌីវ​ត្រូវ​ប្រឈ​ម​នឹង​ការ​ឡើង​កម្ពស់​ទឹក​សមុទ្ទ
ដោយ​សារ​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី ម៉ាល់ឌីវ​ត្រូវ​ប្រឈ​ម​នឹង​ការ​ឡើង​កម្ពស់​ទឹក​សមុទ្ទ wikimedia
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ ដែល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ (អ្នកមានឬ​ក្រុម​ប្រទេស​ខាង​ជើង) បាន​ព្រមព្រៀង​ បើក​ហិប​​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​បណ្តា​ប្រទេស​ក្រីក្រ​ (ប្រទេស​ខាង​ត្បូង) ដើម្បី​មាន​លទ្ធភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៃភព​ផែនដី​ផង និង​ដើម្បីប្រឈម​មុខ​នឹង​ផលវិបាក​បង្ក​ឡើង​ដោយ​អាកាសធាតុ​ (បាក់ច្រាំង​បាត់​ដី ភាព​រាំងស្ងួត ទឹកកក​រលាយ​ ...)ផង។

បង្កើត​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ កាលពី​ពីរ​ឆ្នាំ​មុន មូលនិធិ​បៃតង​ បាន​អនុម័ត​កញ្ចប់​ថវិកា​១៦៨លាន​ដុល្លារ​ សម្រាប់​គម្រោង​៨ មាន​ជាអាទិ៍​ការ​ដាក់​ដោយ​ដំណើរ​ការ​ប្រព័ន្ធ​​តាមដាន​និង​ប្រកាស​អាសន្ន​អាកាសធាតុ​នៅ​ម៉ាឡាវី អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ធន់ខ្លាំង​​នឹង​អាកាសធាតុនៅ​បង់ក្លាដែល គម្រោង​រក្សាធនធានទឹក​នៅ​ម៉ាល់ឌីវ និង​ហ្វ៊ីជី និង​ការ​បង្កើត​ទុន​សម្រាប់​អភិវឌ្ឍន៍​ថាមពលមិន​ចេះ​រីងស្ងួត​នៅ​អាមេរិក​ឡាទីន។ ប្រទេសដែល​បាន​ទទួល​ជំនួយ​ដំបូង​គេ​បង្អស់​ពី​គម្រោង​នេះ​ ​មាន​បី​ជាកម្មវិធី​នៅ​ទ្វីប​អាហ្វ្រិក (ម៉ាឡាវី សេណេហ្កាល់ អាហ្វ្រិក​ខាង​លិច) បី​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក (បង់ក្លាដែស ម៉ាល់ឌីវ ហ្វ៊ីជី) និងពីរ​ទៀត នៅ​អាមេរិកឡាទីន (ប៉េរ៉ូ និង​ទ្វីប​អាមេឡាទីន)។

 
នា​ឱកាស​សន្និសីទ​អន្តរជាតិ​ស្តីអំពី​អាកាសធាតុ​ ឆ្នាំ​២០០៩ នៅទីក្រុង​កូផែនហាកប្រទេស​ដាណឺម៉ាក ក្រុមប្រទេសអភិវឌ្ឍន៍​ បាន​សន្យា​ចាក់​បញ្ចូល​ជា​រៀង​រាល់​ឆ្នាំ​ ទឹកប្រាក់​ចំនួន ១០០​ពាន់​លាន​ដុល្លារ​ ទៅ​ក្នុង​មូលនិធិ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​កំពុង​​អភិវឌ្ឍន៍​ ឱ្យ​ពង្រឹង​នយោបាយ​​អាកាសធាតុ​​ រហូត​ដល់​ឆ្នាំ​២០២០ ​ ឆ្នាំ​ដែល​កិច្ចព្រមព្រៀង​ប៉ារីស​(ឆ្នាំ​២០១៥​នេះ)ត្រូវ​ចាប់​មាន​សុពលភាព។

កាតព្វកិច្ច​អ្នកមាន​ត្រូវ​ជួយ​អ្នក​ក្រ មាន​ចែង​ក្នុង​សន្ធិសញ្ញា​អង្កការ​សហប្រជាជាតិ តាំង​ពី​ឆ្នាំ​១៩៩២​មក​ម្ល៉េះ​ ដោយ​ប្រទេស​ចំនួន​១៩៥ ប៉ុន្តែ​ស្ថានភាព​ប្តូរ​ផ្លាស់ បច្ចុប្ប​​នេះ​ក្រុម​ប្រទេស​អ្នកមាន​យល់​ថា​ ប្រទេស​កំពុងអភិវឌ្ឍន៍​​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង ក៏​ត្រូវ​មានចំណែក​ធ្វើ​វិភាគ​ទានដែរ ចាប់​ពី​ឆ្នាំ​២០២០​ទៅ។

ហិរញ្ញវត្ថុ​អាកាសធាតុ ឬ​ហិរញ្ញវត្ថុ​បៃតង​នេះ គឺ​ចំណុច​គន្លឹះ​មួយ​នៃ​ការ​​ចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ នៅ​ទីក្រុង​ប៉ារីស។​ ដូច្នេះ​ការ​បែកចែក​គម្រោង​ហិរញ្ញវត្ថុ​ជាក់​ស្តែង​​ថ្ងៃ​នេះ ជា​ចំណាត់​ការ​ដ៏​ប្រពៃ​មួយ​សម្រាប់​ពង្រឹង​ទំនុក​ចិត្ត​រវាង​ប្រទេស​មាន​​និងអ្នកក្រ​កំពុង​អភិវឌ្ឍន៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ