ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
អាស៊ី

​វីរ៉ាធុ មេដឹកនាំ​សង្ឃ​ជ្រុលនិយមនៅ​ភូមា ​​មាន​មុខ​ក្នុង​កុនឯកសារ នៅ​មហោស្រព​កាន​

media ព្រះសង្ឃ​ជាតិនិយម​ភូមា វីរ៉ាធុ ដែល​ទេសនា​ឲ្យ​ប្រជាជន​ភូមា​ស្អប់​សហគមន៍​អ៊ីស្លាម

មហោស្រព​ភាពយន្ត​កាន ក្នុង​ប្រទេស​បារាំង ​​បាន​ឈាន​ចូល​ដល់​ថ្ងៃទី ៥ ​នៃ​ការប្រកួត​ប្រជែង​​​ស្វែង​រក​ខ្សែភាពយន្ត​ដែល​ល្អ​ដាច់គេ សម្រាប់​រង្វាន់​តាល់ប័ត្រ​មាស។ នៅក្នុង​​មហោស្រពកាន មាន​ខ្សែភាពយន្ត​១៩ ដែល​ត្រូវ​​ប្រកួតប្រជែង​គ្នា ដើម្បី​រង្វាន់​តាល់ប័ត្រ​មាស ប៉ុន្តែ ជាមួយគ្នានោះ​ផងដែរ មាន​ខ្សែភាពយន្ត​បរទេស​ប្រមាណ​៤០​ទៀត ដែល​ត្រូវ​បាន​គេជ្រើសរើស​សម្រាប់​ការចាក់​បញ្ចាំង​ពិសេស។​ សង្ឃរាជ វីរ៉ាធុ Le Vénérable Wirathu គឺជា​ខ្សែ​ភាពយន្ត​ឯកសារ​របស់​Barbet Schroeder​សមិទ្ធិករ​ស្វ៊ីស។ តើ​រឿង​សង្ឃរាជ​ វីរ៉ាធុ និយាយ​ពី​អ្វី យើង​ស្តាប់សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា ពី​ទីក្រុង​កាន ប្រទេស​បារាំង។

មុន​នឹង​ផលិត​កុន​ឯកសារ​ រឿង សង្ឃរាជ​វីរ៉ាធុ សមិទ្ធិករ​ស្វ៊ីស លោក Barbet Schroederធ្លាប់​ត្រូវ​បាន​គេ​ស្គាល់​សម្រាប់​ស្នាដៃ​ផលិត​កុន​ឯកសារ​​សំខាន់​ពីរ​កន្លងមក។ កុន​មួយ​និយាយ​ពី​មេដឹកនាំ​ផ្តាច់ការ របស់​អ៊ូហ្កង់ដា Idi Amin Dada និង​កុន​មួយទៀត​និយាយ​ពី​មេធាវី​របស់​ជនព្រៃផ្សៃ​ លោក​Jacque Verges ដែល​ធ្លាប់​បាន​ធ្វើ​ជា​មេធាវី​ការពារ​ក្តី ឲ្យ​អតីត​មេដឹកនាំ​ខៀវ សំផន​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ។ អំពើ​បាប​របស់​មនុស្ស​ គឺ​ជា​ប្រធានបទ​ដែល​​សមិទ្ធិករ​ស្វ៊ីស​ចង់​ស្វែងយល់​ឲ្យ​ជ្រៅ ទៅ​ឆ្ងាយ និង​បាន​សម្រេច​ចិត្ត​ថត​កុន​ឯកសារ​មួយទៀត ដែល​និយាយ​ពី​ព្រះសង្ឃ​ជាតិ​និយម​ជ្រុល​នៅ ប្រទេស​ភូមា គឺ​សង្ឃរាជ​ វីរ៉ាធុ។

 

សមិទ្ធិករ​Barbet Schroeder ដែល​​ជាពុទ្ធសាសនិក​មួួយរូប ចង់​ដឹងថា ព្រះពុទ្ធ​សាសនា​ ជា​សាសនា​ដែល​ណែនាំ​​ឲ្យ​មាន​ការអត់អោន អធ្យាស្រ័យ ​មាន​សន្តិភាព និង​ស្ងប់​សុខ​ ប៉ុន្តែ ហេតុអ្វី​បាន​ជា​​អំពើ​ហិង្សា​​អាច​កើត​មាន​ចេញ​ទៅកើត ពី​ក្រុមព្រះសង្ឃ​ដែល​ជា​អ្នក​គោរព អនុវត្ត​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​ទៅវិញ?

 
សង្ឃ វីរ៉ាធុ ត្រូវ​បាន​ទស្សនាវដ្តី​អង់គ្លេស Times នៅ ឆ្នាំ ២០១៣ ជ្រើសរើស​ថត​ដាក់​គំរប​មុខ ជាមួយ​នឹង​ចំណង​ជើងថា មុខ​ព្រះសង្ឃ​ភេរវជន​។ នៅ​ថ្ងៃ​សៅរ៍ នៅក្នុងការចាក់​បញ្ចាំង​ពិសេស​នៅ​មហោស្រព​កាន ខ្សែភាពយន្ត​​ឯកសារ របស់Barbet Schroeder បង្ហាញ​ឲ្យ​គេ​ស្គាល់​កាន់តែ​ច្បាស់​ ពី​មុខមាត់​ពិតប្រាកដ​របស់​សង្ឃ វីរ៉ាធុ។ ព្រះសង្ឃ វីរ៉ាធុ​មាន​ដើម​កំណើត នៅ​ជិតទីក្រុង​​Mandalay ក្រុង​ដែល​មាន​ព្រះសង្ឃ​ភូមា​ដល់ទៅ​៣សែននាក់​ក្នុង​ចំណោម​ប្រជាជន​សរុប​មួយលាននាក់។
 
តាមការពន្យល់​របស់​ព្រះសង្ឃ វីរ៉ាធុ ការរំលោភ និង​សម្លាប់​ក្មេងស្រី​ពុទ្ធសាសនិក​ម្នាក់ ដោយ​ក្រុមបុរស​អ៊ីស្លាម​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ចាប់ផ្តើម​ធ្វើ​ធម្មទេសនា​ ឲ្យ​ប្រជាជន​ឈប់​ទិញទំនិញ​របស់​ប្រជាជន​អ៊ីស្លាម។ ប៉ុន្តែ នៅក្នុង​កុន​ឯកសារ រាល់​ពេល​ទេសនា គេស្តាប់​លឺ​ព្រះសង្ឃ​វីរ៉ាធុ និយាយ​តែ​ចំណុច​អាក្រក់​របស់ប្រជាជន​អ៊ីស្លាម ដែល​ព្រះអង្គ​បាន​ចាត់ទុក​ដូចសាសន៍​មួយ ដ៏គ្រោះថ្នាក់ បំផ្លាញ​ព្រះពុទ្ធសាសនា​នៅ​ភូមា។ នៅ​ឆ្នាំ ២០០៣ ព្រះសង្ឃ​វីរ៉ាធុ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២៥​ឆ្នាំ​ពី​បទ​ញុះញង់​ឲ្យ​មាន​ការស្អប់ ហិង្សា​ដុត​ផ្ទះសម្បែង​របស់​ប្រជាជន​អ៊ីស្លាម។ នៅក្រោយ​ពេល​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព ព្រះសង្ឃ វីរ៉ាធុ ថ្លែងសារ​លាយ​កំហឹងថា ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្លាម​នៅ​ភូមា គ្មាន​កន្លែង​រស់នៅ។
 
សំដី​ធ្វើ​ឲ្យ​គេ​អាច​ទប់​កុំ​ឲ្យ​មានអំពើ​អាក្រក់​កើតឡើង។ បង្កើត​ក្តី​ស្រឡាញ់ ដោយ​គ្មាន​ព្រំដែន​ជាមួយ​អ្នកដទៃ។ នេះជា​ការទូន្មាន​របស់​ព្រះពុទ្ធ ប៉ុន្តែ នៅ​ភូមា ដែល​មាន​ប្រជាជន​ជាង​៩០ភាគរយ​គោរព​ជឿ​ពុទ្ធសាសនា ក្រុមព្រះសង្ឃ​ជាអ្នកចេញមុខ បង្កើត​ចលនា​ជាតិ​និយម ប្រព្រឹត្ត​អំពើ​ហិង្សា​រហូត​ធ្វើ​ឲ្យ​ក្រុមសាសន៍​មួយក្រុមទៀត គឺ​ប្រជាជន​រ៉ូហ៊ីងយ៉ា ត្រូវរស់នៅ​វេទនា ​ខ្ចាត់ខ្ចាយចេញ​ពី​ផ្ទះសម្បែង។ រូបភាព​ជាច្រើន​នៅ​ក្នុង​កុនឯកសារ បាន​បង្ហាញ​ពី​ កំហឹង​របស់​ពុទ្ធសាសនិក ដែល​ដុតផ្ទះ វិហារ ចំណែក​ព្រះសង្ឃ​មួយចំនួន​ត្រូវ​គេ​ឃើញ​ចូល​រួម វាយសំពង សម្លាប់​អ្នកភូមិ​អ៊ីស្លាម។ វីរ៉ាធុ​គ្រង​ស្បង់ជីពរ ប៉ុន្តែ ហាក់​បាន​ប្រាសចាក​ពី​ធម៌វិន័យ​របស់​ព្រះពុទ្ធ។ នៅ​ក្នុង​កុន​ឯកសារ ព្រះសង្ឃ​ភូមា​ពីរអង្គ​បាន​បញ្ជាក់ថា អ្វី​ដែល​សង្ឃ​វីរ៉ាធុ​បាន​ធ្វើ និង​សំដែង​ គ្មាន​ទាក់ទង​សូម្បី​បន្តិច​នឹង​ធម្មទេសនា​របស់​ព្រះពុទ្ធ។​​
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ