អានតួអត្ថបទ
ចិន-សមុទ្រ​ចិន​ខាងត្បូង

ចិន​នៅតែ​ធ្វើ​គ ថ្លង់​ នៅ​ក្នុង​ជម្លោះ នៅ​សមុទ្រ​ចិន​ខាងត្បូង

ទីក្រុង​ប៉េកាំង តាមរយៈ​អនុរដ្ឋមន្រ្តី​ការបរទេស កាលពី​ថ្ងៃ​អាទិត្យ ទី ២២ វិច្ចិកា បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​បញ្ឈប់​សកម្មភាព​សាងសង់​សំណង់កោះ​សិប្បនិម្មិត នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ។ ជាថ្មី​ម្តងទៀត នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២៧ ដែល​កំពុង​បើកធ្វើ​នៅ ប្រទេស​ម៉ាឡេស៊ី ប្រទេស​ចិន​បាន​រងការរិះគន់​ពី​លោកប្រធានាធិបតី​អាមេរិក និង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​សមាជិក​អាស៊ាន​ដែល​កំពុង​ឈ្លោះ ជាមួយ ចិន ក្នុង​ជម្លោះ​ដណ្តើម​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង។ 

នៅក្រោយ​ខ្នង​លោក​នាយករដ្ឋមន្រ្តី​ចិន លី ឃឺឈាំង ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា កណ្តាល និយាយ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ម៉ាឡេស៊ី ណាហ្ស៊ីប រ៉ាហ្ស៉ាក់ ថ្ងៃទី២២ វិច្ឆិកា ២០១៥
នៅក្រោយ​ខ្នង​លោក​នាយករដ្ឋមន្រ្តី​ចិន លី ឃឺឈាំង ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា កណ្តាល និយាយ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ម៉ាឡេស៊ី ណាហ្ស៊ីប រ៉ាហ្ស៉ាក់ ថ្ងៃទី២២ វិច្ឆិកា ២០១៥ ©REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ចិន មិន​បាន​ចាញ់​សម្លុត គំរាម​ពី​ខាងក្រៅ​នោះទេ។ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​គូឡាឡាំពួរ ជាទី​ដែល​ចិន ត្រូវ​រង​ការរិះគន់ និងការ​ដាក់​សម្ពាធ ដោយសារ​តែ​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ទីក្រុង​ប៉េកាំង​បាន​ចេញមុខ​បញ្ជាក់ជំហរ​របស់ខ្លួន សាជាថ្មី នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ដឹកនាំ​ដោយ​អនុរដ្ឋ​មន្រ្តី​ការបរទេស​ចិន លោក​លីវ ហ្សេនមីន។

 
តាមប្រសាសន៍​របស់​លោក​លីវ ហ្សេនមីន ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ​ប្រទេស​ចិន នឹង​បន្ត​សាងសង់​សំណង់​យោធា និង​ស៊ីវិល នៅ​លើ​ប្រជុំ​កោះ​សិប្បនិម្មិត​តទៅទៀត។ សម្រាប់​លោក​អនុរដ្ឋមន្រ្តី​ការបរទេស​ចិន ការសាងសង់ និង​រក្សា​ទីតាំង​យោធា​ចិន គឺ​ជា​អ្វី​ដែល​ទីក្រុង​ប៉េកាំង​ត្រូវតែ​ធ្វើ​ជា​ចាំបាច់ ដើម្បី បុព្វហេតុ​ការពារ​ជាតិ និង​ការពារ​កោះ និង​ប្រជុំ​ថ្មប៉ប្រះទឹក​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។

ការសាងសង់ និង​ពង្រីក​កែលម្អ​កន្លែង​រស់នៅ​លើ​ប្រជុំ​កោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​បាន​រដ្ឋាភិបាល​ចិន​បកស្រាយ​ពន្យល់​ថា គឺ​ធ្វើឡើង ដើម្បី​ចូលរួម​បម្រើ​សេវា ដល់​កប៉ាល់​ពាណិជ្ជកម្ម អ្នកនេសាទ និង​ប្រជាជន​ដែល​ជួប​គ្រោះ​ថ្នាក់ នៅក្នុង​សមុទ្រ។ លោក​លីវ ហ្សេនមីន បានបដិសេធ​រុញច្រាន​ចោល​ការចោទ​ប្រកាន់ ដែល​ថា ចិន​មាន​បំណង​បំពាក់​កងទ័ព​លើ​ប្រជុំកោះ សិប្បនិម្មិត ដែល​ចិន​កំពុង​សាងសង់ និង​ដែល​កំពុង​រង​ការរិះគន់ មិន​សប្បាយចិត្ត​ពី​អាមេរិក និង​ប្រទេស​សមាជិក​អាស៊ាន ដូចជា​ហ្វីលីពីន ម៉ាឡេស៊ី និង​វៀតណាម​ជាដើម។

កាលពី​ថ្ងៃ​សៅរ៍ លោក​ប្រធានាធិបតី​អាមេរិកបារ៉ាក់ អូបាម៉ា បាន​អំពាវនាវ​ឲ្យ​ចិន​​ឈប់​ទាមទារ សង់​កោះសិប្បនិម្មិត និង​បោះ​ទីតាំង​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ប្រធានាធិបតី​អាមេរិក​នៅបាន​បន្ថែមថា អាមេរិក​នឹង​នៅតែ​បន្ត​បញ្ជូន​នាវា​ចម្បាំង​របស់ខ្លួន ​ទៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជាផ្នែក​មួយ​នៃ​សិទ្ធិសេរីភាព​នាវាចរណ៍ ហើយ​និង​ស្របច្បាប់​អន្តរជាតិ។ នៅក្នុង​សន្និសីទ​កាសែត​កាលពីថ្ងៃ​អាទិត្យ អនុរដ្ឋមន្រ្តី​ការបរទេស​ចិន ចាត់ទុកការ​រំលោភ​ដែនទឹក​របស់​ចិន​ពី​សំណាក់​នាវាចម្បាំង​អាមេរិក ថា ជា​ការញុះញង់​ផ្នែក​នយោបាយ។ ចំណែក​នាយករដ្ឋមន្រ្តី​ចិន លី ឃឺឈាំង​វិញ នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ របស់​សមាគម​អាស៊ាន ដែល​មាន​លោក​ប្រធានាធិបតី​អាមេរិក​ចូលរួម​ដែរនោះ បាន​អំពាវនាវ​សុំ​ឲ្យ​ប្រទេស​នៅ​ក្រៅតំបន់ គួរឈប់​ផ្លុះភ្លើង បង្កើន​ភាពតានតឹង ក្នុង​ជម្លោះ​ដែនទឹក ត​ទៅ​ទៀត។

អាស៊ាន កាលពី​ថ្ងៃ​សៅរ៍​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ ដែល​ទាមទារ​ឲ្យ​គេ​ថែរក្សា​សេរីភាព​ធ្វើដំណើរ តាម​ផ្លូវទឹក និង​ការហោះហើរ​នៅលើ​សមុទ្រ​ចិនខាងត្បូង។ ទីក្រុង​វ៉ាស៊ីនតោន​ធ្លាប់​បាន​បញ្ជាក់ថា នាវាចរណ៍ នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​កន្លែង​ធ្វើ​ចរាចរណ៍​សំខាន់​សម្រាប់​កប៉ាល់​ជំនួញ នឹង​អាច​គំរាមកំហែង ដោយសារ​តែ​សកម្មភាព​ ដូចជា​ការសាងសង់​កោះសិប្បនិម្មិត​របស់​ចិន​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ