អានតួអត្ថបទ
អាមេរិក-សមុទ្រ​ចិន​ខាងត្បូង

អាមេរិក​សន្យា​ផ្តល់​លុយ​ទៅ​ឲ្យ​សម្ព័ន្ធមិត្ត​អាស៊ី ដែល​ជាប់​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

នៅក្នុង​ដំណើរទស្សនកិច្ច នៅលើ​នាវា​ចម្បាំង​ហ្វីលីពីន ក្នុង​ក្រុងម៉ានីល កាលពី​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បា​ប្រកាស​សន្យា​ផ្តល់​ទឹកប្រាក់​ប្រមាណ ២៥៩​លាន​ដុល្លារ សម្រាប់​ប្រទេស​សម្ព័ន្ធមិត្ត​អាស៊ី ដែល​បច្ចុប្បន្ន ជា​ភាគី​ជម្លោះ​ដណ្តើម​ដែនទឹក ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ សម្រាប់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ទឹកប្រាក់​ជំនួយ របស់​អាមេរិក នឹង​ត្រូវ​ប្រើ​ជា​ប្រយោជន៍​សម្រាប់​ពង្រឹង​សន្តិសុខ​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក នៅ​អាស៊ី។ 

ប្រធានាធិបតី​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​លើ​នាវា​ចម្បាំង​ហ្វីលីពីន​ក្នុង​ទីក្រុង​ម៉ានីល​នៅថ្ងៃទី ១៧​វិច្ឆិកា​២០១៥.
ប្រធានាធិបតី​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​លើ​នាវា​ចម្បាំង​ហ្វីលីពីន​ក្នុង​ទីក្រុង​ម៉ានីល​នៅថ្ងៃទី ១៧​វិច្ឆិកា​២០១៥. Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ហ្វីលីពីន ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា ត្រូវ​ទៅ​ចូលរួម​នៅក្នុង​វេទិកា​នៃសហប្រតិបត្តិការ​សេដ្ឋកិច្ច​សម្រាប់អាស៊ី ប៉ាស៊ីហ្វិក ឬ​ជំនួប​កំពូល​អាប៉ិច APEC ដែល​ត្រូវ​ចាប់​បើកទ្វារ នៅ​ថ្ងៃ​ពុធ​ទី ១៨​វិច្ឆិកា។

 
ប៉ុន្តែ លោក​ប្រធានាធិបតី​ដែល​បាន​ទៅ​ដល់​ហ្វីលីពីន មួយថ្ងៃ​មុន​ជំនួប អាប៉ិច​បាន​ឆ្លៀត​ទៅធ្វើ​ទស្សនកិច្ច​នៅ​លើ​នាវា​ចម្បាំង​ហ្វីលីពីន ដែល​នៅ​ទីនោះ លោក​ប្រកាស​ផ្តល់​ជំនួយ អាមេរិក​ប្រមាណ ២៥៩​លាន​ដុល្លារ សម្រាប់​ជួយ​គាំទ្រ ពង្រឹង​ផ្នែក​សន្តិសុខ​របស់​ប្រទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី វៀតណាម និង​ម៉ាឡេស៊ី។ ទឹកប្រាក់​ប្រមាណ ១១៩​លាន​ដុល្លារ នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យប្រទេស​ទាំងនោះ នៅក្នុង​ឆ្នាំនេះ ចំណែក ១៤០​លាន​ដុល្លារ ដែល​នៅ​សល់​នឹង​ត្រូវ​បញ្ជូន​ក្នុង​រយៈពេល ១២​ខែ​ទៅមុខ។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន។

ហ្វីលីពីន​ដែល​ជា​អតីត​ប្រទេស​ស្ថិតនៅក្រោម​អាណានិគម​របស់​អាមេរិក និង​ដែល​កំពុង​ប្រឈម​មុខ​ខ្លាំង​ជាងគេ​ជាមួយ​ចិន នឹង​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ច្រើន​ជាងគេ។ “អស់​រយៈពេល ៧០​ឆ្នាំ​មកហើយ អាមេរិក​បាន​ចូលរួម​ធានា​រក្សា​សន្តិសុខ​នៅក្នុង​តំបន់​អាស៊ី។ ទៅ​តាម​សន្ធិសញ្ញា អាមេរិក​មាន​កាតព្វកិច្ច​ការពារ​សម្ព័ន្ធមិត្ត​ហ្វីលីពីន ដែល​អាច​ពឹងពាក់​អាមេរិក​បាន​គ្រប់ពេល​វេលា” នេះ​ជាប្រសាសន៍​របស់​លោក​បារ៉ាក់ អូបាម៉ា។

សហរដ្ឋអាមេរិក និង​ប្រទេស​នៅ​អាស៊ី ដែល​កំពុង​ជាប់ជម្លោះ​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​រិះគន់ ការងារ​សាងសង់ កោះសិប្បនិម្មិត​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង។ សម្រាប់​អាមេរិក និង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ សកម្មភាព​របស់​ចិន​កំពុង​រំលោភ​ដែនទឹក​របស់​ប្រទេសជិតខាង និង​គំរាមកំហែង​ដល់​សេរីភាព​ក្នុង​ការធ្វើ​ចរាចរណ៍​ពាណិជ្ជកម្ម​ក្នុង​ដែន​ទឹក​អន្តរជាតិ។ ទីក្រុង​ប៉េកាំង​វិញ​បាន​រុញច្រាន​ចោល​ការចោទប្រកាន់​របស់​អាមេរិក និង​ហ្វីលីពីន និង​បាន​ការពារ​យុទ្ធសាស្រ្ត​របស់ខ្លួន ដែល​បើតាម​ចិន គឺ​នឹង​ជួយ​ធានា​រក្សា​លំនឹង​នយោបាយ​ការបរទេស​របស់​ខ្លួន ទៅ​អាស៊ី​ប៉ាស៊ីហ្វិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ