អានតួអត្ថបទ
អាល្លឺម៉ង់-តួកគី

តានតឹង​​ជាមួយ​​តួកគី​ ​អាល្លឺម៉ង់​​ចង់​ដក​​យន្តហោះ​​Tornados​ ចេញពី​ទឹកដី​​តួកគី​ ​

ថ្ងៃព្រហស្បតិ៍​នេះ កាសែត​​ឌែរ ស្ពេហ្គែល Der Spiegel អាល្លឺម៉ង់​បានចុះផ្សាយ​​ថា អាល្លឺម៉ង់​​កំពុង​ត្រៀម​ដកចេញ នូវ​​យន្តហោះ​ចាប់អត្តសញ្ញាណ Tornados ដែល​អាល្លឺម៉ង់​បាន​​បញ្ជូន​ទៅជួយ​​បេសកកម្ម​ប្រឆាំង​ក្រុម​ជីហាត​ រដ្ឋអ៊ីស្លាម​​។ មូលហេតុគឺ​ដោយសារ​តែ​ទំនាក់ទំនង​​រវាង​អាល្លឺម៉ង់​​និង​តួកគី​កាន់តែ​តានតឹង​ ខ្លាំង ក្រោយ​អាល្លឺម៉ង់​ទទួលស្គាល់​អំពើ​ប្រល័យពូជសាសន៍​​លើប្រជាជន​អាមេនី។

យន្តហោះ​Tornado របស់​កងទ័ព​អាល្លឺម៉ង់​
យន្តហោះ​Tornado របស់​កងទ័ព​អាល្លឺម៉ង់​ AFP PHOTO / DPA / PATRICK SEEGER
ផ្សាយពាណិជ្ជកម្ម

យោងតាម​​កាសែត​ Der Spiegel កងទ័ព​អាល្លឺម៉ង់​កំពុង​ត្រៀម​ដកយន្តហោះ​ចាប់​អត្តសញ្ញាណ​​​ Tornados និង​យន្តហោះ​ដឹកប្រេងផ្សេងៗ​ ដែល​កំពុង​ឈរជើង​ក្នុង​ទឹកដីតួកគី។ កងទ័ព​​ត្រៀម​​បញ្ជូន​យន្តហោះ​ទាំងនេះ​​ទៅ​​Chypre រឺ​ក៏ហ្ស៊កដានី​វិញ។ ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​មិនបានគូសបញ្ជាក់​ពី​ការ​ត្រៀម​ទាំងនេះ​ទេ។

គួររំលឹក​ថា កាលពី​ខែមករា ដើមឆ្នាំ ​ក្រុងប៊ែរឡាំង​បាន​បញ្ជូន​យន្តហោះ​ចាប់អត្តសញ្ញាណ​​ Tornados​១២គ្រឿង អោយ​ប្រតិបត្តិការ​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ក្នុង​ក្របខណ្ឌ​នៃ​ការប្រយុទ្ធ​​ប្រឆាំង​ក្រុមរដ្ឋអ៊ីស្លាម។ បេសកកម្ម​នេះ​ក៏ដើម្បី​សំដែង​ការគាំទ្រ​ដល់​ក្រុងប៉ារីស​​ ដែល​​​រង​ភេរវកម្ម​ធ្ងន់ធ្ងរ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៥​ដែរ។

​ទំនាក់ទំនង​រវាង​អាល្លឺម៉ង់​និង​តួកគី​ចាប់​ធ្លាក់​ដុនដាប​ខ្លាំង​ ចាប់​ពីខែមិថុនា​មក ​ក្រោយ​ពេល​សភា​អាល្លឺម៉ង់ ​បាន​អនុម័ត​សេចក្តីសម្រេច​មួយ ទទួលស្គាល់​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ប្រជាជន​អាមេនី។ ឆ្នាំ១៩១៥ ​ប្រជាជន​អាមេ​នី​ប្រមាណ​១លាននាក់​កន្លះ ​បាន​ស្លាប់​ ​ក្នុង​សម័យ​អាណាចក្រ​អូតូម៉ង់។ តួកគី​ខឹង​អាល្លឺម៉ង់​ខ្លាំងណាស់ ព្រោះ​មិនចង់​អោយ​ប្រើពាក្យ​ថា ទង្វើ​ប្រល័យ​ពូជសាសន៍​​​ដូច្នេះទេ។

ក្រៅពី​រឿងប្រជាជន​អាមេនី​ ​តួកគី​ក៏ខឹង​អាល្លឺម៉ង់​ដែរ​​ ដោយសារ​កាលពីខែកក្កដា អាល្លឺម៉់ង់​បាន​ហាមប្រាម​ប្រធានាធិបតី​​អ៊ែរដូហ្កាន​មិនអោយ​ថ្លែងសន្ទរកថា ​ជារូបភាព​​​វីដេអូ ក្នុង​ពេល​មាន​បាតុកម្ម​​ក្រុមគាំទ្រ​លោក​អ៊ែរដូហ្កាន ក្នុង​ទឹកដី​​អាល្លឺម៉ង់។ ​តួកគិ​និង​អាល្លឺម៉់ង​ក៏​មើលមុខ​គ្នា​មិនចំ​ផងដែរ ដោយសារ​​​ជម្លោះ​ជុំវិញ​ទិដ្ឋាការ​ធ្វើដំណើរ​របស់​ប្រជាជនតួកគី​នៅ​អឺរ៉ុប ​រឺ​ក៏កិច្ចព្រមព្រៀង​ស្តីពី​ជនភៀសខ្លួន​​ ដែល​តួកគី​សម្រេច​បាន​កន្លងមក ជាមួយ​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ