អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក កឹម សុខា ​ចេញពី​ទីស្នាក់​ការជាលើក​ដំបូងដើម្បី​ចុះឈ្មោះ​បោះឆ្នោត​​ បន្ទាប់​ពី​ឃុំ​ខ្លួន​ឯង​អស់​ជិត​៥ខែ!

នៅ​ព្រឹក​ថ្ងៃពុធ​នេះ លោក កឹម សុខា បាន​ចេញពី​ទីស្នាក់​ការ ជាលើក​ដំបូង​ បន្ទាប់​ពី​ឃុំ​ខ្លួន​ឯង​អស់​ជិត​​៥ខែ ដើម្បី​ទៅ​ចុះឈ្មោះ​បោះ​ឆ្នោត។ ក្រោយ​ពី​បំពេញ​លិខិត​ស្នាម​តាម​បែប​បទ​របស់​គ.ជ.ប.​ នៅ​ការិយាល័យ​មួយ​​ក្នុង​​សង្កាត់​ចាក់អង្កែលើ​រួច​​ លោក​ប្រធាន​ស្តីទី​បក្ស​សង្គ្រោះជាតិ បាន​​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​នៅ​ស្នាក់​ការ​កណ្តាល​របស់​ខ្លួន​ថា លោកបាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ហើយ​​​មាន​ឯកសារ​ត្រឹមត្រូវ​គ្រប់​គ្រាន់​ហើយ​សម្រាប់​ការ​បោះឆ្នោត​។ ជាមួយ​គ្នា​នេះ លោក កឹម សុខា ប្រាថ្នា​ចង់​ឃើញបរិយាកាស​នយោបាយ​វិលទៅ​រក​​ប្រក្រតី​ភាព​ ទាំង​មុន​និង​​ក្រោយ​ពេល​​បោះឆ្នោត។

លោក កឹម សុខា កំពុង​ឲ្យ​មន្ត្រីគ.ជ.ប. ពិនិត្យ​ឯកសារ​សម្រាប់ចុះឈ្មោះបោះឆ្នោត
លោក កឹម សុខា កំពុង​ឲ្យ​មន្ត្រីគ.ជ.ប. ពិនិត្យ​ឯកសារ​សម្រាប់ចុះឈ្មោះបោះឆ្នោត @Mich Dara
ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា បាន​ចេញទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ នៅ​សង្កាត់​ចាក់អង្រែលើ ក្នុង​ការិយា​ល័យ​ចុះឈ្មោះ​បោះឆ្នោត​​មួយ ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីស្នាក់​ការកណ្តាល​របស់​បក្ស​ និង​នៅ​ម្តុំ​ផ្សារ​ប៉េសេ។ ការិយាល័យ​មួយ​នោះ គឺ​ជាសាលា​បង្រៀន​តូច​មួយ។ បរិវេណ​ខាង​ក្រោម​ គឺ​ក្រាល​ដោយ​ទឹកលូ​ស្អុយ​និងទឹកភ្លៀង​ ដែល​គេបាន​ដាក់​បន្ទះ​ក្តារតូចៗ​ជាជួរៗ​ ​សម្រាប់ដើរ​​ឆ្លង​ចូលទៅ​ខាងក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត។

 
បន្ទាប់ពី​ចុះពី​ឡាន​ទំនើប​ ​​លោក កឹម សុខា ​ស្ថិត​ក្នុង​សម្លៀបំពាក់​​ តឺនុយ អាវ​ធំ ​និង​ស្បែក​ជើង​ប៊ូ បាន​ដើរមួយៗដោយ​មាន​អង្គរក្ស​ទប់​យ៉ាង​ប្រុង​ប្រយ័ត្ន​ ចូល​ទៅ​​ចុះ​ឈ្មោះ​ក្នុង​បញ្ចី​​បោះឆ្នោត​ បាន​សម្រេច និងបាន​​ត្រឡប់​ចូល​ទីស្នាក់​បក្ស​វិញ ដោយ​សុវត្ថិភាព​។

ថ្លែង​សន្ទរកថាខ្លី មិន​ដល់​៥នាទី​ស្រួល​បួល​ផង ប្រធាន​ស្តីទី​បក្សសង្គ្រោះជាតិ បាន​បញ្ជាក់ទៅ​អ្នក​គាំទ្រ​និងអ្នក​សារព័ត៌មាន​ថា លោក​ស្នាក់នៅ​ទី​ស្នាក់​ការជាង​៤ខែ​មកនេះ គឺដើម្បីជាការ​​តស៊ូមតិ ជាការ​ទាមទារនូវ​ដំណោះស្រាយ​នយោបាយ គឺ​អត់​ចង់​ឲ្យ​មាន​អំពើហិង្សានោះទេ។ លោក​សង្កត់​ធ្ងន់ថា ដំណោះស្រាយ​នយោបាយដែល​បក្ស​ប្រឆាំង​ចង់​បាន​ គឺ​ដោយ​អហិង្សា និង​សន្តិវិធី​។

ក្រៅពី​បញ្ជាក់​សាជាថ្មី​ពី​គោល​បំណង និង​គោល​ដៅ​​របស់​បក្ស​សង្គ្រោះជាតិ,​ លោក កឹម សុខា ប្រាថ្នា​ចង់​បាន ​បរិយាកាស​នយោបាយ​ ដែល​មាន​ភាព​ប្រក្រតី​ ទាំងមុនថ្ងៃបោះឆ្នោត នៅ​ថ្ងៃបោះឆ្នោត និង​ក្រោយ​នៅ​​ពេល​បោះឆ្នោត​។ បើ​តាម​អ្នក​នយោបាយ​រូបនេះ​ បើ​គ្មាន​បរិយាកាសនយោបាយ​​ល្អប្រក្រតី​ និង​ស្មើភាព​គ្នា​ទេ នោះលទ្ធផល​បោះឆ្នោត​ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពីឆន្ទៈពិត​ប្រាកដ​របស់​ប្រជា​​ពលរដ្ឋ​នោះឡើយ។ មុន​នឹង​បញ្ចប់​សន្ទរកថាខ្លីរបស់​ខ្លួន​ អនុប្រធាន​បក្ស​សង្គ្រោះ​ជា​តិ​ បង្ហាញ​ក្តីរំពឹង​​ថា គ្រប់​ភាគី​នយោបាយ ត្រូវ​អាចប្រកួត​ប្រជែង ដោយស្មើភាព សេរី​ ត្រឹមត្រូវ ​និង​ យុត្តិធម៌​ ហើយ​ពីថ្ងៃនេះទៅមុខ ​លោក កឹម សុខា​ សង្ឃឹម​ថា​បរិយាកាសនយោបាយ នឹង​ដើរ​ទៅ​រក​​ប្រក្រតីភាព​​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ