អានតួអត្ថបទ
កម្ពុជា

គណ​បក្ស​សង្គ្រោះជាតិ​សាទរ​សេចក្តី​សម្រេច​របស់​បក្ស​ប្រជាជន​

ភ្លាមៗ​ក្រោយ​ការបញ្ចប់​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​សាទរ​ចំពោះ​សេចក្តីសម្រេច​ត្រង់ចំណុច​ទី៥របស់​បក្ស​កាន់អំណាច។ សាទរ​ពីព្រោះ​គណបក្ស​ប្រជាជន​បានសម្រេច​ថា នឹង​ជំរុញ​ឲ្យ​មាន​ការ​គោរព​កិច្ចព្រមព្រៀង​ថ្ងៃ​ទី២២កក្កដា ជំរុញ​កំណែទម្រង់​បោះឆ្នោត និង​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ។

លោកហ៊ុន​ សែន​ និង​លោកសម រង្ស៊ី ​ជួប​គ្នា​នៅ​ក្នុង​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៨​ វិច្ឆិកា​ ឆ្នាំ២០១៤
លោកហ៊ុន​ សែន​ និង​លោកសម រង្ស៊ី ​ជួប​គ្នា​នៅ​ក្នុង​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៨​ វិច្ឆិកា​ ឆ្នាំ២០១៤ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​០២កុម្ភៈ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​សាទរ​ចំពោះ​សេចក្តីសម្រេច​ចំណុច​ទី៥នៃ​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា។ ចំណុច​ទី៥ដែល​គណបក្សកាន់អំណាច​បញ្ជាក់ថា​មហាសន្និបាត​ជំរុញ​យ៉ាងសកម្ម​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​ថ្ងៃទី២២កក្កដា​ឆ្នាំ ២០១៤ រវាង​គណបក្ស​ទាំងពីរ​ឲ្យ​សម្រេច​បាន​លទ្ធផល​គ្រប់​ជ្រុងជ្រោយ។

ក្នុង​ចំណុច​ទី៥នេះ​អង្គ​មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​បញ្ជាក់ដែរថា គាំទ្រ​កំណែទម្រង់​ការបោះឆ្នោត​ដើម្បី​ឲ្យ​ការបោះឆ្នោត​ជា​បន្តបន្ទាប់​ទៀត​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ និង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​តាមរយៈ​ការពង្រីក​វប្បធម៌​សន្ទនា។ គណបក្ស​កាន់អំណាច​ក៏បាន​អំពាវនាវ​ឲ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​មជ្ឈដ្ឋាន​នានា​ក្នុងសង្គម​ផ្តល់​កិច្ចសហការណ៍​និង​រួម​កម្លាំង​គ្នា​ដោះស្រាយ​បញ្ហា​របស់​ជាតិ និង​ចៀសវាង​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​និង​សកម្មភាព​ណា​ដែល​មិន​ផ្តល់​ប្រយោជន៍​ដល់​សាមគ្គីភាព និង​ស្ថិរភាព​សង្គម។

ក្រៅពី​សាទរ គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​គណបក្ស​ប្រជាជន​ផងដែរ។ គណបក្សប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​ថា ខ្លួន​គោរព​ទាំង​ពាក្យ​ពេចន៍ ទាំង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ថ្ងៃទី២២កក្កដា​ឆ្នាំ ២០១៤។ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ទៀតថា ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ខ្លួន​នឹង​ខិតខំ​លើក​កម្ពស់​វប្បធម៌​សន្ទនា​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី។ ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹមថា ការ​ចរចា​អំពី​កំណែទម្រង់​ការបោះឆ្នោត​នឹង​សម្រេចបាន​ជោគជ័យ​ដូច​អ្វីដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់បាន​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ។

សូមបញ្ជាក់ថា មហាសន្និបាត​តំណាង​ទូទាំងប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​បើក​ធ្វើ​រយៈពេល​បី​ថ្ងៃ​បាន​បិទ​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី០១កុម្ភៈ។ មហាសន្និបាត​នេះ​បាន​ជជែក​ពិភាក្សា​អំពី​កំណែទម្រង់​ស៊ីជម្រៅ​ជាច្រើន​ដោយ​ចាត់ទុកថា​កំណែទម្រង់​ទាំងនោះ​ថា ជា​អាយុជីវិត​របស់​បក្ស​កាន់អំណាច និង​អាយុជីវិត​ជាតិ​ទាំងមូល។

មហាសន្និបាត​នេះ​ក៏បាន​សម្រេច​ខ្លឹមសារសំខាន់៩ចំណុច​ក្នុងនោះ​មានការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ថ្មី​ជាង ៣០០ នាក់ ដែល​ភាគច្រើន​ជា​យុវជន​និង​មន្ត្រី​វ័យក្មេង។ ប៉ុន្តែ មានតែ​ចំណុច​ទី៥មួយ​ប៉ុណ្ណោះ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ដើម្បី​អបអរសាទរ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ