អានតួអត្ថបទ

បារាំង៖ បាតុកម្ម “អាវ​កាក់​ពណ៌លឿង” គំរាម​បិទ​ផ្លូវ​ទូទាំង​ប្រទេស ដើម្បី​តវ៉ា​នឹង​រដ្ឋាភិបាល

នៅប្រទេសបារាំង ចលនាបាតុកម្មរបស់មហាជន ដាក់ឈ្មោះថា “ចលនាអាវកាក់​ពណ៌លឿង” បានគំរាម ថានឹងធ្វើបាតុកម្មទូទាំងប្រទេស នៅថ្ងៃសៅរ៍ទី ១៧វិច្ឆិកា នេះ ដោយ​ចលនា​នេះអះអាងថា នឹងបិទផ្លូវធ្វើដំណើរចូលទីក្រុងធំៗ នៅទូទាំងប្រទេសបារាំង។ ចលនាបាតុកម្មតវ៉ានេះ គឺផ្ទុះឡើយ បន្ទាប់ពីប្រជាជនបារាំង បានកើតទុកមិនសុខចិត្ត ទៅនឹងការដំឡើងពន្ធលើប្រេងឥន្ធនៈ ដែលការនេះ បានញ៉ាំងឲ្យប្រេងឥន្ធនៈឡើងថ្លៃ។ បញ្ហានេះ​ គឺវាបានគួបផ្សំ ទៅនឹងការមិនពេញចិត្តជាទូទៅ ទៅលើគោលនយោបាយរបស់រដ្ឋាភិបាលលោកម៉ាក្រុង ដែលប្រជាជនបារាំងមួយចំនួន ចាត់ទុកថា ជានយោបាយធ្វើបាបតែអ្នកក្រ​។

ក្រុមបាតុករ​ អាវកាក់ពណ៌លឿង "gilets jaunes" នាំគ្នាជួបជុំ​នៅទីក្រុង​នីស ប្រឆាំង​​នឹង​​តម្លៃ​ប្រេងម៉ាស៊ូត​​ឡើង​ថ្លៃ​។ ថ្ងៃទី​១៥ វិច្ឆិកា​២០១៨
ក្រុមបាតុករ​ អាវកាក់ពណ៌លឿង "gilets jaunes" នាំគ្នាជួបជុំ​នៅទីក្រុង​នីស ប្រឆាំង​​នឹង​​តម្លៃ​ប្រេងម៉ាស៊ូត​​ឡើង​ថ្លៃ​។ ថ្ងៃទី​១៥ វិច្ឆិកា​២០១៨ VALERY HACHE / AFP
ផ្សាយពាណិជ្ជកម្ម

បើតាម ពាក្យចចាមអារាម​ នៅថ្ងៃសៅរ៍ ទី១៧វិច្ឆិកា ក្បួនបាតុកម្ម ឬការជួបប្រមូលផ្តុំគ្នាធ្វើសកម្មភាព អាចមានចំនួនប្រមាណជា​១៥០០​កន្លែង ផ្សេងៗគ្នា នៅទូទាំងប្រទេសបារាំង។ ប៉ុន្តែ ខាងនគរបាលបារាំង បានលើកឡើងថា​ មានការជួបជុំ តែជាង១០០ករណីប៉ុណ្ណោះ ដែល​បានប្រកាសសុំច្បាប់អនុញ្ញាត។ ប្រឈមមុខនឹងភាពមិនប្រាកដប្រជា ស្តីពីទំហំនៃចលនាបាតុកម្មនេះ សមត្ថកិច្ចបារាំង បានបន្ថែមការយាមល្បាត ដើម្បីចៀសវៀងការប៉ះអង្គិចគ្នា ឬក៏ការពុះកញ្ជ្រោល ឈានទៅបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ។

បើតាមការអះអាង របស់តំណាងចលនាបាតុកម្មនេះ គឺចលនា អាវកាក់ពណ៌លឿង និងនាំគ្នាទៅបិទផ្លូវច្រកចេញចូល តាមផ្លូវជាតិ និងផ្លូវល្បឿនលឿនជាច្រើនកន្លែង ជាពិសេស នៅតាមទីក្រុងធំៗ ដូចជានៅទីក្រុងប៉ារីសជាដើម។ ក្រៅពីនេះ ពួកគេអាចនឹងសម្រុក ទៅបិទផ្លូវច្រកចេញចូល ព្រលានយន្តហោះ និងស្ថាននីយ៍ស្តុកទុកប្រេងឥន្ធនៈជាដើម។ នៅទីក្រុងប៉ារីស និងមានក្បួនដង្ហែរ ចូលពីជាយក្រុង សំដៅទៅវិមានអេលីហ្ស៊េ។

ប្រឈមមុខនឹងការគំរាមធ្វើបាតុកម្ម រារាំងបិទឲ្យកកស្ទះទូទាំងប្រទេសនេះ លោក Edouard Philippe នាយករដ្ឋមន្ត្រីបារាំង បានឆ្លើយតបមកវិញថា ធ្វើបាតុកម្មវាជាសិទ្ធិមែនហើយ តែបើធ្វើឲ្យប្រទេសទាំងមូលរាំងស្ទះ ក៏រដ្ឋាភិបាល​មិនអាចទទួលយកបានដែរ។ លោកនាយករដ្ឋមន្ត្រី លើកឡើងថា អាជ្ញាធរនឹងនៅចាំការពារ ដើម្បីធានាឲ្យប្រជាជន អាចអនុវត្តសិទ្ធិធ្វើបាតុកម្មតាមសម្រួល ក៏ប៉ុន្តែ អាជ្ញាធរ ក៏ត្រូវតែការពារ​សិទ្ធិ​ធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅដែរ។

សូមបញ្ជាក់ថា ចលនាបាតុកម្មអាវកាក់ពណ៌លឿងនេះ គឺបានប្រមូលផ្តុំគ្នា យ៉ាងលឿនរហ័ស ក្នុងរយៈពេលប្រមាណតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី រដ្ឋាភិបាលបារាំង បានសម្រេចដំឡើងពន្ធលើប្រេងម៉ាស៊ុត។ ការនេះ បានធ្វើឲ្យ​តម្លៃប្រេងម៉ាស៊ូតឡើងថ្លៃ ហើយវាបានប៉ះពាល់យ៉ាងខ្លាំង ទៅលើជីវភាពរបស់ប្រជាជនបារាំង ដែលភាគច្រើន ប្រើប្រាស់រថយន្តប្រើប្រេងម៉ាស៊ូត។

ទំហំធំធេង នឹងដ៏លឿនរហ័ស នៃចលនាតវ៉ានេះ​ គឺជាផលវិបាក នៃទឹកចិត្ត កាន់តែមិនពេញចិត្តខ្លាំងឡើង របស់ប្រជាជនបារាំង ទៅនឹងរដ្ឋាភិបាល​លោកម៉ាក្រុង។ ក្នុងចំណោមបាតុករ ដែលភាគច្រើនសុទ្ធសឹងជាអ្នកមានជីវភាពក្រីក្រ គឺពួកគេយល់ថា រដ្ឋាភិបាលលោកម៉ាក្រុង បានដាក់បន្ទុកធ្វើបាបតែទៅលើអ្នកក្រ តាមរយៈការដំឡើងពន្ធ និងការកាត់បន្ថយអត្ថប្រយោជន៍សង្គមផ្សេងៗ។ ចលនាបាតុកម្មនេះ វាក៏ស្តែងឲ្យឃើញអំពីសតិអារម្មណ័របស់ប្រជាជនបារាំង ក្រីក្រ​ ជាកសិករ ឬពលករ នៅតាមតំបន់ជនបទ ដែលពួកគេ គិតថា ត្រូវរដ្ឋាភិបាល​បំភ្លេចចោល មិនយកភ្នែកមើល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ