អានតួអត្ថបទ
បារាំង-ប៉ូឡូញ

ប្រធានាធិបតី​បារាំង និង​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​ ផ្លោង​សំដី​ រិះគន់​គ្នា​ទៅវិញ​ទៅមក

លោក​ម៉ាក្រុង​ បាន​បំពេញ​ទស្សនៈកិច្ច​ រយៈពេល​៣ថ្ងៃ ​នៅ​តាម​ប្រទេស​អឺរ៉ុប​ខាង​កើត ​ដើម្បី​បញ្ចុះ​បញ្ចូល​ប្រទេស​ទាំង​នោះ ​ឲ្យ​យល់​ព្រម​ទទួល​យក ​ការ​ធ្វើ​កំណែ​ទម្រង់ថ្មី ​នៃ​ច្បាប់​សហភាព​អឺរ៉ុប ​ស្តីពី​ការ​គ្រប់គ្រង​កម្មករ-ពលករ​ ឆ្លង​ប្រទេស។ បន្ទាប់​ពី​បាន​ដឹង​ថា​ នាយករដ្ឋមន្ត្រី​ប៉ូឡូញ ​បាន​ប្រកែក​ដាច់​អហង្ការ​ មិន​ទទួល​យក​កំណែ​ទម្រង់​នេះ ​លោក​ម៉ាក្រុង​បាន​មាន​ប្រសាសន៍​ថា ​ប៉ូឡូញ ​កំពុង​តែ​ធ្វើ​រឿង​ខុស​ឆ្គង ​ហើយ​ដើរ​ចេញ​ឆ្ងាយ​ពី​សហភាព​អឺរ៉ុប។ សម្តី​នេះ​ បាន​ធ្វើ​ឲ្យ​នាយករដ្ឋ​មន្ត្រី​ប៉ូឡូញ​ រិះគន់​លោក​ ម៉ាក្រុង ​ប្រធានាធិបតី​បារាំង ​ថា​មាន​សម្តី​ឈ្លើយ ​និង​ក្អេងក្អាង។

លោក​ប្រធានាធិបតីបារាំង Emmanuel Macron ​នៅប្រទេសប៊ុលហ្ការី​ ថ្ងៃទី២៥ ​សីហា​ ២០១៧
លោក​ប្រធានាធិបតីបារាំង Emmanuel Macron ​នៅប្រទេសប៊ុលហ្ការី​ ថ្ងៃទី២៥ ​សីហា​ ២០១៧ REUTERS/Stoyan Nenov
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​បារាំង ​អេម៉ានុយអែល​ ម៉ាក្រុង ​បាន​រិះគន់​យ៉ាង​ចាស់ដៃ ​ទៅ​លើ​លោកស្រី ​ប៊ីតា ហ្ស៊ីដឡូ ​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​ថា ​ជា​ថ្មី​ម្តង​ទៀត​ ប៉ូឡូញ​ បាន​ធ្វើ​រឿង​ដែល​ពុំ​ត្រឹមត្រូវ​ ហើយ​កំពុង​តែ​ធ្វើ​ខ្លួន ​ឲ្យ​បែក​ឆ្ងាយ​ ចេញ​ពី​សហភាព​អឺរ៉ុប ​ក្នុង​សំណុំ​រឿង​ជាច្រើន។ លោក​ម៉ាក្រុង ​ក៏​បាន​ឆ្លៀត​បន្ថែម​ថា ​ការ​កសាង​សហភាព​អឺរ៉ុប​ គឺ​ឈរ​លើ​គោលការណ៍​នៃ​ការ​ស្រុះស្រួល ​រួម​កម្លាំង​គ្នា​តែមួយ​ ហើយ​គឺ​ឈរ​គោលការណ៍​នេះ​ហើយ ​ដែល​សហភាព​អឺរ៉ុប​ បាន​ប្រគល់​នូវ​កញ្ចប់​ថវិការ​ដល់​ប៉ូឡូញ។ បើ​សហភាព​អឺរ៉ុប​ នៅ​ជាប់​គាំង​មិន​ទៅមុខ ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មក​នេះ ​ ក៏​ដោយសារ​តែ​ចរិក​មិន​ចុះ​សម្រុង​នឹង​គេ ​របស់​ប្រទេស​សមាជិក​មួយ​ចំនួន ​ ដូចជា​ប៉ូឡូញ​នេះ​ឯង

សម្តី​រិះគន់​របស់​លោក​ម៉ាក្រុង​នេះ​​ បាន​ធ្វើ​ឲ្យ​លោកស្រី​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​ ចេញ​មុខ​មក​ប្រតិកម្ម​ភ្លាមៗ​ ដោយ​បាន​ចាត់​ទុកថា ​សម្តី​លោក​ម៉ាក្រុង ​ជា​សម្តី​ឈ្លើយ ​ក្អេងក្អាង។ លោកស្រី​នាយករដ្ឋមន្ត្រី​ប៉ូឡូញ ​បាន​ទាំង​បន្ថែម​ថា ​លោក​ម៉ាក្រុង​និយាយ​ក្អេងក្អាង​បែប​នេះ ​ បែប​ប្រហែល​ដោយសារ​តែ​លោក​ម៉ាក្រុង​ មាន​បទ​ពិសោធន៍​ក្មេង​ខ្ចី​ក្នុង​ការងារ

សូម​បញ្ជាក់​ថា ​លោក​ម៉ាក្រុង ​ប្រធានាធិបតី​បារាំង​ កំពុង​ធ្វើ​ប្រតិបត្តិការ​គៀងគរ​ការ​គាំទ្រ ​ដើម្បី​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​អឺរ៉ុប ​(Directive européenne) ស្តីពី​ការ​គ្រប់គ្រង​កម្មករ-​ពលករ​ឆ្លងប្រទេស (Travailleurs détachés)។​ ទីផ្សារ​ការងារ ​របស់​ប្រទេស​អឺរ៉ុប​ខាងលិច ​មាន​ជា​អាថទិ៍​បារាំង ​និង​អាល្លឺម៉ង់ ​ជាដើម​ កំពុងតែ​ជួប​បញ្ហា ​ដោយសារ​តែ​មាន​ក្រុមហ៊ុន​ជាច្រើន​ បាន​ជ្រើសរើស​កម្មករ​ និង​ពលករ ​ពី​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ យ៉ាង​ច្រើន​លើស​លុប ​ព្រោះតែ​តម្លៃ​ប្រាក់​ឈ្នួល​ថោក​ជាង។ បញ្ហា​នេះ ​ត្រូវ​បាន​គេ​ទាមទារ ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​សហភាព​អឺរ៉ុប​ ដែល​គ្រប់គ្រង​វិស័យ​នេះ ​ដើម្បី​ធ្វើ​ឲ្យ​វា​មាន​យុត្តិធម៌​ សមមាត្រ​គ្នា​រវាង​ថ្លៃ​ប្រាក់​ឈ្នួល​ និង​អត្រា​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​ នៅ​តាម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង​អស់។

គួរកត់​សំគាល់​ដែរ​ថា ​ ប៉ូឡូញ​គឺ​ជា​ប្រទេស ​ដែល​សំបូរ​កម្មករ-​និង​ពលករ​ របស់​ខ្លួន​ ទៅ​ធ្វើការ​នៅ​ប្រទេស​ផ្សេង ​សឹងតែ​ច្រើន​ជាង​គេ។ ឆ្លើយ​តប​ទៅនឹង​បំណង​ចង់​ធ្វើ​កំណែ​ទម្រង់​នេះ ​លោកស្រី​នាយករដ្ឋមន្ត្រី​ប៉ូឡូញ ​ បាន​និយាយ​ថា ​ទោះបី​ជា​គេ​បង្ខំ​យ៉ាងណា ​ក៏​ប៉ូឡូញ​មិន​ទទួល​យក ​ការ​ធ្វើ​កំណែទម្រង់​នេះ​ជា​ដាច់ខាត។ ប៉ូឡូញ ​មិន​អាច​ទទួល​យក​នូវ​កំណែទម្រង់ ​ដែល​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍ ​របស់​ពលករ ​និង​កម្មករ​ប៉ូឡូញ​ឡើយ។ ដោយឡែក​ លោក​ម៉ាក្រុង​បាន​លើក​ឡើង​ថា ​បើ​ទោះ​​បី​ជា​ប៉ូឡូញ ​មិន​ទទួល​យក ​ ​ក៏​បារាំង​មាន​សង្ឃឹម​ថា ​នឹង​ទទួល​បាន​សម្លេង​ភាគច្រើន​ ដើម្បី​អនុម័ត​ធ្វើ​កំណែ​ទម្រង់​ច្បាប់​សហភាព​អឺរ៉ុប​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ