អានតួអត្ថបទ
បែលហ្សិក

វិទ្យាស្ថានជា​តិបែលហ្សិក​ផ្នែក​​ស្រាវជ្រាវ​​បទ​​ឧក្រឹដ្ឋ​​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ឧក្រឹដ្ឋកម្ម​

វិទ្យាស្ថាន​ជាតិ​ផ្នែក​ស្រាវជ្រាវ​បទ​ឧក្រឹដ្ឋ​​នៅ​​ទីក្រុង​ព្រុចសែល​ប្រទេស​បែលហ្សិក​កាលពីយប់​​​ថ្ងៃ​អាទិត្យ​​ឆ្លង​មក​ព្រឹក​ព្រលឹម​​ថ្ងៃ​ចន្ទ​២៩​សីហា​នេះ បាន​ទទួល​រង​​ការ​​វាយប្រហារដោយ​​​​ការ​បំផ្ទុះ​គ្រាប់បែក​​ដែល​បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរសន្ធៅ​។ ​ពុំមាន​ជនណាម្នាក់​រង​របួស​ឡើយ​ដោយ​នៅ​ក្នុង​អគារ ពុំទាន់​មាន​ជន​ណា​ម្នាក់​មក​ដល់​នៅ​ឡើយ​ទេ ​​នាពេល​កើត​ហេតុ។ នេះ​ជា​ការ​ជូន​ដំណឹង​របស់​រដ្ឋអាជ្ញា​នៅ​ទីក្រុង​ប្រុចសែល​នៅ​ថ្ងៃ​ចន្ទ​នេះ។

វិទ្យាស្ថានជាតិបែលហ្សិក​ផ្នែក​ស្រាវជ្រាវ​បទ​ឧក្រឹដ្ឋ​នៅក្រុង​ប្រុចសែល​
វិទ្យាស្ថានជាតិបែលហ្សិក​ផ្នែក​ស្រាវជ្រាវ​បទ​ឧក្រឹដ្ឋ​នៅក្រុង​ប្រុចសែល​ Reuters
ផ្សាយពាណិជ្ជកម្ម

“ទំហំ​នៃ​ការ​ខូច​ខាត​មាន​លក្ខណៈ​ដ៏​​សម្បើម​ក្រៃលែង ”នេះ​ជា​ប្រសាសន៍​របស់​​លោក Pierre Meys អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រុម​អ្នក​ជួយ​លត់​អគ្កីភ័យ​បែលហ្ស៊ិក។ លោក បានសង្កត់​ពាក្យ​ទៀត​ថា “ការ​ផ្ទុះ​នោះ​មាន​លក្ខណៈ​ដ៏​សាហាវ​ខ្លាំង​”ពីព្រោះ​បង្អួច​នានា​នៅ​ទី​​​មន្ទីរ​ពិសោធន៍​របស់​វិទ្យាស្ថាន ត្រូវ​បាន​ដាច់​ដោច​​និង​ខ្ទាត​ផ្លោង​​រហូត​ដល់​រាប់​សិប​ម៉ែត្រ”។

 
រដ្ឋអាជ្ញា​បែលហ្ស៊ិក​វិញ បដិសេធ​ពុំ​និយាយ​ពី​ប្រភព​នៃ​ការ​ផ្ទុះ​នោះ​ទេ​ដោយ​គ្រាន់តែ​ថ្លែង​បញ្ជាក់​​យ៉ាង​សាមញ្ញ​ថា “ហេតុការណ៍​អគ្គីភ័យ​ដ៏​កាច​សាហាវ​កាលពី​យប់​មិញ គឺ​ជា​ប្រភព​ឧក្រឹដ្ឋ”។

ប៉ុន្តែ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​របស់​ប្រទេស​បែលហ្ស៊ិក​វិញ  ខ្លះ​ជូន​ដំណឹង​យ៉ាង​ច្បាស់ៗ​ថា ជា​ការ​វាយ​ប្រហារ​ដោយ​​បំផ្ទុះ​គ្រាប់បែក​នា​ពេល​យប់​នៅ​ពី​មុខ​មន្ទីរ​ពិសោធន៍​នានា​របស់​វិទ្យាស្ថាន​ជាតិ​បែលហ្ស៊ិក​ខាង​ផ្នែក​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម INCC នេះ​ជា​ការ​ផ្សាយ​របស់​វិទ្យុ Bel RTL។ វិទ្យុ RTL បាន​បន្ថែម​ទៀត​ថា “រថយន្ត​សម្រាប់​ធ្វើ​សកម្មភាព​ឧក្រឹដ្ឋ​មួយគ្រឿង​បាន​បើក​សម្រុក​ផ្លូវ​ចូល​នៃ​យាន្តដ្ឋាន​របស់​វិទ្យាស្ថាន​នៅ​វេលា​ម៉ោង​ប្រហែល​ជា​២កន្លះ​ព្រឹក​ដោយ​បាន​ឆ្លង​កាត់​របង​ចំនួន​៣​​  ហើយ​ជន​សង្ស័យ ម្នាក់​ឬ​ក៏​ច្រើន​នាក់ ​បាន​បំផ្ទុះគ្រាប់បែក​នៅ​ក្បែរ​មន្ទីរ​ពិសោធន៍ ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោរសន្ធៅ។

ចំណែក ក្រុម​អ្នក​លត់​អគ្គីភ័យ​ បាន​ប្រមែ​ប្រមូល​គ្នា​នៅ​វេលា​ម៉ោង​៣​ព្រឹក​មិញ​ ដើម្បី​ធ្វើការពន្លត់​អគ្គីភ័យ។

សូមបញ្ជាក់​ថា វិទ្យាស្ថាន​ផ្នែក​​វិទ្យាសាស្ត្រ​ខាង​បទ​ឧក្រឹដ្ឋ​នៅ​ទីក្រុង​ប្រុចសែល គឺ​ជា​ស្ថាប័ន​មួយ​​ដែល​ស្ថិត​នៅ​ក្នុង​រង្វង់​តុលាការ​សហព័ន្ធ​របស់​ប្រទេស​បែលហ្សិក។ ហើយ​នៅ​ក្នុង​ចំណោម​​ភារៈកិច្ច​នានា​ដែល​គេ​ប្រគល់​ឲ្យ​ដល់​​ស្ថាប័ន​នេះ មាន​ដូច​ជា៖ ការ​​កំណត់​អត្តសញ្ញាណ​និង​វិភាគ​ដាន​​​ជន​សង្ស័យ ព្រមទាំង​​ការ​ពិនិត្យ​ផង​ដែរ​នៅ​​លើ​ដំណើរការ​នៃ​ប្រព័ន្ធព្រហ្មទណ្ឌ។ ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ចំនួន​៥​នាក់ ត្រូវ​បាន​អាជ្ញាធរ​បែលហ្សិក​ចាប់​ខ្លួន​នៅ​ត្រង់ម្តុំ​កើត​ហេតុ​និង​កំពុង​តែ​ត្រូវ​បានអាជ្ញាធរ​បែលហ្ស៊ិក​ធ្វើការសាកសួរ​ចំឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ