អានតួអត្ថបទ

តើ​ពិធីការ​ផ្ទេរ​តំណែង​ប្រធានាធិបតី​ប្រព្រឹត្ត​ទៅយ៉ាង​ដូចម្តេច​ខ្លះ ?

បារាំង​មាន​ប្រធានាធិបតី​ថ្មី​ជា​ផ្លូវការ​ហើយ ! នៅ​ថ្ងៃ​អាទិត្យ​ទី ១៤ ឧសភា ២០១៧​នេះ លោក ហ្វ្រង់ស័រ​ ហូឡង់ ប្រធានាធិបតី​​ផុត​អាណត្តិ​ ត្រូវ​ប្រគល់​អំណាច​ដឹកនាំ​ប្រទេស​ទៅ​ជូន​លោក អេម៉ានុយអែល​ ម៉ាក្រុង។ កម្មវិធី​ផ្ទេរ​តំណែង ពី​ប្រធានាធិបតី​ចាស់ ឱ្យទៅ​ប្រធានាធិបតីថ្មី​ ដែល​ជា​ប្រពៃណី​នៃ​របប​សាធារណរដ្ឋ​ បាន​ចាប់​ផ្តើម​នៅ​ម៉ោង​ ១០​ព្រឹក ម៉ោង​នៅ​ប្រទេស​បារាំង ពោល​គឺ​ក្រោយ​ការ​ជាប់​ឆ្នោត​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

លោក ម៉ាក្រុង ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ឆ្ពោះ​ចូល​វិមាន​ប្រធានាធិបតី ដើម្បី​ទទួល​តំណែង​ជា​ផ្លុវការ
លោក ម៉ាក្រុង ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ឆ្ពោះ​ចូល​វិមាន​ប្រធានាធិបតី ដើម្បី​ទទួល​តំណែង​ជា​ផ្លុវការ RFI/Pierre René-Worms
ផ្សាយពាណិជ្ជកម្ម

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង​ថ្មី ចង់​បាន​កម្មវិធី​ផ្ទេរ​តំណែង​ដែល​​សាមញ្ញបំផុត នៅ​វេលា​ម៉ោង​១០​ព្រឹក លោក អេម៉ានុយអែល ម៉ាក្រុង បាន​អញ្ជើញ​មក​ដល់​វិមាន​ប្រធានាធិបតី ក្រោយការ​​​ទទួល​ស្វាគមន៍​ពី​លោក​ហ្វ្រង់ស័រ​ហូឡង់ ប្រធានាធិបតី​ផុត​អាណត្តិ។​ ចាប់​ដៃ​គ្នា​យ៉ាង​រលាក់ ប្រធានាធិបតី​ទាំង​ពីរ ក៏​ចូល​ទៅ​ពិភាក្សា​គ្នា​ក្នុង​ការិយាល័យ​ធ្វើ​ការ រយៈ​ពេល​ប្រមាណ​១​ម៉ោង ដើម្បី​ផ្តល់កិច្ចការ​សម្ងាត់​ជាតិ មាន​ជាអាទិ៍​លេខ​កូដ​សម្រាប់​ចុច​បញ្ជាអាវុធ​នុយក្លេអ៊ែរ ក្នុង​ករណី​ត្រូវ​ធ្វើ​ការ​វាយប្រហារ។ បន្ទាប់​ទើប​មាន​ការ​បាញ់​កាំភ្លើង​ធំ ២១​ គ្រាប់​ជា​កិច្ច​អបអរ​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ថ្មី។

ក្រោយ​ពី​បាន​ថ្លែង​សុន្ទរកថាខ្លី​​ជា​ផ្លូវការ នៅ​ពេល​បាន​ទទួល​ខ្សែក​កិត្តិយស​ជា​ប្រធានាធិបតី​ហើយ ដល់​វេលា​ដែល​ប្រធានាធិបតី​ថ្មី​ត្រូវ​ចេញ​ស្វាគមន៍ពលរដ្ឋ និង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​យោធា​ពលី នៅ​Arc de Triomphe និង​ទៅ​​គោរព​ឧទ្ទិស​ដល់​វីរបុរស​ឬ​ឥស្សរជន​​ល្បីល្បាញ​របស់​ជាតិ ទៅ​តាម​ជម្រើស​របស់​ប្រធានាធិបតី​នីមួយៗ ព្រោះ​ថា​​​ពិធី​ការនេះ ជា​ពេលវេលា​ដែល​​ប្រធានាធិបតីថ្មី​​ចង់​បង្ហាញអំពី​ស្ទីល​ដឹកនាំ​របស់​ខ្លួន។

កាលពីឆ្នាំ​១៩៧៤ ប្រធានាធិបតី​ថ្មី លោក បាន​បង្ហាញ​ស្ទីល​ថ្មី​ ចុះ​ដើរ​ តាម​ដង​រុក្ខវិថីហ្សង់ហ្សេលីហ្សេ ដោយ​ថ្មើរជើង ក្នុង​សម្លៀកបំពាក់​ធម្មតា​​ ខុស​ពី​ទម្លាប់​ប្រពៃណី ដែល​ប្រធានាធិបី​ត្រូវ​ជិះឡាន​បើក​ដំបូល​ ចេញ​ស្វាគមន៍​ពលរដ្ឋ​និង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​យោធា​ពលី​នៅ​Arc de Triomphe។

ក្នុង​សម័យ​លោក​នីកូឡា​ សាកូហ្ស៊ី លោក​បាន​ចុះ​ពីរថយន្ត​មួយ​ភ្លែត​ទៅ​ចាប់​ដៃ​ពលរដ្ឋ។ ឯ​ចំពោះ​លោក ហ្វ្រង់ស័រ​ ហូឡង់ វិញ ដំណើរ​ស្វាគមន៍​ក្នុង​ថ្ងៃ​ឡើង​កាន់​អំណាច​សម្គាល់​ដោយ​មេឃ​ភ្លៀង​ ទទឹក​ខ្លួន​ជោគ។

​ប្រធានាធិបតី​មុនៗ មាន​ចំណុច​រួម​ដូច​គ្នា​មួយ ​គឺសុទ្ធ​តែ​មានបទ​ពិសោធន៍​នយោបាយ​រាប់​សិប​ឆ្នាំ​មុន​នឹង​បាន​កាន់​តំណែង​កំពូល​ជាតិ តែ​លោក​អេម៉ានុយអែល​ ម៉ាក្រុង វ័យ​ក្មេង​៣៩​ឆ្នាំ​ បាន​ឆ្លងកាត់​ជីវិត​នយោបាយ​ប្រមាណ​ត្រឹម​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ។ តើ​លោក​ នឹង​បង្ហាញ​ភាព​ខុស​ប្លែក​ពី​ប្រធានាធិបតី​មុនៗ​យ៉ាងណា ? អ្វីៗ​ស្ថិត​ក្នុង​ភាព​អាថកំបាំង​នៅឡើយ ! ការ​ណ៍​ដែល​ច្បាស់ គឺ​លោក ម៉ាក្រុង បាន​​​បង្ហាញ​ខ្លួន​ ស្វាគមន៍​ពលរដ្ឋ​តាម​ដង​វិថី​ស្ហង់ហ្សេលីហ្សេ  ដោយ​ជិះរថយន្តយោធា​ និង​បាន​ចុះ​ដើរ​បន្តិច​ពេល​ជិត​ដល់​វិមាន​Arc de Triomphe  ក្រោម​ដំណក់​ទឹក​ភ្លៀង​ដូច​សម័យ​លោក​ហូឡង់​ដែរ និង​បាន​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​យុទ្ធជន​របួស​កំពុង​ព្យាបាល​នៅក្នុងមន្ទីរ​ពេទ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ