អានតួអត្ថបទ
អង់គ្លេស

នាយករដ្ឋមន្រ្តីអង់គ្លេស៖ ការចរចា​ស្តីពី​Brexit​​​​កំពុង​ជាប់គាំង គ្មានច្រកចេញ

ប្រមុខរដ្ឋាភិបាល​អង់គ្លេស លោកស្រី​តេរ៉េហ្សា មេ នៅថ្ងៃ​សុក្រ​ម្សិលមិញ​បាន​សំដែង​ការខកចិត្ត និង​ចោទ​ប្រកាន់​ថ្នាក់ដឹកនាំ​របស់​សហភាពអឺរ៉ុប​ថា ខ្វះ​ការគោរព​ដល់​អង់គ្លេស ដែល​ជា​ភាគី​ចរចា។ នៅថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​ជំនួបកំពូល​​បិទទ្វារ​ដោយ​វត្តមាន​របស់​នាយករដ្ឋមន្រ្តី​អង់គ្លេស នៅ​ប្រទេស​អូទ្រីស មេដឹកនាំ​ប្រទេស​អឺរ៉ុប ទាំង​២៧ បាន​បដិសេធ​ទាត់ចោល​សំណើ​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស ទាក់ទង​នឹង​ព្រំដែន​ខេត្ត​អៀរឡង់ ដែល​ជា​ចំណុច​ជាប់គាំង​ក្នុង​ការចរចា​រវាង​ភាគី​អឺរ៉ុប ហើយ​និង​អង់គ្លេស​ដែល​តាម​គម្រោង​នឹង​ដើរចេ​ញពី​សហភាពអឺរ៉ុប នៅ​ចុងខែ​មីនា ឆ្នាំក្រោយ។  

នាយករដ្ឋមន្រ្តី​អង់គ្លេស លោកស្រី​តេរ៉េហ្សា មេ​និយាយចោទប្រកាន់សហភាពអឺរ៉ុប​ថា គ្មានការគោរព​ដល់​អង់គ្លេស ដែល​ជាភាគីចរចា​Brexitនៅថ្ងៃទី ២១​កញ្ញា ២០១៨
នាយករដ្ឋមន្រ្តី​អង់គ្លេស លោកស្រី​តេរ៉េហ្សា មេ​និយាយចោទប្រកាន់សហភាពអឺរ៉ុប​ថា គ្មានការគោរព​ដល់​អង់គ្លេស ដែល​ជាភាគីចរចា​Brexitនៅថ្ងៃទី ២១​កញ្ញា ២០១៨ ©Jack Taylor/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍ លោកស្រី​នាយករដ្ឋមន្រ្តីអង់គ្លេស តេរ៉េហ្សា មេ​បាន​វាយប្រហារ​ខ្លាំងៗ​សហភាពអឺរ៉ុប បន្ទាប់ពី​សហភាពអឺរ៉ុប​បាន​សម្រេច​ជាឯកច្ឆន្ទ ទាត់ចោល​សំណើ​របស់អង់គ្លេស​ នៅក្នុង​ជំនួបកំពូល​របស់​មេដឹកនាំ​អឺរ៉ុប​ នៅប្រទេស​អូទ្រីស កាលពីថ្ងៃ​ព្រហស្បតិ៍។​ លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេសនៅ​បានអះអាងថា គេមិន​អាច​ទទួល​យកបាន​ទេ ដែល​ភាគី​ចរចា​មួយ​ទាត់ចោល​សំណើ​របស់​ភាគី​ម្ខាងទៀត ដោយ​គ្មានទាំង​បាន​ពន្យល់មួយម៉ាត់ ឬ ក៏​ដាក់​សំណើ​មួយមកវិញនោះ។ សម្រាប់​លោកស្រី​មេ សហភាពអឺរ៉ុប​​ជា​អ្នកទទួលខុសត្រូវ​ ធ្វើ​ឲ្យ​ការចរចា​ស្តីពីការ​ដើរចេញ​របស់អង់គ្លេស​ពី​សហភាពអឺរ៉ុប​ ធ្លាក់​ក្នុង​ស្ថានភាព​ទ័លច្រក​។

នៅក្នុង​ទឹកមុខ​មាំ និង​សំដី​ម៉ឺងម៉ាត់ លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​បញ្ជាក់​ទៅ​សហភាព​អឺរ៉ុប​ផងដែរ​ថា លោកស្រីនឹង​មិន​ដោះ រុះរើ​ប្រទេស​អង់គ្លេស ហើយ​ក៏​មិន​ព្រម​រៀបចំ​សាជាថ្មី ការបោះឆ្នោត​ប្រជាមតិ ស្តីពី​Brexit ​នោះដែរ។ ប្រមុខរដ្ឋាភិបាល​អង់គ្លេស​​ប្រកាស​យ៉ាងដូច្នេះ គឺ​នៅក្រោយ ថ្នាក់ដឹកនាំ​អឺរ៉ុប​មួយចំនួន​ បាន​សំដែងការរិះគន់​ការបោះឆ្នោត​ប្រជាមតិ ដែល​បាន​សម្រេច​ឲ្យ​អង់គ្លេស​ដើរចេញពី​សហភាពអឺរ៉ុប។ សម្រាប់​ប្រធានាធិបតី​បារាំង អ្នកដែល​និយាយ​ថា អង់គ្លេស​នឹង​អាច​រស់បាន​ដោយគ្មានអឺរ៉ុប ឬ​អង់គ្លេស នឹង​ចំណេញបាន​ច្រើន បើសិន​ដើរ​ចេញពីសហភាពអឺរ៉ុប គឺសុទ្ធតែ​ជាអ្នកនិយាយ​ភូត​កុហក។

នៅពេល​ដែល សហភាពអឺរ៉ុប​ទាត់ចោល​សំណើ​របស់​លោកស្រី​យ៉ាងដូច្នេះ លោកស្រី​មេ ត្រូវចុះខ្សោយ និង​ត្រូវ​​ប្រឈម​មួយ​កម្រិត​ទៀត ទៅ​នឹងការដាក់​សម្ពាធក្នុង​ប្រទេស ជាពិសេស​ពីគណបក្ស​អភិរក្ស​របស់លោកស្រីផ្ទាល់ ដែល​ត្រូវ​បើកសមាជ​នៅ​ចុង​ខែ​កញ្ញា​នេះ។​

សម្រាប់​ប្រធាន​គណៈកម្មការ​អឺរ៉ុប សហភាពអឺរ៉ុប​មិន​ប្រឆាំង ធ្វើសង្រ្គាម​ជាមួយ​អង់គ្លេស​នោះទេ ប៉ុន្តែ សហភាពអឺរ៉ុប​មិនអាច​ទទួលយកបានដោយ ដោយសារ​​សំណើ​របស់អង់គ្លេស​មានន័យ​មើលងាយ​បូរណភាព​ទីផ្សារ​រួម​របស់​សហភាពអឺរ៉ុប។ ហើយ​និង​សេរីភាព​នៃចរាចរណ៍​ទាំងបួន​របស់​អឺរ៉ុប (ទ្រព្យសម្បត្តិ សេវា មនុស្ស ហើយនិង​ទុន)។

ពីពេលនេះ​រហូត​ដល់​ពាក់កណ្តាល​ខែ​តុលា ដែលជំនួបកំពូល​អឺរ៉ុប​ត្រូវ​បើកធ្វើ​ម្តងទៀត លោកស្រី​នាយករដ្ឋមន្រ្តី​មេ បាន​សន្យា​​​នឹង​ធ្វើ​​សំណើ​ថ្មី​ដើម្បី​បំបែក​ភាពទ័លច្រក ជាពិសេស​លក្ខន្តិកៈ​របស់​ខេត្ត​អៀរឡង់​ខាងជើង​របស់អង់គ្លេស​ជាមួយ​ប្រទេស​អៀរឡង់​ដែល​ជាសមាជិក​របស់​សហភាពអឺរ៉ុប។ លោកស្រី​មេ​បាន​សន្យា​ការពារ​ដែន​អធិបតេយ្យភាព​របស់អង់គ្លេស និង​បាន​ព្រមាន​ថា អង់គ្លេស​សុខចិត្ត​គ្មាន​កិច្ចព្រមព្រៀង​ជាជាង​បាន​កិច្ចព្រមព្រៀង​ដែល​អាក្រក់​សម្រាប់អង់គ្លេស។ សេណារីយ៉ូដែល​ថា​អង់គ្លេស​នឹង​ដើរចេញពី​សហភាព​អឺរ៉ុប បើទោះ​ជាគ្មាន​សម្រេច​បាន​កិច្ចព្រមព្រៀង​​ ​គឺ​ជា​សុបិន្ត​ដ៏អាក្រក់ និង​​បានធ្វើ​ឲ្យ​តម្លៃ​លុយ​Livre​របស់​អង់គ្លេស​ធ្លាក់​ចុះ​មួយកម្រិត​បន្ថែមទៀត កាលពី​ថ្ងៃសុក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ