អានតួអត្ថបទ
កម្ពុជា

លោក​ ឈូក​ រិន​សុំ​ឲ្យ​តុលាការ​ដោះលែង​លោក​ ខៀវ សំផន​

អតីត​មេ​បញ្ជាការ​ខ្មែរ​ក្រហម​តំបន់​ភ្នំ​វល្លិ៍ ក្នុង​ខេត្ត​កំពត លោក ឈូក រិន ដែល​គេ​ស្ទើរ​តែ​ភ្លេច​ឈ្មោះ​ទៅ​ហើយ​នោះ​ត្រូវបាន​គេ​កោះហៅ​ឲ្យ​មក​ធ្វើ​ជា​សក្សី​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ចំពោះ​តុលាការ​ខ្មែរក្រហម។​អតីតមេបញ្ជាកា​រខ្មែរក្រហម​ដែលបាន​ជាប់ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​មក​ហើយ ពី​បទ​សម្លាប់​ជន​បរទេស​៣​នាក់​ក្នុង​ខេត្ត​កំពត​កាលពី​ឆ្នាំ​ ១៩៩៤ មិន​បាន​​និយាយ​អ្វី​ច្រើន​ទេ​ដោយ​សំអាង​ថា​ខ្លួន​មាន​បញ្ហា​សុខភាព។ ប៉ុន្តែ គាត់​បែរ​ជា​ទទូច​ឲ្យ​តុលាការ​ដោះ​លែង​​លោក ខៀវ សំផន ហើយ​ពន្លឿន​ការ​កាត់ទោស​លោក នួន ជា ទៅ​វិញ។

ផ្សាយពាណិជ្ជកម្ម

 

នៅពេលឡើងធ្វើសក្ខីកម្មនៅព្រឹកមិញ អតីមេបញ្ជាការ​​ជាន់ខ្ពស់កងទ័ពខ្មែរក្រហ​​ប្រចាំនៅតំបន់ភ្នំវល្លិ៍លោកឈូករិនបានស្នើឲ្យសាលាក្តីដោះលែងលោក ខៀវសំផនអតីតប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យដែល​ជាជនជាប់​ចោទ​សំខាន់​ម្នាក់​ក្នុង​សំណុំរឿង​០០២ ។ ផ្ទុយទៅវិញ សាក្សីរូប​​នេះបែរជាទទូចឲ្យសាលាក្តីខ្មែរក្រហម​ពន្លឿនដំណើរ​​​ការកាត់​ក្តី​លោក នួន ជា បង​ធំ​ទី២​ក្នុង​របប​ខ្មែរក្រហម​ឲ្យ​បាន​ឆាប់​ទៅ​វិញ។

លោកឈូករិនត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពីបទសម្លាប់ជនបរទេស៣នាក់កាលពីឆ្នាំ១៩៩៤នៅភ្នំវល្លិ៍ ក្នុង​ខេត្ត​កំពត។ រហូត​មក​ដល់​ពេល​នេះ អតីត​មេបញ្ជាការ​ខ្មែរក្រហម​រូបនេះ​បានជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង១០​ឆ្នាំមកហើយនៅពន្ធនាគារព្រៃស​។  លោកត្រូវបានតុលាការកោះហៅឲ្យចូលទៅផ្តល់សក្ខីកម្មក្នុងសំណុំរឿង ០០២ ។សាក្សីរូបនេះអះអាងថាខៀវសំផន មិនមែនជាមេដឹកនាំកុម្មុយនិស្តដែលបានដឹកនាំប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩នោះ​ទេ។

លោក ឈូករិន បានព្យាយាម​​បដិសេធម្តងហើយម្តងទៀតមិនព្រមឆ្លើយ​​តបទៅនិង​សំណួរគ្រប់​យ៉ាងដែលសហព្រះរាជអាជ្ញាបានចោទសួរនោះ​​​ឡើយ ដោយ​អះអាង​ថា ខ្លួន​​មាន​ជំងឺ​ឈឺ​កនិងឈឺក្បាលមិនអាចឆ្លើយសំណួរ​​បាន​​ ជា​​លក្ខខ័ណ្ឌដើម្បីឆ្លើយទៅនឹងសំណួរឲ្យបានពេញ​លេញឈូករិនបាន​​ទទូច​​ឲ្យសាលាក្តីជួយ​​ផ្តល់សេវាព្យាបាល​ជំងឺឲ្យ​រូប​គាត់

ទោះបីជាលោកចៅក្រមនិលណុនប្រធានអង្គជុំមុំជម្រះតម្រូវឲ្យឆ្លើយសំណួររបស់សហព្រះរាជអាជ្ញាយ៉ាងណាក៏ដោយក៏លោកឈូករិនក៏នៅតែបន្តបដិសេធរហូតដល់តុលាការ​​ប្រកាសផ្អាកសវនាការមួយរយៈដើម្បី​​ឲ្យគ្រូពេទ្យពិនិត្យសុខភាព​ជូន​គាត់ទៅ​តាម​សំណូមពរ។

ក្រោយពីពិនិត្យសុខភាព​រួច​​ បើទោះបីជាគ្រូពេទ្យបានបញ្ជាក់ថាឈូករិន អាច​​​ឆ្លើយតបនឹង​សំណួរផ្សេង​​បាន​ក៏ដោយក៏​​នៅពេលចូលសវនាការវិញ សាក្សីរូបនេះយល់ព្រម​ឆ្លើយ​តែសំណួរមួយចំនួន​របស់សហព្រះរាជអាជ្ញា​តែ​ប៉ុណ្ណោះ។ ការ​ផ្តល់​ចម្លើយ​នេះ​ទៀត​សោត ក៏​ត្រូវ​បាន​ធ្វើ​ឡើងដោយសោះអង្គើយ​យ៉ាង​ខ្លាំង។ យ៉ាងណាក៏ដោយ តុលាការ​នៅ​តែ​បន្ត​ចោទ​សួរ​សាក្សី​រូប​នេះ​ពេញ​មួយ​ថ្ងៃនិង​គ្រោង​បញ្ចប់​ការ​សាកសួរ​នេះ​នៅ​ថ្ងៃ​ស្អែក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ