អានតួអត្ថបទ
ជប៉ុន-ចិន-កូរ៉េ​ខាង​ត្បូង

បញ្ហា​ជម្លោះ​ដណ្តើមកោះ​ជាមួយ​ប្រទេស​ជិតខាង​ត្រូវ​បាន​ជប៉ុន​បញ្ចូល​ទៅ​​ក្នុង​កម្មវិធី​សិក្សា

រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ជាតិ​ជប៉ុន​បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃ​អង្គារ​នេះ​ថា បញ្ហា​ជម្លោះ​ដណ្តើម​កោះ​ជាមួយ​ប្រទេស​ជិតខាង គឺ​ចិន និង​កូរ៉េ​ខាង​ត្បូង នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា ដើម្បី​ឲ្យ​សិស្សានុសិស្ស​ជប៉ុន​ដឹង​អំពី​កម្មសិទ្ធិ​ដែល​មិន​អាច​ប្រកែក​បាន​ដែល​ជប៉ុន​មាន​ទៅលើ​កោះ​ទាំងនេះ។ កូរ៉េ​ខាង​ត្បូង​បាន​ចេញ​មុខ​ភ្លាមៗ​មក​តវ៉ា​ជំទាស់​ទៅនឹង​សេចក្តីសម្រេច​នេះ។

លោក​ ហាគូប៊ុន ស្ហ៊ីម៉ូមូរ៉ា (Hakubun Shimomura) រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ជប៉ុន ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​អង្គារ ២៨មករា ២០១៤
លោក​ ហាគូប៊ុន ស្ហ៊ីម៉ូមូរ៉ា (Hakubun Shimomura) រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ជប៉ុន ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​អង្គារ ២៨មករា ២០១៤ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

“នៅ​ក្នុង​វិស័យ​អប់រំ វា​ជារឿង​ធម្មតា ដែល​ប្រទេស​មួយ​ត្រូវ​បង្រៀន​​ក្មេង​ជំនាន់ក្រោយ​ឲ្យដឹង​ច្បាស់ អំពី​បូរណភាព​ទឹកដី​របស់​ខ្លួន” នេះគឺ​ជា​ការ​ថ្លែង​របស់​លោក​ Hakubun Shimomura រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ជប៉ុន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅថ្ងៃ​អង្គារ​នេះ។

មន្រ្តី​ក្រសួង​អប់រំ​ជប៉ុន​បាន​បញ្ជាក់​លម្អិត​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ​ថា សៀវភៅ​សិក្សា​ថ្នាក់​វិទ្យាល័យ និង​អនុវិទ្យាល័យ នឹង​ត្រូវ​មាន​ការ​កែប្រែ ដោយ​ដាក់​បញ្ចូល​ជំពូក​ដែល​ពន្យល់​ថា​ ​ប្រជុំកោះ​សេនកាគូ​​គឺ​ជា​កម្មសិទ្ធិ​របស់​ជប៉ុន។ ប្រជុំកោះ​សេនកាគូ ដែល​ចិន​កំពុង​ទាមទារ​ ហើយ​ដោយ​ប្រើឈ្មោះ​ថា “ទៀវយូ”។

ប្រជុំកោះ​តាកេស្ហ៊ីម៉ា ដែល​កំពុង​ជាប់ជម្លោះ​ជាមួយ​កូរ៉េ​ខាង​ត្បូង ក៏​ត្រូវ​បញ្ចូល​ទៅ​ក្នុង​សៀវភៅសិក្សា​នេះ​ផងដែរ។ ប្រជុំកោះ​តាកេស្ហ៊ីម៉ា​នេះ បច្ចុប្បន្ន កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កូរ៉េ​ខាង​ត្បូង ក្រោម​ឈ្មោះ​ថា ប្រជុំកោះ​ដុកដូ ហើយ​នៅ​ក្នុង​សៀវភៅ​សិក្សា ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់ ចាប់ពី​ឆ្នាំ​២០១៦​ខាងមុខ​នេះ​ទៅ ប្រជុំកោះ​ដុកដូ ឬ​តាកេស៊្ហីម៉ា​ត្រូវ​បាន​ពិពណ៌នា​ថា​ជា​ប្រជុំកោះ​ដែល​ត្រូវ​កូរ៉េ​ខាង​ត្បូង​ “កាន់កាប់​ដោយ​ខុសច្បាប់”។

ភ្លាមៗ នៅថ្ងៃ​អង្គារ​នេះ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​បាន​កោះហៅ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ទីក្រុង​សេអ៊ូល​ឲ្យ​មក​ជួប ដើម្បី​ធ្វើការ​តវ៉ា​ជាផ្លូវការ ចំពោះ​សៀវភៅ​សិក្សា​ថ្មី​នេះ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍មួយ​ផ្សេងទៀត ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​បាន​ព្រមាន​ថា​នឹង​ចាត់វិធានការ​តបវិញ ប្រសិន​បើ​ជប៉ុន​មិនព្រម​ដក​បញ្ហា​ប្រជុំកោះ​ដុកដូ ចេញ​ពី​សៀវភៅ​សិក្សា​ថ្មី​នេះ​ទេ។

នៅ​ពេល​នេះ ទំនាក់ទំនង​រវាង​ជប៉ុន និង​ប្រទេស​ជិត​ខាង កំពុង​តែ​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​ខ្លាំង​ស្រាប់ ជាពិសេស ចាប់តាំង​ពី​ពេល​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន បាន​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញានក្ខន្ធ នៅ​វិហារ​យ៉ាស៊ូគូនី កាល​ពី​ខែ​ធ្នូ។ ការកែប្រែ​សៀវភៅ​សិក្សា​ដោយ​ដាក់​បញ្ចូល​ជម្លោះ​ប្រជុំកោះ​នៅពេលនេះ វា​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ជប៉ុន និង​ប្រទេស​ជិត​ខាង កាន់តែ​ត្រូវ​ធ្លាក់​ដុនដាប​មួយកម្រិត​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ