អានតួអត្ថបទ
កម្ពុជា-សង្គម

សាលាក្តីខ្មែរក្រហមនៅចំណាយពេលយ៉ាងតិច៣ឆ្នាំទៀតដើម្បីបង្ហើយការងារសេសសល់

អង្គ​ជំនុំ​ជម្រៈ​វិស​មញ្ញ​ក្នុង​តុលា​ការ​កម្ពុជា ​ឬដែល​គេ​ស្គាល់​ថា សា​លា​ក្តី​ខ្មែរ​ក្រហម​ នឹង​នៅ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​៣​ឆ្នាំ​ទៅ​មុខ​ទៀត​ ដើម្បី​បង្ហើយ​ការ​ងារ​ដែល​សេស​សល់​។​ ការ​ប្រកាស​យ៉ាង​ដូច្នេះ ​គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​ឯកភាព​រវាង​ភាគី​រដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​អង្គការ​សហ​ប្រជា​ជាតិ​ នៅ​ក្នុង​ជំនួប​​នៅថ្ងៃពុធ​នេះ រវាង លោក ប៊ិន ឈិន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ និង​លោក Stephen Mathias ឧបការី​អគ្គ​លេ​ខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​។

លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោក Stephen Mathias ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោក Stephen Mathias ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ © FB
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៏​រួម ភាគី​កម្ពុជា និង​ភាគី​អង្គការ​សហ​ប្រជា​ជាតិ​បាន​ឯក​ភាព​គ្នា​ថា​ អង្គ​ជំនុំ​ជម្រៈ​វិស​មញ្ញ ​ឬតុលាការ​កូន​កាត់​ខ្មែរ​ក្រហម​នឹង​បំពេញ​មុខ​ងារ​សេស​សល់​របស់​ខ្លួន​សម្រាប់​ដំណាក់​កាល​ដំបូង​រយៈ​ពេល​បី​ឆ្នាំ ដោយ​ចាប់​ផ្តើម​នៅក្នុង​ឆ្នាំ​២០២៣​។​ គោល​បំណង​មួយ​ ក្នុង​ចំណោម​គោល​បំណង​សំខាន់ៗ នៃ​មុខ​ងារ​សេស​សល់​នោះ ​គឺ​ដើម្បី​ថែ​រក្សា​កេរ​ដំណែល​អង្គ​ជំនុំ​ជម្រៈ​វិស​មញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក)​ រួម​ទាំង​អនុញ្ញាតិ​ឲ្យ​សាធារណជន​អាច​ចូល​ពិនិត្យ​មើល​ព័ត៌មាន​នៅក្នុង​បណ្ណសាររបស់​តុលាការ​កូន​កាត់​មួយនេះឲ្យ​បានទូលំទូកាយ។

បើតាម​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម ចាប់តាំងពីបង្កើត​សាលាក្តីនេះមកនៅឆ្នាំ​២០០៦ គឺតុលាការ​នេះបាន​ចំណាយ​លុយអស់៣៣៨លានដុល្លារអាមេរិក ក្នុងនោះជាង២០០លានដុល្លារគឺជាលុយ​របស់​ភាគី​អង្គការសហប្រជាជាតិ និងប្រមាណ១០០លានដុល្លារជាថវិការបស់ភាគីជាតិ។ ជាង១៦​ឆ្នាំ​នៃដំណើរការ អ.វ.ត.ក បានទទួល​ភស្តុតាង​ពីជនរងគ្រោះ​ជាង១០.៣០០នាក់ បានចេញ​សេចក្តី​សម្រេច​ជាង​១៣៤៥ និង​បានបង្កើត​កំណត់​ហេតុ​តាម​ផ្លូវ​តុលាការ​និង​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​បានជាង​៣លាន​ទំព័រ ខណៈដែល​អង្គជំនុំជម្រៈ នឹងត្រូវ​បិទបញ្ចប់​សំណុំរឿង​នៅចុង​ឆ្នាំនេះ ពោល​ក្រោយ​ប្រកាស​សាលដីកា​បិទផ្លូវតវ៉ាប្រឆាំង លោក ខៀវ សំផន នៅថ្ងៃទី២២កញ្ញា។

សាលាក្តីខ្មែរក្រហមត្រូវបានរដ្ឋាភិបាលកម្ពុជាលើកឡើងថាបានដំណើរការទៅប្រកបដោយជោគជ័យ ដោយសាលាក្តីនេះបានជួយស្វែងរកយុត្តិធម៌ និងការពិតជូនជនរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ រួមនឹងជាផ្នែកមួយនៃការចូលរួមផ្សះផ្សារជាតិ និងការពង្រឹងសន្តិភាពនៅកម្ពុជាផងដែរ។ ក៏ប៉ុន្តែសាលាក្តីខ្មែរក្រហមក៏រងនូវការរិះគន់ពីមតិមួយចំនួនដែរ ពីការយឺតយ៉ាវក្នុងការស្វែងរកយុត្តិធម៌ ខណៈដែលមេដឹកនាំសំខាន់ៗនៃរបបខ្មែក្រហមបានបាត់បង់ជីវិតស្ទើរអស់ ពោលពេលនេះ នៅសល់តែលោក ខៀវ សំផន ម្នាក់ទេ ដែលនៅមានជីវិតក្នុងវ័យ ៩១ឆ្នាំ។ ក្រៅពីនេះ មេដឹកនាំជាន់ខ្ពស់ផ្សេងទៀតបានបាត់បង់ជីវិតអស់ហើយអំឡុងពេលនៃសវនាការរយៈពេល១៦ឆ្នាំមកនេះ នោះរួមមាន នួន ជា អៀងសារី អៀង ធីរិទ្ធ និងកាំង ហ្គេចអ៊ាវ ហៅ ឌុច ជាដើម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ