អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋខ្មែរចេញមកបាតុកម្មប្រឆាំងលោក ហ៊ុន សែន មុនពេលដែលលោកចេញពីតំណែង

លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​ បាន​ចេញ​មក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​រស់​នៅ​អឺរ៉ុប​ ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្ត​មាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​ ការ​អំពាវនាវ​នេះ ​ធ្វើ​ឡើង​នា​ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ហៀប​នឹង​ដាក់​ជើង​ជាន់​ប្រទេស​ប៊ែលហ្សិក​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​-សហភាព​អឺរ៉ុប​ នៅថ្ងៃ​ទី១៤ធ្នូ។​

សកម្មភាពធ្វើបាតុកម្ម
សកម្មភាពធ្វើបាតុកម្ម © Internet
ផ្សាយពាណិជ្ជកម្ម

នៅលើសំណេរតាមបណ្តាញសង្គមហ្វេសប៊ុក លោក សម រង្ស៊ី អ្នកនយោបាយប្រឆាំង បានកៀរគរប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប ចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបានកុះករនៅថ្ងៃពុធទី១៤ធ្នូ។ បើតាមលោក សម រង្ស៊ី ទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅទ្វីបអឺរ៉ុប គឺជាទស្សនកិច្ចចុងក្រោយនៅក្នុងនាមជានាយករដ្ឋម​ន្ត្រីកម្ពុជា។ លោក សម រង្ស៊ី អះអាងថា នៅក្រោយពេលចុះចេញពីតំណែងនៅឆ្នាំ២០២៣ នោះលោក ហ៊ុន សែន នឹងត្រូវប៉ូលិសអន្តរជាតិចាប់ខ្លួន ពីបទឧក្រិដ្ឋ និងអំពើឃាតកម្មជាច្រើននៅកម្ពុជា។

យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី ថាគ្រាន់តែជាវោហាសាស្ត្រនយោបាយប៉ុណ្ណោះ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា លោកមិនជឿថាមានប្រជាពលរដ្ឋខ្មែរច្រើនទៅធ្វើបាតុកម្មប្រឆាំងនោះទេ។ ផ្ទុយមកវិញ គឺមានតែប្រជាពលរដ្ឋទៅស្វាគមន៍លោកនាយករដ្ឋម​ន្ត្រី ហ៊ុន សែន។

បើតាមលោក សុខ ឥសាន ទោះជាមានបាតុកម្មពិតមែន ក៏គ្មានឥទ្ធិពលអ្វីដល់រដ្ឋាភិបាលកម្ពុជាដែរ។ លោក សុខ ឥសាន ថា អ្នកដែលធ្វើបាតុកម្មទាំងនោះ កុំសង្ឃឹមថាអាចទៅរំខានការងារណាមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យសោះ ព្រោះកិច្ចប្រជុំអាស៊ាន-សហភាពអឺរ៉ុប ជាការអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។

នៅមុនពេលដែលលោក ហ៊ុន សែន ត្រូវដាក់ជើងនៅទឹកដីអឺរ៉ុប គឺលោកបានបង្ហាញវីដេអូមួយចំនួន អំពីមតិរបស់ពលរដ្ឋចំពោះវត្តមានរបស់លោកនៅអឺរ៉ុប។ បើតាមវីដេអូដែលបង្ហោះលើបណ្តាញសង្គមរបស់លោក ហ៊ុន សែន គឺប្រជាពលរដ្ឋទាំងនោះ អះអាងថា មិនមានការបង្ខិតបង្ខំ ឬស៊ីឈ្នួលដើម្បីទៅសាទរលោក ហ៊ុន សែន ឡើយ។ បន្ថែមពីនេះ ប្រជាពលរដ្ឋមួយចំនួន អះអាងទៀតថា ពួកគេសុខចិត្តដាក់ច្បាប់សម្រាកពីការងារ ដើម្បីទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សូមបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំ អាស៊ាន-អាមេរិក កាលពីខែឧសភា។ យ៉ាងណា ពេលនេះមានព្រឹត្តិការណ៍ដែលគេចាំមិនភ្លេច គឺប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក លោក អ៊ុក ទូច បានដោះស្បែកជើង និងគប់តម្រង់លោក ហ៊ុន សែន នៅពេលដែលលោកកំពុងជួបពលរដ្ឋខ្មែរ នៅទីសាធារណៈ។ ភ្លាមៗលោក ហ៊ុន សែន មិនបានប្រតិកម្មអ្វីនោះទេ។ តែពេលមកដល់កម្ពុជា លោក ហ៊ុន សែន បានស្នើឲ្យអាមេរិកបកស្រាយករណីនេះ។ លោក ហ៊ុន សែន បានថ្លែងថា បើចាត់ទុកការវាយប្រហារដោយស្បែកជើង ថាជាសិទ្ធិបញ្ចេញមតិ នោះលើពិភពលោកនេះគ្មានច្បាប់ទម្លាប់ទៀតទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ