អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-កសិកម្ម

គ្រាប់​មីនមិនទាន់ផ្ទុះនៅរាយ​ប៉ាយក្នុងដីអ៊ុយក្រែន នឹងធ្វើឲ្យដីកសិកម្ម ​ប្រើការលែងកើតរយៈពេល​​យូរឆ្នាំ

សង្គ្រាមនៅអ៊ុយក្រែន ដែលបង្កឡើងដោយ​រុស្ស៊ី កំពុង​តែបន្សល់ទុក នូវគ្រាប់មីនមិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅរាយប៉ាយក្នុងដីអ៊ុយក្រែន​។ ផ្អែកតាមអង្គការកាកបាតក្រហមអន្តរជាតិ គ្រាប់មីន​មិនទាន់ផ្ទុះទាំងនោះ មិនត្រឹម​តែនឹងបង្កគ្រោះ​ថ្នាក់ដល់អាយុជីវិតរបស់​ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ តែវានឹងធ្វើ​ឲ្យ​ដីកសិកម្ម​របស់អ៊ុយក្រែន ត្រូវប្រើការលែងកើត ក្នុងរយៈពេលយូរឆ្នាំ​ទៅមុខទៀត។

មន្ត្រីជំនាញ​កំពុងតែដោះមីន នៅតំបន់ Irpin មិនឆ្ងាយ​ប៉ុន្មានពីទីក្រុងកៀវ ថ្ងៃទី ១៩ មេសា ២០២២
មន្ត្រីជំនាញ​កំពុងតែដោះមីន នៅតំបន់ Irpin មិនឆ្ងាយ​ប៉ុន្មានពីទីក្រុងកៀវ ថ្ងៃទី ១៩ មេសា ២០២២ AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

ថ្លែងពីទីក្រុងកៀវ នៅក្នុងសន្និសីតកាសែតស្នាក់ការកណ្តាល​កាកបាតក្រហមអន្តរជាតិទីក្រុង​ហ្សឺណែវ លោក Andrew Duncan ប្រធានក្រុម​ការងារ​កាកបាតក្រហមប្រចាំនៅអ៊ុយក្រែន បាន​លើកឡើងថា គ្រាប់​មីនមិនទាន់ផ្ទុះ​ដែល​​នៅ​រាយប៉ាយ​​ក្នុង​ទឹកដី​អ៊ុយក្រែន គឺ​ជា​​គ្រោះថ្នាក់​ដែល​មិនអាចប្រហែលបាន​។

តំណាងកាកបាតក្រហមរូបនេះ បានពន្យល់ថា កសិករអ៊ុយក្រែន ត្រូវប្រឈមនឹងជម្រើស២ដ៏គ្រោះថ្នាក់។ ទីមួយ​គឺយកជីវិតទៅប្តូរ ដើម្បីបន្តធ្វើការងារកសិកម្ម លើដីចំការ​របស់ពួកគេ បើទោះជាដឹងថាអាចប្រឈមនឹងការផ្ទុះគ្រាប់​មីន។ ឬពុំដូច្នោះទេ គឺផ្អាកសកម្មភាពការងារ តែត្រូវពិបាករឿងក្រពះ។​

យោងតាមលោក Andrew Duncan ទំហំចំនួន​គ្រាប់មីន​មិនទាន់ផ្ទុះ​ បាន​កើនឡើងយ៉ាងលឿនរហ័ស លើសពីសមត្ថភាព​សម្អាត។ ដូច្នេះ វាគឺជារឿងចាំបាច់បំផុត ដែលត្រូវបន្ថែមការប្រឹងប្រែងគ្រប់មធ្យោបាយ​ ធ្វើការ​ត្រួតពិនិត្យ​ផ្ទៃដី និងឈាន​ទៅ​ដោះមីន ឲ្យ​បានច្រើនបំផុត​។

គួរបញ្ជាក់ថា គ្រាប់មីនរាយប៉ាយ​ក្នុងដី ​មិនត្រឹមតែធ្វើបាបកសិករ​អ៊ុយក្រែនប៉ុណ្ណោះទេ តែ​វានឹងជះ​ផលអវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ មកលើ​ទីផ្សារ​​វត្ថុធាតុដើម គ្រាប់ធញ្ជជាតិរបស់ពិភពលោកយើង ព្រោះថា អ៊ុយក្រែនគឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុត​មួយ។ ប្រទេសក្រីក្រជាច្រើន រំពឹងលើស្បៀងចំណីអាហារ ដែលនាំចេញពីអ៊ុយក្រែន​ក្នុងតម្លៃមួយថោក​ជាអ្នកផ្សេង។

សូមរំលឹកថា កាលពីដើមខែមករា ទាហាន​ជំនាញ​អ៊ុយក្រែនចំនួន​១៥នាក់​ បានធ្វើដំណើរទៅកាន់​ប្រទេសកម្ពុជា ដើម្បីទទួលបាន​បទពិសោធន៍ ស្តីពីការដោះមីន។ យោងតាមអង្គការ Human Rights Watch កងទ័ពរុស្ស៊ី​បាន​ប្រើ​ប្រាស់គ្រាប់​មីនយ៉ាងហោច ៧ប្រភេទ កប់​បង្កៃក្នុងដី នៅតាមសមរភូមិ​ជាច្រើន។ មាន​កសិករអ៊ុយក្រែនជាច្រើននាក់ ដែល​បាន​រងរបួស និងស្លាប់ នៅពេល​ពួកគេព្យួរដី​កសិកម្ម​ ហើយ​ប៉ះនឹងគ្រាប់​មីនទាំងនោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ