អានតួអត្ថបទ

សហជីព៖ក្រុមហ៊ុន​ណាហ្គាវើលដ៏​បញ្ឈប់​បុគ្គលិក​៧២​នាក់​ទៀត​ទាំង​បង្ខំ

ក្រុមហ៊ុន​ណាហ្គាវើលដ៏​សម្រេច​បញ្ឈប់​បុគ្គលិក​៧២នាក់​ក្នុង​ចំណោម​៧៣នាក់​ពី​ការងារ​ចាប់​ពី​ថ្ងៃ​ទី​១៣ដល់​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣ ក្រោម​ហេតុផល​អ្វី​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​នោះ​ទេ​។

រូបតំណាងៈបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ចេញតវ៉ាកន្លងមក
LRSU © LRSU
ផ្សាយពាណិជ្ជកម្ម

មែនទែនទៅអ្នក​ទាំង​៧២​នាក់​មិន​មែន​ជា​ក្រុម​បុគ្គលិក​ដែល​ត្រូវបាន​ក្រុមហ៊ុន​កាត់​ឈ្មោះ​ចេញ​បញ្ឈប់​ពី​ការងារ​អំឡុងពេល​កូវីដ​១៩​នោះ​ទេ ប៉ុន្តែ​ពួកគេ​ស្ម័គ្រចិត្ត​ចេញ​តស៊ូមតិ​ជាមួយ​ក្រុម​បុគ្គលិក​ដែល​ត្រូវបាន​ក្រុមហ៊ុន​កាត់ឈ្មោះ​ចេញ​បញ្ឈប់​ពី​ការងារ ហើយ​បន្ទាប់​មក​អ្នក​ទាំង​៧២​នាក់​ក៏​ចូល​ធ្វើការ​វិញ​ដោយ​សារ​កត្តា​ជីវភាព។  ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត្ត​ឲ្យ​ចូល​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ផ្ទាល់​នោះ​ទេ ពោល​គឺគេ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការនៅ​ត្រឹម​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល Naga Academy Trainig Centerជាង​មួយ​ឆ្នាំ​មក​ហើយ។​ ដូច្នេះតាមរយៈ​សេចក្ដី​សម្រេច​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៏​ពួកគេ​ត្រូវ​បញ្ឈប់​ពី​ការងារ​ជា​ស្ថាពរ។   

ផ្អែក​តាម​លិខិត​ចំហរ​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​នៃ​បុគ្គលិក​កម្មករ​ខ្មែរ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៏អះអាង​ថា ការ​បញ្ឈប់នេះ​ធ្វើ​ឡើង​ដោយ​សារ​ក្រុមហ៊ុន​លែង​ត្រូវ​ការ​ពួកគេ​ទាំង​៧២​នាក់​និង​មិន​ចង់​បន្ត​កិច្ចសន្យា​បន្ត​ទៀត។ សហជីព​ចាត់​ទុក​ហេតុផល​នេះ​ស្មើ​នឹង​ការ​រើសអើង​ព្រោះ​អ្នកទាំងនេះ​មិន​បាន​ប្រព្រឹត្តកំហុស​ណាមួយ​ដែល​ផ្ទុយ​ពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​ឡើយ។

តាមរយៈ​វិដេអូបង្ហោះ​លើបណ្ដាញ​សង្គម​ហ្វេសបុក​នៅ​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣ កញ្ញា ឈឹម រដ្ឋា ជាបុគ្គលិក​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​៧២នាក់​ស្នើ​សុំ​ក្រសួង​ការងាររក​យុត្តិធម៌​ជូននាង​និង​អ្នកឯទៀត​ដើម្បីពួកគេ​បាន​ចូល​ធ្វើការ​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​ណាហ្គាវើលដ៏​ហៅ​នាង​ទៅ​ស៊ីញ៉េបញ្ចប់​កិច្ច​សន្យា​ការងារ​ទាំងបង្ខំ នៅ​ព្រឹក​ថ្ងៃទី១៧​ខែ​វិច្ឆិកា​ឆ្នាំ២០២៣ នៅ​ក្នុង​ម៉ោង​ការងារ។

បើតាម​កញ្ញា ឈឹម រដ្ឋា បុគ្គលិក​ផ្នែក​ធនធាន​មនុស្ស​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៏​ប្រាប់នាង​ថា ការ​សម្រេចបញ្ឈប់នាង​ពី​ការងារ​ក្នុង​ម៉ោង​ការងារ​ដោយសារ​ក្រុមហ៊ុន​លែង​ត្រូវការ​និង​លែង​ចង់​បន្ត​កិច្ចសន្យា​ការងារជាមួយនាង​និង​បុគ្គលិក​៧១​នាក់​ផ្សេង​ទៀត។ ប៉ុន្តែ​កញ្ញា ឈឹម រដ្ឋា ជឿថា ការ​បញ្ឈប់នេះ​ដោយ​សារ​ការរើសអើង​ព្រោះនាង​ជា​សមាជិក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​នៃ​បុគ្គលិកកម្មករ​ខ្មែរ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៏។

គួរជម្រាបជូនថា នៅ​ក្នុង​ឆ្នាំ២០២១​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៏​ជាង​១៣០០​នាក់​ត្រូវបាន​ក្រុមហ៊ុនកាត់​ឈ្មោះ​ចេញ​បញ្ឈប់​ពី​ការងារ​ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​ប្រឈម​នឹង​វិបត្តិ​ចំណូល​ដែល​បណ្ដាល​មកពី​កូវីដ១៩។ គិតមក​ដល់​បច្ចុប្បន្ន​នៅ​សល់​បុគ្គលិក​ប្រមាណជា​១០០នាក់​ដែល​មាន​ឈ្មោះ​កាត់​បន្ត​ទាមទារឲ្យ​ក្រុមហ៊ុន​ទទួល​ពួកគេ​ចូល​ធ្វើការ​វិញ​និង​បញ្ឈប់​ការ​រើសអើង​សហជីព​ដែល​មាន​កញ្ញា ឈឹម ស៊ីថរ ជាប្រធាន។ នៅ​ក្នុង​សំណុំរឿង​នេះ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ពី​បទញុះញង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ