អានតួអត្ថបទ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ«មីន»នៅឆ្នាំ២០២៤

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដឹក​នាំ​កិច្ច​ប្រជុំ ​នៃ​អនុសញ្ញា​ស្តីពី​ការ​ហាម​ការ​ប្រើ​ប្រាស់​មីន​ប្រឆាំង​មនុស្ស​(អនុសញ្ញាអូតាវ៉ា)​  ដោយ​ជ្រើស​យក​ទឹក​ដី​ខេត្ត​សៀមរាប​ សម្រាប់​ការ​ប្រជុំ​នៅ​ឆ្នាំ​២០២៤ ​ដែល​មាន​ការ​ចូល​រួម​ពី​រដ្ឋ​សមាជិក​ចំនួន​១៦៤​ ប្រទេស​។ ​នេះបើ​តាម​ លោក ​ហ៊ុន ​សែន ​គូស​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​ ជា​មួយនឹង​ការ​អប​អរ​សាទរ​ ដែល​កម្ពុជា​ត្រូវ​បាន​អង្គ​សន្និសីទ​រដ្ឋ​ភាគី​លើក​ទី២១​ នៃ​អនុសញ្ញា​អូតាវ៉ា ​បោះឆ្នោត​ថ្ងៃទី​២៤ ​ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅ​ទីក្រុង​ហ្សឺណែវ ​ ជ្រើស​តាំង​ជា​ប្រធាន ​និង​ជា​ម្ចាស់ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​លើក​ទី​៥ ​ឆ្នាំ​២០២៤​ ក្រោម​ប្រធាន​បទ​“កិច្ច​ប្រជុំ​កំពូល​សៀមរាប​-អង្គរ ​ស្តីពី​ពិភព​លោកមួយ​ដែល​គ្មាន​មីន”​។​

គ្រាប់មីន​ដែល​ត្រូវបានរកឃើញនៅកម្ពុជា
គ្រាប់មីន​ដែល​ត្រូវបានរកឃើញនៅកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា​ ត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយ​​​កម្ពុជា គឺ​ជាប្រទេសទី​៥ នៅលើសកលលោក និង​ជា​ប្រទេស​ដំបូងគេ​បង្អស់​ក្នុងតំបន់អាស៊ី ដែលធ្វើជា​ប្រធាន និង​ជាម្ចាស់ផ្ទះដឹកនាំ​​​កិច្ចប្រជុំនេះ ។ កិច្ចប្រជុំលើកទី១ធ្វើនៅ​ប្រទេស​កេនយ៉ា ​ឆ្នាំ​២០០៤ លើកទី២នៅប្រទេស​កូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣នៅ​ប្រទេស​ម៉ូសំប៊ិក ​ឆ្នាំ២០១៤ លើកទី៤នៅប្រទេស​ន័រវែស ​ឆ្នាំ២០១៩ និងលើកទី៥នៅ​ប្រទេស​កម្ពុជា ​ឆ្នាំ​២០២៤ ខាងមុខ។

 

បើតាមអតីតនាយករដ្ឋមន្ត្រីកម្ពុជា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូន​សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យ​មើលលើ​វឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លង​មក​។

 

 រដ្ឋាភិបាលកម្ពុជា​ បានប្តេជ្ញាចិត្តថា លុបបំបាត់​គ្រាប់មីនឲ្យអស់ពីទឹកដីនៅត្រឹម​ឆ្នាំ​២០២៥។ រយៈពេល៣០ឆ្នាំកន្លងមកនេះ រដ្ឋបានចំណាយថវិកា២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីន លើផ្ទៃដីប្រមាណ ២,៥៣១គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់។ ចាប់តាំងពីឆ្នាំ១៩៧៩មក ប្រជាជនចំនួន ៦៥,០០៤នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩,៨១៨នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ