អានតួអត្ថបទ
កម្ពុជា-ថៃ

សភាថៃ ស្នើឱ្យរដ្ឋាភិបាលថៃនិងកម្ពុជាពន្លឿនការដោះស្រាយតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រ

គណៈកម្មាធិការកិច្ចការបរទេសនៃសភាថៃ បន្ត​ជំរុញឱ្យរដ្ឋាភិបាលថៃដឹកនាំដោយលោក សេដ្ឋា ថៈវីស៊ីនពន្លឿនកិច្ចចរចារជាមួយភាគីកម្ពុជាដើម្បីដោះស្រាយតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រនៃប្រទេសទាំងពីរ។ ការជំរុញឱ្យមានការចរចារលើកនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការសង្កេតឃើញពីភាពជាប់គាំងជុំវិញការទាមទារដែនសមុទ្រជាង២០ឆ្នាំ ទោះបីរដ្ឋាភិបាលថៃធ្លាប់អះអាងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រចរចា ។

ទីតាំងបូមប្រេងក្នុងឈូងសមុទ្រថៃ
ទីតាំងបូមប្រេងក្នុងឈូងសមុទ្រថៃ © Internet
ផ្សាយពាណិជ្ជកម្ម

កន្លងមករដ្ឋាភិបាលថៃបានផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការចរចារជាមួយកម្ពុជា ដើម្បីកំណត់តំ​បន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រតាមរយៈការផ្តោតទៅលើការអភិវឌ្ឍធានធានធម្មជាតិរួមគ្នា ជំនួសឱ្យការកំណត់ការបោះបង្គោលព្រំដែនសមុទ្រជាមួយកម្ពុជា។  តែយ៉ាងណា នាពេលថ្មីៗនេះ គណៈកម្មាធិការកិច្ចការបរទេសនៃសភាថៃតឿនឱ្យលោក សេដ្ឋា ថៈវីស៊ីន ផ្តើមកិច្ចសន្ទនាជាថ្មី ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរបង្កើតក្របខណ្ឌគោលនយោបាយថ្មីមួយសម្រាប់ភាពជាប់គាំងខាងលើ។

យោងតាមចុះផ្សាយរបស់កាសែតបាងកកផុស លោក Noppadon Patama ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាថៃយល់ថា កិច្ចចរចាអាចនឹងទទួលបានជោគជ័យ ពីព្រោះទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថៈវីស៊ីន នាយករដ្ឋមន្ត្រីថៃមានភាពស្និទស្នាលគ្នាដែលប្រការទាំងនេះលោករំពឹងកាន់តែខ្ពស់ចំពោះការដោះស្រាយជុំវិញតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រនៃប្រទេសទាំងពីរ។

លោក Noppadonបន្តថា វឌ្ឍនភាពនៃការចរចារបញ្ចប់នៃតំបន់ប្រេងត្រួតស៊ីគ្នា នឹងអាចជួយឱ្យប្រទេសទាំងពីររួមគ្នាអភិវឌ្ឍន៍តំបន់ជម្លោះ និងប្រើប្រាស់ធនធានដ៏មានតម្លៃដើម្បីធានាបាននូវសន្តិសុខថាមពល។

គួរឱ្យកត់សម្គាល់ដែរថា ភាគីថៃបានបង្កើតគណៈកម្មាធិការបច្ចេកទេសរួមថ្មីមួយជាមួយកម្ពុជា ដើម្បីពិភាក្សាគ្នាលើតំបន់ត្រួតស៊ីគ្នា និងពិនិត្យលើការបោះបង្គោលព្រំដែន និងការអភិវឌ្ឍរួម។ តែគណៈកម្មាធិការបច្ចេកទេសនេះហាក់មិនទទួលបានជោគជ័យអ្វីឡើយ។

យ៉ាងណាកន្លងមក រដ្ឋមន្ត្រីក្រសួងថាមពលថៃទទួលស្គាល់ថា ការដោះស្រាយវិវាទដែនសមុទ្រ គឺជារឿងដ៏ស្មុគស្មាញ និងទាមទារពេលវេលាយូរ ​ត្បិតថាគ្មានប្រទេសណាអាចទទួលយកការរំកិលព្រំដែនរបស់ខ្លួនថយក្រោយដោយងាយមិនថាថៃឬកម្ពុជា។

វិទ្យុបារាំងអន្តរជាតិមិនអាចសុំការបញ្ជាក់ពីលោក ជា ច័ន្ទណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតបាននៅឡើយទេ។

សូមជម្រាបថា តំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃមានទំហំ២៦០០០គីឡូម៉ែត្រការ៉េដែល​គេ​ប៉ាន់​ប្រមាណ​ថា ​នឹង​អាច​ស្តុក​ទុក​ប្រេងនិង​ឧស្ម័ន​រហូត​ដល់ ៥០០លាន​បារ៉ែល​នៅ​ក្រោម​បាតសមុទ្រ និង​ដោយ​ត្រូវការពេលយ៉ាងហោចណាស់​៨ឆ្នាំ ក្នុងការ​ទាញយក​ធនធានធម្មជាតិចេញ​ពីឈូងសមុទ្រនោះ។

ក្នុងឆ្នាំ២០០១ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីព្រំដែនសមុទ្រក្នុងអាណត្តិលោកហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ក្រោយមកនៅឆ្នាំ២០០៩ អនុស្សរណៈនេះត្រូវបានផ្អាកទៅវិញបន្ទាប់ពីរដ្ឋាភិបាល អាប់ភីស៊ីត វីជចាជីវា ឡើងកាន់តំណែង៕​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ