អានតួអត្ថបទ
កម្ពុជា-នយោបាយ

តំណាងគណបក្សឆន្ទៈខ្មែរត្រៀមខ្លួនចូលកាន់តួនាទីក្នុងព្រឹទ្ធសភាដើម្បីចូលរួមបម្រើពលរដ្ឋ

គណបក្សឆន្ទៈខ្មែរដែលទទួលបានអាសនៈចំនួន៣នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥បានអះអាងពីការខ្លួនត្រៀមសម្រាប់ការចូលកាន់តួនាទីក្នុងស្ថាប័នព្រឹទ្ធសភា។ លោកគង់ មុនីកា បេក្ខជនទី១នៃភូមិភាគដែលទទួលបានអាសនៈបានបញ្ជាក់ថា លោក និងបេក្ខជន២រូបទៀត នឹងធ្វើយ៉ាងណាប្រកាន់ខ្ជាប់នូវតួនាទីក្នុងព្រឹទ្ធសភាដើម្បីចូលរួមជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ 

កិច្ចប្រជុំផ្ទៃក្នុងរបស់គណបក្សភ្លើងទៀនអំពីស្ថានភាពនយោបាយ
កិច្ចប្រជុំផ្ទៃក្នុងរបស់គណបក្សភ្លើងទៀនអំពីស្ថានភាពនយោបាយ © Candlelight Party
ផ្សាយពាណិជ្ជកម្ម

នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រ ទី០១មីនានេះ លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ គូសបញ្ជាក់ថា លោកនឹងធ្វើជាអ្នកតំណាងអង្គបោះឆ្នោត និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់មុខងារក្នុងព្រឹទ្ធសភាដែលជាស្ថាប័ននីតិបញ្ញត្តិកំពូលរបស់កម្ពុជា។ តាមលោក គង់ មុនីកា បេក្ខជនទាំង៣រូបរបស់គណបក្សឆន្ទៈខ្មែរ ដែលទទួលបានអាសនៈចេញពីការបោះឆ្នោតព្រឹទ្ធសភា នឹងផ្តោតលើកិច្ចការសំខាន់ៗដែលជាក្តីកង្វល់ និងបញ្ហារបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា តាមលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សឆន្ទៈខ្មែរទទួលបានចំនួន៣អាសនៈក្នុងនោះ លោក សុខ ហាច បេក្ខជនទី១នៃភូមិភាគ២ លោក សេង ម៉ារឌី បេក្ខជនភូមិភាគ៤ និងលោក គង់ មុនីកា បេក្ខជនភូមិភាគ៦។ បើតាមលោក គង់ មុនីកា តំណាងទាំង៣របស់គណបក្សឆន្ទៈខ្មែរ ដែលត្រៀមខ្លួនកា្លយជាសមាជិកព្រឹទ្ធសភាខាងមុខនេះនឹងធ្វើសកម្មភាពតាមជំនាញរៀងៗខ្លួន។ លោក សុខ ហាច និងលោក សេង ម៉ារឌី នឹងលើកពីបញ្ហាសេដ្ឋកិច្ឋ និងពីបញ្ហាជីវភាពពលរដ្ឋប្រចាំថ្ងៃ។ រីឯលោក គង់ មុនីកា នឹងអាចរួមចំណែកនៅក្នុងវិស័យច្បាប់ និងទំនាក់ទំនងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក គង់ មុនីកា។

គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ មានចំនួន៦២រូប ក្នុងនោះមានសមាជិក២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ សមាជិក២រូបត្រូវរដ្ឋសភាជ្រើសតាំង និង៥៨រូបផ្សេងទៀតត្រូវជ្រើសរើសតាមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលបានធ្វើឡើងកាលពីថ្ងៃទី២៥កុម្ភៈកន្លងទៅ។ សមាជិក២រូប ដែលជ្រើសតាំងដោយរដ្ឋសភា ត្រូវបានជ្រើសរើសនៅព្រឹកថ្ងៃសុក្រទី០១មីនានេះ ក្នុងនោះរួមមាន លោក សុខ ឥសាន និងលោក ហេង ហាលីម។

សូមរម្លឹកថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈព្រឹទ្ធសភាចំនួន៥៥ ជាមួយនឹង សំឡេងគាំទ្រ ១០ ០៥២ សំឡេង។ រីឯគណបក្សឆន្ទៈខ្មែរ ទទួលបាន៣អាសនៈ ជាមួយនឹងសំឡេងគាំទ្រ ១ ៣៩៤ សំឡេង។ រីឯគណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិចដែលមិនគ្រប់កូតាគ្មានទទួលបានអាសនៈឡើយ។

សម្រាប់គណបក្សឆន្ទៈខ្មែរ ការទទួលបានអាសនៈក្នុងការបោះឆ្នោតនេះ ជាក្តីសង្ឃឹមរបស់គណបក្សក្រៅរដ្ឋាភិបាល ដែលចង់មានតំណាងរបស់ខ្លួននៅក្នុងស្ថាប័ននីតិបញ្ញត្តិកំពូល។ បើតាមលោក គង់ មុនីកា នេះជាការចាប់ផ្តើមនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅស្ថាប័នថ្នាក់ជាតិ ក្រោយការរំលាយអតីតបក្សប្រឆាំងក្នុងឆ្នាំ២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ