អានតួអត្ថបទ

ក្រសួង​ការងារ​អះអាង​ថា ​ខ្លួន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បើក​ឲ្យ​កម្មករ​រោងចក្រ ​Y&​W

ក្រសួង​ការងារ​បាន​អំពាវនាវ​នៅរសៀល​ថ្ងៃ​ទី​២០​ ខែ​មីនា ​ឆ្នាំ​២០២៤ ​ឲ្យ​កម្មករ​រោងចក្រ ​Y&W ​រក្សាភាព​ស្ងប់ស្ងាត់ ​និង​ត្រៀមខ្លួន​រង់ចាំ​បើកប្រាក់ឈ្នួល ​និង​ប្រាក់បំណាច់​ផ្សេងៗ​នៅថ្ងៃ​ទី​២៣ ​ខែ​មីនា​ខាងមុខ​។ ការ​អំពាវនាវ​ដូចនេះ​របស់​ក្រសួងការងារ​ធ្វើឡើង​ស្របពេល​ដែល​កម្មករ​រោងចក្រ ​Y&W ​Garment​ ក្នុងខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ​បានធ្វើការ​តវ៉ាបិទផ្លូវ​ដើម្បីជំរុញ​ឲ្យភាគី​ពាក់ព័ន្ធ​ជួយរក​ដំណោះស្រាយ ​បន្ទាប់ពី​ថៅកែ​រត់ចោល​កាលពី​ដើមខែ​មីនា​កន្លង​ទៅ​។

កម្មកររោងចក្រកាត់ដេរ Y&W បិទផ្លូវ២១៧ ដើម្បីទាមទារឲ្យរោងចក្រដោះស្រាយសំណងក្រោយរោងចក្របិទ
កម្មកររោងចក្រកាត់ដេរ Y&W បិទផ្លូវ២១៧ ដើម្បីទាមទារឲ្យរោងចក្រដោះស្រាយសំណងក្រោយរោងចក្របិទ © RFI
ផ្សាយពាណិជ្ជកម្ម

ក្នុងថ្ងៃ​ដែល​កម្មកររោងចក្រ ​Y&W Garment ​បានធ្វើការតវ៉ា​បិទផ្លូវ​ដើម្បីទាមទារឲ្យ​ថៅកែ​ទូទាត់​សំណង ​ក្រសួងការងារ​បានចេញ​លិខិត​បន្តបន្ទាប់គ្នា​ដល់ទៅពីរច្បាប់​ដែលមាន​ខ្លឹមសារ​ជួយ​ស្វែងរក​ដំណោះស្រាយ​ជូនកម្មករ​និយោជិត។ ​នៅក្នុង​សេចក្តីអំពាវនាវ​របស់ខ្លួន ​ក្រសួងការងារ​បានស្នើឲ្យ​កម្មករនិយោជិត​រក្សា​ភាពស្ងប់ស្ងាត់ ​និងត្រៀមខ្លួន​ទៅបើកប្រាក់ឈ្នួល​ និង​ប្រាក់បំណាច់ផ្សេងៗ​ស្របតាម​ច្បាប់ស្តីពី​ការងារនៅ​សាលាខណ្ឌដង្កោ​ចាប់ពីថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២៤​។

ក្រសួងការងារ​បានអះអាងថា ​ខ្លួនមានថវិកា​គ្រប់គ្រាន់​ ដែលបានពីការ​លក់ឡៃឡុង​នូវទ្រព្យសម្បតិ​របស់រោងចក្រ​សម្រាប់បើកជូន​កម្មករនិយោជិតទាំងអស់ ​និង​ធានាថា ក្រសួង​នឹងការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់កម្មករ​ដោយមិនឲ្យ​បាត់បង់ឡើយ​។ ដោយឡែក ​នៅក្នុងសេចក្តី​ជូនដំណឹង​មួយផ្សេងទៀត​ក្នុងថ្ងៃទី២០​ មីនាដដែល ​ក្រសួងការងារ​បានប្រាប់​ឲ្យបុគ្គលិកកម្មករ​ត្រៀមឯកសារ​ចាំបាច់មួយចំនួន​រួមមាន ប័ណ្ណ​សម្គាល់ខ្លួន​កម្មករនិយោជិត​ច្បាប់ដើម និង​សៀវភៅការងារ​កម្មករនិយោជិត ​ឬ​ប័ណ្ណសមាជិក ​ប.ស.ស ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ​ឬ​លិខិតឆ្លងដែន​។

តែទោះជាមាន​ការអំពាវនាវ​របស់ក្រសួង​ការងារក៏ដោយ​ ក៏កម្មករនិយោជិត​នៃ​រោងចក្រ ​Y&W Garment នៅតែ​ប្រមូលផ្តុំគ្នា​ធ្វើការតវ៉ាបិទផ្លូវ​រយៈពេលខ្លី​នៅថ្ងៃព្រហស្បតិ៍ ​ទី២១ មីនា​នេះ។​ តាមក្រុម​កម្មករ​ ពួកគេបានស្នើឲ្យ​ក្រសួងការងារ​ប្តូរទីតាំង​ទូទាត់ប្រាក់ឈ្នួល​ពី​សាលាខណ្ឌដង្កោ​ទៅរោងចក្រ ​Y&W វិញ​។ ​តែសំណើនេះ​នៅមិនទាន់​មានការសម្រេច​យ៉ាងណានៅឡើយ ​ខណៈក្រសួង​ការងារ​អះអាងពីការ​បន្ត​ប្រកាន់ជំហរ​ដដែល​។

សូមរម្លឹកថា ​ក្រោយថៅកែ​រោងចក្រគេចខ្លួន​កាលពីថ្ងៃទី១ ​ខែមីនា ​ចង្វាក់​ផលិតកម្ម​ក៏លែង​ដំណើរការ​ដែលជា​ហេតុធ្វើឲ្យ​កម្មករនិយោជិត​ជាង​៤ពាន់នាក់​ផ្ទុះការ​តវ៉ាដោយទាមទារ​ឲ្យ​រោងចក្រ​ដោះស្រាយឲ្យពួកគេ​ចំនួន​៥​ចំណុច​តាមច្បាប់​ការងារ​។ ចំណុចទាំង៥ ​រួមមាន ​ស្នើសុំ​ឲ្យភាគី​រោងចក្រ​បើកប្រាក់​ឈ្នួលចុងក្រោយ ​ស្នើសុំឲ្យ​បើកប្រាក់​ជួសការ​សម្រាកប្រចាំឆ្នាំ​ ស្នើសុំបើក​ប្រាក់​បំណាច់​អតីភាព​ដែលនៅសល់ ​ស្នើសុំ​បើកប្រាក់​ជូនដំណឹង​មុន និង​ស្នើសុំឲ្យ​ភាគីរោងចក្រ​បើកប្រាក់​សង​ជម្ងឺចិត្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ