អានតួអត្ថបទ
អាមេរិក-ចិន

អាមេរិក​ចោទប្រកាន់​មន្ត្រីយោធា​ចិន​៤នាក់​ ពី​បទ​ចារកម្ម​តាមប្រព័ន្ធ​អ៊ីន​ធឺនែត​

ក្រសួង​យុត្តិធម៌​អាមេរិក​កាលពី​ថ្ងៃចន្ទ​ ទី ១០​ កុម្ភៈ​ បាន​ប្រកាស​ចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរបក្សកុម្មុយនិស្ត​ចិន​ចំនួន ៤ នាក់​ ពីបទ​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺនែត​។ ក្រុម​អ្នកស៊ើប​អង្កេត​អាមេរិក​និយាយថា​ អង្គភាពយោធាចិន​ បាន​ប្រើប្រាស់​វិធីសាស្ត្រ​ជាច្រើន​ដើម្បីអាច​ចូលទៅ​លួចយកទិន្ន័យ​របស់​ប្រជាពលរដ្ឋអាមេរិក​ ព្រមទាំង​ទិន្នន័យ​របស់​ភ្នាក់ងារ​ឥណទាន​ខ្នាតយក្ស​អាមេរិក​ឈ្មោះថា​ អេគ្វីហ្វាក្ស (Equifax)​។ 

បុរសម្នាក់កំពុងតែប្រើប្រាស់កុំព្យូទ័រ។
បុរសម្នាក់កំពុងតែប្រើប្រាស់កុំព្យូទ័រ។ REUTERS/Kacper Pempel
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​យោធាចិន​ ៤ នាក់​ បម្រើការ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ចិន រង​ការ​ចោទប្រកាន់​ជាច្រើន​ពីសំណាក់​រដ្ឋអាជ្ញាអាមេរិក​រួមមាន​ បទលួចទិន្នន័យ​តាមប្រព័ន្ធអ៊ីនធឺនែត​ តាមកុំព្យូទ័រ​ និង​បទចារកម្ម​សេដ្ឋកិច្ចជាដើម​។

ក្រសួង​យុត្តិធម៌​អាមេរិក​ បានចោទប្រកាន់​មន្ត្រីយោធាជាន់ខ្ពស់ចិនទាំងនោះថាបានចូលទៅលួចយក​ព័ត៌មានសំខាន់ៗជាច្រើន​របស់​ពលរដ្ឋអាមេរិកាំង​ចំនួន​ប្រមាណជា​ ១៤៥ លាននាក់​ ដែលនេះគឺជាចំនួន​ដ៏ច្រើន​បំផុត​មួយ​។

ទាក់ទងរឿងនេះ​ មន្ត្រីរដ្ឋាភិបាល​អាមេរិក​បញ្ជាក់ប្រាប់ដែរ​ថា​ ទម្រាំ​រក​ឃើញ​បទឧក្រិដ្ឋ​តាម​ប្រព័ន្ធអ៊ីធឺនែត​ខាងលើ​ ក្រុមអ្នក​ស៊ើប​អង្កេតអាមេរិក​បានប្រើប្រាស់​រយៈពេល​ជាងមួយឆ្នាំ​ ​តាមដាន​ម៉ាស៊ីន​ផ្ទុកទិន្នន័យ​ (servers) ចំនួន ៣៤​ នៅក្នុង​ប្រទេស​ចំនួន ២០​។

ក្រុងវ៉ាស៊ីនតោន​ជឿជាក់ថា​ អង្គភាព​យោធា​និង​សន្តិសុខជាតិចិន​ កំពុងតែ​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋអាមេរិក​ និងបារម្ភខ្លាចថា​ ទីក្រុងប៉េកាំង​អាចប្រើប្រាស់​ព័ត៌មានទាំងនោះ​ ដើម្បី​កំណត់​អត្តសញ្ញាណ​ក្រុម​អ្នកស៊ើបការណ៍សម្ងាត់​របស់អាមេរិក​។

ពីខាងក្រុងប៉េកាំងវិញ​ នៅថ្ងៃអង្គារនេះ​ រដ្ឋាភិបាលចិន​បានចេញមុខ​ច្រានចោល​រាល់ការចោទប្រកាន់​របស់អាមេរិក​ និងថា​ ខ្លួន​មិនដែលបាន​ប្រព្រឹត្ត​អំពើចារកម្ម​តាមអ៊ីនធឺនែត​ទៅលើ​ប្រទេស​ណាមួយឡើយ​។ ជាមួយគ្នានេះ​ ចិន​ក៏បានអះអាង​ដែរថា​ មន្ត្រីយោធា​របស់​ខ្លួន​ទាំង​ ៤ នាក់​ មិនបាន​ជាប់ពាក់ព័ន្ធអ្វី​ទៅនឹង​បទចារកម្ម​ ដូចការ​ចោទប្រកាន់​របស់​ក្រសួងយុត្តិធម៌​អាមេរិកឡើយ​។

អ្នកនាំពាក្យក្រសួង​ការបរទេសចិ​នលោក Geng Shuang បានថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយថា​ រដ្ឋាភិបាល​ហើយនិង​កងទ័ពចិន​ មិនដែលសោះឡើយ​ធ្វើចារកម្មតាមរយៈប្រព័ន្ធអ៊ីនធឺនែត។

លោក Geng អះអាងថា​ ប្រទេសចិន​តែងតែ​ប្រយុទ្ធប្រឆាំង​ ព្រមទាំងបង្ក្រាប​រាល់ការធ្វើចារកម្ម​តាមអ៊ីនធឺនែត​តាម​គ្រប់ទម្រង់ទាំងអស់​។ ជាពិសេស​ លោកបាន​បញ្ជាក់ដែរថា​ ចិន សព្វថ្ងៃនេះ​ ក៏ជាជនរងគ្រោះម្នាក់ដែរ​ពីសកម្មភាព​ចារកម្ម​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ