អានតួអត្ថបទ
អ៊ីរ៉ាក់-វិបត្តិខ្វះទឺក

វិបត្តិខ្វះទឹក៖ អ៊ីរ៉ាក់ដំឡើងសំឡេង ចោទប្រកាន់​អ៊ីរ៉ង់

នៅអ៊ីរ៉ាក់ អាជ្ញាធរ​បាន​ព្រមាន​ពីការធ្លាក់ចុះ​ដោយ​គំហុក នូវ​កំពស់​ទឹកទន្លេ ដែលមាន​ប្រភព​ចេញមកពី ប្រទេស​ជិតខាងអ៊ីរ៉ង់។ តាម​មន្រ្តីជាន់ខ្ពស់អ៊ីរ៉ាក់ ដែល​ដកស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ការធ្លាក់ចុះដ៏គំហុក​នៃទឹកទន្លេ Sirwan នឹង​ប៉ះពាល់​ដល់​ការផលិតថាមពល នៅ​ទំនប់វារីអគ្គិសនី នៅភាគខាងជើង និង​ដំណាំកសិកម្ម​របស់​ប្រជាជនអ៊ីរ៉ាក់ ដែល​ពឹងអាស្រ័យ​លើ​ទឹកទន្លេ​Sirwan។

ទន្លេ Siba in Basra ប្រវែង ៣៤០​គីឡូម៉ែត្រ​​ហូរកាត់ប្រទេស​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់។ ធ្លាប់មានឈ្មោះថា ជាទន្លេ​ដែល​ខ័ណ្ឌចែកទឹកដី​ជាពីរផ្សេងគ្នា ទឺកទន្លេ​បាន​ស្រកចុះ​ខ្លាំង​ដោយសារ​ការសាងសង់ទំនប់​វ៉ារីអគ្គិសនី​នៅតួកគី
ទន្លេ Siba in Basra ប្រវែង ៣៤០​គីឡូម៉ែត្រ​​ហូរកាត់ប្រទេស​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់។ ធ្លាប់មានឈ្មោះថា ជាទន្លេ​ដែល​ខ័ណ្ឌចែកទឹកដី​ជាពីរផ្សេងគ្នា ទឺកទន្លេ​បាន​ស្រកចុះ​ខ្លាំង​ដោយសារ​ការសាងសង់ទំនប់​វ៉ារីអគ្គិសនី​នៅតួកគី AP - Nabil al-Jurani
ផ្សាយពាណិជ្ជកម្ម

ទឹកទន្លេ Sirwan ដែលមានប្រភព​ចេញមកពី​ប្រទេស​អ៊ីរ៉ង់ តែង​ហូរចាក់​បំពេញ​ទំនប់​វ៉ារីអគ្គិសនី នៅភាគខាងជើង​នៅអ៊ីរ៉ាក់ ស្រោចស្រព​ដំណាំកសិកម្ម មុន​នឹង​ហូរ​ចូលទៅទន្លេ Tigre។ ប៉ុន្តែ នៅ​ឆ្នាំនេះ ទឹកទន្លេ​Sirwan បានស្រក​ចុះ​ខ្លាំង​មិនធ្លាប់មាន​ពីមុនមក។ តាម​លោក​Rahman Khani ប្រធាន​ទំនប់វ៉ារីអគ្គិសនី​អ៊ីរ៉ាក់ ក្នុង​រយៈពេលតែ​១ឆ្នាំ ទឹកទន្លេ នៅក្នុង​ទឹកដី​អ៊ីរ៉ាក់ បានស្រក​ចុះ អស់ ៧ម៉ែត្រកន្លះ។

មន្រ្តីអ៊ីរ៉ាក់​ទម្លាក់កំហុសទៅលើ​ការសាងសង់​ទំនប់​នៅខាង​ភាគីទឹកដី អ៊ីរ៉ង់ ហើយ​និងការខ្សត់ទឹកភ្លៀង ដែល​ជា​លទ្ធផល​នៃ​ការប្រែប្រួលអាកាសធាតុ ថា ដើមហេតុ​ដែលធ្វើ​ឲ្យ​កំពស់ទឹកទន្លេ​ធ្លាក់ចុះ ដ៏គំហុក។ តាម ប្រធាន​ទំនប់​វ៉ារីអគ្គិសនី​ដដែល នៅឆ្នាំនេះ ទំនប់​បាន​ទទួល​ទឹកទន្លេ​តែជាង ៩០០លាន​ម៉ែត្រគូប គឺតិចជាង​ឆ្នាំមុន ដល់​ទៅ ៥ដង ដែលមាន​ប្រមាណ ៤៧០០​លាន​ម៉ែត្រគូប។ ការណ៍​នេះ​បានធ្វើ​ឲ្យ​ការផលិតអគ្គសនី​ ធ្លាក់ថយចុះ អស់ ៣០%។

ការសាងសង់​ទំនប់វ៉ារីអគ្គិសនី​នៅខាង​ភាគីអ៊ីរ៉ង់ ដែលជាដើមហេតុ​នៃការធ្លាក់ចុះ​កំពស់ទឹកទន្លេ​នៅអ៊ីរ៉ាក់​បាន​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក​អ៊ីរ៉ាក់ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដាក់ពាក្យ​ប្តឹង​អ៊ីរ៉ង់​ទៅ​តុលាការយុត្តិធម៌អន្តរជាតិ​នៅទីក្រុង​ឡាអេ។ តាម​លោក​Aoun Thiab ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រសួងធនធានទឹក ទឹកទន្លេ​Sirwan ដែលមាន​ប្រភពចេញពីអ៊ីរ៉ង់​ត្រូវ​បាន​គេ​កាត់ផ្តាច់ទាំងស្រុង។ សម្រាប់លោក អ៊ីរ៉ង់​បាន​រំលោភ​ច្បាប់​អន្តរជាតិ​ស្តីពី​ការប្រើប្រាស់ទឹក​ដែល​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ។ ប៉ុន្តែ មន្រ្តីខាងលើ​ទទួលស្គាល់ថា ការប្តឹងចោទប្រកាន់​អ៊ីរ៉ង់​ទៅតុលាការ​អន្តរជាតិ ជា​ការសម្រេចចិត្ត​របស់​អ្នកនយោបាយ ប៉ុន្តែ មិនមែន​អ្នកបច្ចេកទេស​នោះទេ។

អ៊ីរ៉ាក់​ជាប្រទេស​នាំចេញ​ប្រេង​ដ៏សំខាន់​មួយ​របស់​អង្គការ​OPEP។ ប៉ុន្តែ ដោយសារ​សង្រ្គាមស៊ីវិល អំពើពុករលួយ ប្រទេស​មួយនេះ​កំពុង​ប្រឈម​នឹង​វិបត្តិខ្វះថាមពល និង​ត្រូវពឹងអាស្រ័យ​លើ​អ៊ីរ៉ង់​ដែល​ផ្គត់ផ្គង់​៣០%​នៃ​អគ្គិសនី ហ្គាសនៅអ៊ីរ៉ាក់។ ជម្លោះ​ដណ្តើមទឹក​សំខាន់ណាស់​សម្រាប់ អ៊ីរ៉ាក់ ដែល​ចែករំលែក ទឹកទន្លេ ជាមួយ​ប្រទេស​តួកគី ស៊ីរី និង​អ៊ីរ៉ង់។

ខ្វះទឹក ដែល​បណ្តាល​មកពី​គ្រោះរាំងស្ងួត និង​ខ្សត់ភ្លៀង នៅប៉ុន្មានឆ្នាំ​មកនេះ កំពុង​គំរាមកំហែង​វិស័យកសិកម្ម​របស់អ៊ីរ៉ាក់។ បន្ថែមពីនេះ អ៊ីរ៉ាក់​ក៏ត្រូវ​ប្រឈម​នឹង​ការធ្លាក់ចុះ​នៃកំពស់ទឹកទន្លេ ដោយសារ​ការសាងសង់ទំនប់​វ៉ារីអគ្គិសនី​ជា​ច្រើនកន្លែង នៅប្រទេស​អ៊ីរ៉ង់ និង​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ