អានតួអត្ថបទ
ជម្លោះ​​អ៊ីស្រាអែល​-អ៊ីរ៉ង់

អ៊ីរ៉ង់​​វាយប្រហារ​​ទ្រង់ទ្រាយធំដោយផ្ទាល់ និងជា​លើកទី១ ទៅលើ​អ៊ីស្រាអែល

កងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ បាន​បើកការវាយប្រហារផ្លូវ​អាកាស​ទ្រង់ទ្រាយធំទៅលើ​ទឹកដី​ អ៊ីស្រាអែល ​នៅ​យប់​ថ្ងៃសៅរ៍​ឈាន​ចូល​ថ្ងៃអាទិត្យ​នេះ។ នេះជាការ​វាយប្រហារ​ដោយ​ចេញមុខនិងដោយ​ផ្ទាល់​ជាលើកទី១​ ពីសំណាក់​​អ៊ីរ៉ង់ ចំពោះ​អ៊ីស្រាអែល។​ ទីបញ្ជាការកងទ័ព​អ៊ីរ៉ង់​បញ្ជាក់ទៀត​​​ថា ការ​វាយប្រហារ​របស់​ខ្លួន ​បាន​សម្រេចចំ​​គោលដៅសំខាន់ៗ​​ទាំងអស់។ ផ្ទុយទៅវិញ ​អ៊ីស្រាអែល ​អះអាងថា​បាញ់​ស្ទាក់​កម្ទេច​បាន ​៩៩%​ ហើយ​និងគ្មា​នបង្កការ​ខូច​ខាត​អ្វី​ធំដុំទេ​។​​

ការ​វាយប្រហារ​តាមផ្លូវ​អាកាសរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល យប់ថ្ងៃសៅរ៍។​
ការ​វាយប្រហារ​តាមផ្លូវ​អាកាសរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល យប់ថ្ងៃសៅរ៍។​ AFP - -
ផ្សាយពាណិជ្ជកម្ម

នៅ​អ៊ីរ៉ង់ គ្រាន់តែ​មេបញ្ជាការ​យោធា​ប្រកាស​តាម​កញ្ចក់ទូរទស្សន៍​ជាតិ​បាន​តែបន្តិច ការ​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​​ក៏​ចាប់ផ្ទុះឡើង​ វេលាម៉ោង​ជាង ១១ យប់​ ម៉ោង​ក្នុងស្រុក​​។

ដំបូង​ដៃ អ៊ីរ៉ង់ ប្រើ​គ្រាប់​រ៉ូក្កែត​ជាច្រើន​ បាញ់​វាយប្រហារ​ទៅលើ​តំបន់ដែន​ដី​​ហ្គូឡានដែល​អ៊ីស្រាអែល​ត្រួតត្រា។ ហ្គូឡានជា​ទឹកដី​ស៊ីរី ដែលត្រូវ​អ៊ីស្រាអែល​យកទៅ​​គ្រប់គ្រង​ត្រួត​ចាប់តាំងពី​សង្គ្រាម​​៦ថ្ងៃ ឆ្នាំ​១៩៦៧រហូតមក​។  ក្រោយមកទៀត អ៊ីរ៉ង់ បាន​ប្រើ​យន្តហោះ​ដ្រូន មីស៊ីលបាឡេស្ទីក និងមីស៊ីល​ Croisière សរុប​ជាង ២០០​ បាញ់​ស្រោច​សំដៅ​លើទឹកដី​អ៊ីស្រាអែល​។​ ចំនួន​នេះបញ្ជាក់​ដោយ​យោធាអ៊ីស្រាអែល និង​ឲ្យដឹង​ទៀតថា ការ​វាយប្រហារ​ផ្លូវ​អាកាសពីសំណាក់​អ៊ីរ៉ង់នេះ ផ្តើម​នៅម៉ោងប្រមាណ​ជាង​ ១១ យប់​ ហើយ​បន្ត​រហូត​ដល់​ម៉ោង ៣និង​២០នាទី​ ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ​ ក៏​​សកម្មភាព​វាយប្រហារ​​​​នៅតែបន្ត​មាន ឥតដាច់​។​

ការបាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​លើកនេះ ត្រូវ​យោធា​​អ៊ីរ៉ងពន្យល់ថា ជាការឆ្លើយ​តប​នឹងការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ចំពោះ​ស្ថានកុងស៊ុល​អ៊ីរ៉ង់នៅក្រុង​ដាម៉ាស ​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី​១មេសា​ ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ១៦ នាក់ ក្នុងនោះ មានមន្ត្រីជាន់ខ្ពស់​ខ្មាំបដិវត្តន៍​និងជា​​មេបញ្ជាការ​ធំ​អ៊ីរ៉ង់​ ២ នាក់​ផង។​

យោធា​ជើង​អាកាស​របស់កងកម្លាំង​ខ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បានអះអាង​នៅថ្ងៃអាទិត្យ​ ទី​១៤មេសា ថា ការ​វាយប្រហារ​​របស់ខ្លួន​នៅលើ​ទឹកដី​អ៊ីស្រាអែល បាន​សម្រេច​ចំ​គោល​ដៅ​សំខាន់ៗ​ទាំងអស់​។​ ក៏ប៉ុន្តែ​ ពីភាគី​ខាង​អ៊ីស្រាអែល​វិញ ​បញ្ជាក់​ថាបាន​​ប្រើ​ខែល​​ប្រឆាំង​មីស៊ីល​ ខែលការពារ​បាញ់ស្ទាក់​ កម្ទេច​​ដ្រូន​និងគ្រាប់​មីស៊ីល​របស់​អ៊ីរ៉ង់ ស្ទើរតែ​៩៩%​។ ដូច្នេះ គ្មាន​យន្តហោះដ្រូន​ គ្មានមីស៊ីល ​អ៊ីរ៉ង់ ជ្រៀត​ចូល​ដែនដី​អ៊ីស្រាអែល​ទេ លើកលែងតែ​មីស៊ីល​បាឡេស្ទីក​​តិតតួច​ប៉ុណ្ណោះ​ តែគ្មាន​បង្ក​ផលរម៉ាស់​អ្វី​ធំដុំទេ​។ ​គ្មាន​ទីប្រជុំ​ជន​ក្រុង​និង​មជ្ឈមណ្ឌល​សេដ្ឋកិច្ចណាមួយ រងការ​ខូច​ខាត​នោះឡើយ ហើយ​ក៏គ្មាន​មនុស្ស​រង​របួស​ដែរ។​ ​នេះបើតាមលោក ដានីញែល ហាហ្ការី ​អ្នក​នាំពាក្យទីបញ្ជាការ​យោធា​អ៊ីស្រាអែល។

ផ្ទុយទៅវិញ ​​មេបញ្ជាការ​អ៊ីរ៉ង់ ឧត្តមសេនីយ៍ ម៉ូហាម៉ាត ប៉ាហ្គេរី បញ្ជាក់តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​ថា ផលវិបាកខូច​ខាត​ចំពោះ​អ៊ីស្រាអែល​ ធ្ងន់ធ្ងរសម្បើម​​ណាស់ ពិសេស​មូលដ្ឋាន​យោធា​ផ្លូវ​អាកាស​ នៅ​ប៉ែក​ខាងត្បូង តំបន់ណេហ្គីវ​ ។ ​យ៉ាងណាក៏ដោយ​ចុះ  ថ្នាក់ដឹកនាំ​អ៊ីរ៉ង់ លើកឡើងថា​ គ្មាន​ចេតនា​នឹង​បន្ត​ការ​វាយប្រហារ​ទៀត​នោះទេ​។ ក៏ប៉ុន្តែ អ៊ីរ៉ង់ បាន​ព្រមាន​​អ៊ីស្រាអែល​ កុំ​បន្ត បើ​មិន​ចង់​រងការវាយបកជាថ្មី យ៉ាងចាស់។ ហើយ​ អ៊ីរ៉ង់ ក៏បាន​​ព្រមាន​សហរដ្ឋអាមេរិក កុំឲ្យ​លូកដៃ ព្រោះនេះ ជា​ជម្លោះ​ទ្វេភាគី​រវាង​អ៊ីរ៉ង់​និង​អ៊ីស្រាអែល​តែប៉ុណ្ណោះ បើ​មិន​ដូច្នេះ មូលដ្ឋាន​យោធា​អាមេរិក​ក្នុង​តំបន់​ដើមបូព៌ា នឹងជួបគ្រោះថ្នាក់។​

ក្រោយ​ផ្ទុះ​ការវាយប្រហារ​ផ្លូវ​អាកាសរបស់អ៊ីរ៉ង់​នេះ​, ប្រទេស​ជិត​ខាងអ៊ីរ៉ង់-​អ៊ីស្រាអែល មា​នអ៊ីរ៉ាក់ អេហ្ស៊ីប លីបង់ និង​ហ្ស័កដានី បាន​ប្រកាសព្រមៗគ្នា ​បិទ​ផ្លូវជើង​​ហោះហើរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ