អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់-អ៊ុយក្រែន

ក្រសួងការពារជាតិ​អាមេរិក ​ថា​បាន​យក​​អាវុធ​​និង​គ្រាប់​ដែល​រឹបអូស​បាន​ពីអ៊ីរ៉ង់ ទៅ​ឲ្យ​​អ៊ុយក្រែន

ក្រសួង​ការពារជាតិអាមេរិក បានឲ្យដឹងកាលពីថ្ងៃអង្គារ ទី​៩មេសាថា គេបានបញ្ជូនអាវុធនិងគ្រាប់​ទំហំតូចមួយចំនួន ទៅឲ្យ​កងទ័ពអ៊ុយក្រែន។ ជាអាវុធ និងគ្រាប់ ផលិត​នៅអ៊ីរ៉ង់ ហើយដែល​កងទ័ពអាមេរិកបានស្ទាក់​​រឹបអូសបាន ក្នុងពេលដែល​អ៊ីរ៉ង់បញ្ជូនយកទៅឲ្យ​ក្រុមឧទ្ទាមហ៊ូទីយេម៉ែន។

អាវុធដែល​កងទ័ពអាមេរិករឹបអូសបានពី​អ៊ីរ៉ង់ ហើយបញ្ជូនយកទៅឲ្យ​អ៊ុយក្រែន នៅថ្ងៃទី​៤មេសា២០២៤
អាវុធដែល​កងទ័ពអាមេរិករឹបអូសបានពី​អ៊ីរ៉ង់ ហើយបញ្ជូនយកទៅឲ្យ​អ៊ុយក្រែន នៅថ្ងៃទី​៤មេសា២០២៤ © CENTCOM
ផ្សាយពាណិជ្ជកម្ម

នៅលើ​ទំព័របណ្តាញសង្គម​ X ទីបញ្ជាការដ្ឋាន​កងទ័ពអាមេរិកប្រចាំការនៅតំបន់ដើមបូព៌ា CENTCOM បានឲ្យដឹងថា កាលពីថ្ងៃទី​៤មេសា គេបានបញ្ជូនយក​​​ទៅឲ្យ​កងទ័ពអ៊ុយក្រែន នូវ​អាវុធ​ និងគ្រាប់មួយចំនួន ដែលគេស្ទាក់រឹបអូសបានពី​ក្រុមឧទ្ទាមហ៊ូទីកូនចៅអ៊ីរ៉ង់​។ ក្នុងចំណោម​អាវុធអ៊ីរ៉ង់ ដែលគេបានបញ្ជូនយកទៅឲ្យ​អ៊ុយក្រែននេះ គឺមាន​ កាំភ្លើង AK-47 ចំនួន​៥០០០ដើម កាំភ្លើងមីត្រៃយែត កំភ្លើងហ្វូស៊ីល កាំភ្លើងបាញ់គ្រាប់បែក ព្រមទាំង​គ្រាប់​កាំភ្លើងចំនួន​៥សែនគ្រាប់​។​

ផ្អែកតាមទីបញ្ជាការកងទ័ពអាមេរិក​ខាងលើ គ្រឿងសព្វាវុធទាំងនេះ គឺជាសព្វាវុធរបស់កងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់ ដែលបានបញ្ជូន​យកទៅ​ឲ្យ​ក្រុមឧទ្ទាមហ៊ូទីយេម៉ែន ​ដោយ​បំពាន​នឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ​។ អាវុធនិងគ្រាប់របស់អ៊ីរ៉ង់ទាំងនេះ ត្រូវបាន​កងទ័ពអាមេរិក និង​កងទ័ពសម្ព័ន្ធមិត្តប្រចាំការនៅ​តំបន់ដើមបូព៌ា ស្ទាក់​ចាប់បាន​​ នៅក្នុងនាវាចំនួន​៤ រវាងពីខែឧសភាឆ្នាំ​២០២១ ដល់ខែកុម្ភៈឆ្នាំ​​២០២៣។ សោះនឹង​ទុកចោលឲ្យច្រែសស៊ី​ កងទ័ពអាមេរិកបានសម្រេចបញ្ជូន​វា យកទៅឲ្យ​កងទ័ពអ៊ុយក្រែន​ប្រើប្រាស់​។

កងទ័ពអាមេរិក​ បានឲ្យដឹងបន្ថែមថា អាវុធនិង​គ្រាប់ទាំងនេះ គឺ​គ្រប់គ្រាន់អាចជួយ​ដល់ កងពលតូចអ៊ុយក្រែនដើម្បីបន្តការប្រយុទ្ធនៅសមរភូមិ។ តែយ៉ាងណា វាមិនមែនជាដំណោះស្រាយយូរអង្វែង​ សម្រាប់កងទ័ពអ៊ុយក្រែន​ ដែលកំពុង​តែត្រូវការជាខ្លាំង នូវអាវុធធុនធំៗ ដែលមានដូចជាគ្រាប់រ៉ូកែត មីស៊ីល និងយន្តហោះចម្បាំងជាដើម​។

គួរបញ្ជាក់ថា កងទ័ពអ៊ុយក្រែនកំពុង​ខ្វះ​អាវុធខ្វះគ្រាប់យ៉ាងខ្លាំង នៅក្នុងការប្រយុទ្ធទប់ទល់ជាមួយរុស្ស៊ី។ កញ្ចប់ថវិកាថ្មី ចំនួន​៦ម៉ឺនលានដុល្លារ ដែលរដ្ឋបាលលោកចូបៃដិនបានស្នើ ដើម្បីជួយអ៊ុយក្រែននោះ កំពុងតែជាប់គាំងនៅសភាខុនហ្ក្រេស មិនទាន់មានសង្ឃឹមថា​អាចអនុម័តចេញឡើយ​។ កាលពីថ្ងៃអាទិត្យ​កន្លងទៅ លោក​ប្រធានាធិបតីអ៊ុយក្រែន បាន​ថ្លែងថា អ៊ុយក្រែននឹងចាញ់សង្គ្រាម ប្រសិនបើគ្មាន​ជំនួយ​យោធាពី​សហរដ្ឋអាមេរិកទេនោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ