អានតួអត្ថបទ
បាល់ទាត់ពិភពលោក2022

អង្គការ​សិទ្ធិ​មនុស្ស​ចង់​ឲ្យ​ក្រុមហ៊ុន​ឧបត្ថម្ភ​ការប្រកួត​បាល់ទាត់​ពិភពលោកចូលរួមដាក់សម្ពាធលើកាតា

នៅ​២ខែមុន​ការប្រកួត​បាល់ទាត់​ពិភពលោក ដែលត្រូវ​ប្រព្រឹត្តទៅ នៅ​ប្រទេស​កាតា បណ្តាញ​អង្គការ​ការពារ​សិទ្ធិមនុស្ស បានអំពាវនាវ​រកការគាំទ្រ​ពី​ក្រុមហ៊ុន​អន្តរជាតិ សម្រាប់​យុទ្ធនាការ​ទាមទារ​សំណងជំងឺចិត្ត​ពីអង្គការ​Fifa និង​ពីកាតា ដែលជាប្រទេស​ម្ចាស់ផ្ទះ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ ធ្លាប់​រិះគន់​អាជ្ញាធរ​កាតា និង​អង្គការ​Fifa ថា មិន​អើពើ​ពី​រឿង​រំលោភ​សិទ្ធិមនុស្ស ទៅលើ​កម្មករ​បរទេស ដែល​ធ្វើការ​ នៅតាម​ការដ្ឋាន​សាងសង់​ពហុកីឡាដ្ឋាន ដែលគេ​ត្រូវ​ប្រើ​សម្រាប់​ការប្រកួតកីឡាបាល់ទាត់​ពិភពលោក នៅ​កាតា នៅ​ខែ​វិច្ឆិកា​ខាងមុខ។

ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ជាក្រុមហ៊ុន​ដៃគូមួយដែល ឧបត្ថម្ភកម្មវិធីប្រកួតបាល់ទាត់ពិភពលោក​នៅ​កាតា ដែលត្រូវ​ចាប់ផ្តើម​នៅខែ វិច្ឆិកា ឆ្នាំ ២០២២
ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ជាក្រុមហ៊ុន​ដៃគូមួយដែល ឧបត្ថម្ភកម្មវិធីប្រកួតបាល់ទាត់ពិភពលោក​នៅ​កាតា ដែលត្រូវ​ចាប់ផ្តើម​នៅខែ វិច្ឆិកា ឆ្នាំ ២០២២ AP - Jacob Kupferman
ផ្សាយពាណិជ្ជកម្ម

នៅតែ២ខែទៀតប៉ុណ្ណោះ ការប្រកួតបាល់ទាត់​ពិភពលោក ឆ្នាំ ២០២២ នឹងចាប់ផ្តើម​នៅប្រទេស​កាតា។ ប៉ុន្តែ ​គិត​រហូតមកដល់​ថ្ងៃទី ២០ កញ្ញា មានតែ​ក្រុមហ៊ុន​ដៃគូ និង​ក្រុមហ៊ុន​ឧបត្ថម្ភ​ការប្រកួតបាល់ទាត់ពិភពលោក ចំនួន៤ ក្នុងចំណោម ១៤ ដែល​ចេញមុខ​គាំទ្រ យុទ្ធនាការ ទាមទារ​ឲ្យមានប្រាក់សង​ជំងឺចិត្ត សម្រាប់​កម្មករ​ដែល​ធ្លាប់​ធ្វើការ​នៅការដ្ឋានសាងសង់​ស្តាត នៅប្រទេស​កាតា។

តាម​សេចក្តីប្រកាស​រួម របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ដូចជា Human Rights Watch និង​Amnesty Internationalជាដើម ក្រុមហ៊ុន​ភេសជ្ជៈ កូកាកូឡា Adidas McDonald’sនិង AB InBev បាន​សន្យា​គាំទ្រ​បុព្វហេតុ​ទាមទារ​សំណងជំងឺចិត្ត​ជាថវិកា ឲ្យ​កម្មករ ដែលធ្លាប់ធ្វើការ​នៅ​ការដ្ឋាន​សាងសង់​ពហុកីឡាដ្ឋាន​នៅកាតា។ ចំណែកក្រុមហ៊ុន​ឧបត្ថម្ភកម្ម​វិធី​ប្រកួតបាល់ទាត់​ពិភពលោក ចំនួន ១០​ផ្សេងទៀត ដូចជា Vivo Qatar Energy Visa Hyundai-Kia Crypto Wanda ជាដើម នៅ​មិនទាន់​ចេញមុខ​ប្រកាសជំហរ​របស់ខ្លួននៅឡើយទេ។

សម្រាប់ប្រធាន​អង្គការការពារ​សិទ្ធិមនុស្ស Human Rights Watch លោកស្រី Minky Worden នៅតែ​២ខែមុន​ការប្រកួតកីឡាបាល់ទាត់ពិភពលោក ក្រុមហ៊ុន​ឧបត្ថម្ភកម្មវិធី គួរប្រើ​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​ដាក់សម្ពាធ​លើ​ប្រទេស​កាតា ដែលជាម្ចាស់ផ្ទះ។

ចាប់តាំង​ពី ប្រទេស​កាតា​ត្រូវអង្គការ​Fifa ​ជ្រើសរើស​ជា​ម្ចាស់​ផ្ទះ រៀបចំ​ការប្រកួតកីឡាបាល់ទាត់​ពិភពលោកឆ្នាំ ២០២២ អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ចោទប្រកាន់​អាជ្ញាធរ កាតា ថា មិន​បានយកចិត្តទុកដាក់​ពី​លក្ខខណ្ឌ​ការងារ​របស់​កម្មករ ដូចជា​ការមិនបានទទួលប្រាក់ខែនិង​ការរំលោភបំពាន​ពីសំណាក់ថៅកែម៉ៅការសំណង់។ អាជ្ញាធរ​កាតា​រងការរិះគន់ផងដែរថា ធ្លាប់​បាន​ប៉ុនប៉ង បិទខ្ទប់​ព័ត៌មាន នៅពេល​មានករណី​ស្លាប់​ពលករអន្តោប្រវេសន៍ នៅតាម​ការដ្ឋាន សាងសង់ស្តាត។

នៅថ្ងៃ​ចន្ទ ដើមសប្តាហ៍នេះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិកាតា ​រៀបចំ​ការប្រកួតបាល់ទាត់​បានលើកឡើង​ពីមោទនភាព​របស់​កាតា ដែលបានធ្វើកំណែទម្រង់​ជាច្រើន​ដើម្បី លើកកំពស់​លក្ខខណ្ឌ​ការងារ​របស់​ពលករអន្តោប្រវេសន៍ ដែល​នៅក្នុងនោះ​មានផងដែរ ប្រាក់ខែ អប្បបរមា របស់​កម្មករ ហើយ​និងការប្រយុទ្ធប្រឆាំង​នឹង​បណ្តាញ​រើសបញ្ចូលកម្មករ​ខុសច្បាប់​នៅ​កាតា។ តាមអាជ្ញាធរ​កាតា រដ្ឋាភិបាល​បាន​សន្យាចំណាយ​ថវិកា​២៨លាន​ដុល្លារ សម្រាប់​ពលករ​បរទេសទាំងឡាយណា ដែលធ្លាប់បាន​បង់ថ្លៃ​ទៅ​ឲ្យទីភ្នាក់ងារ​ដែលនាំយក​ពួកគេ​មកធ្វើការ​ដោយ​ខុសច្បាប់ នៅ​ការដ្ឋានសាងសង់​ស្តាត​នៅប្រទេស​កាតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ