អានតួអត្ថបទ

ក្រោយ​ចរចាជាង ២ឆ្នាំ លីបង់ និងអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ តុលា ប្រទេស​លីបង់ និង​ប្រទេស​អ៊ីស្រាអែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​កំណត់​ព្រំដែន​សមុទ្រ។ តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ ប្រទេស​ជិត​ខាង​ទាំង​ពីរ​អាច​ធ្វើ​អាជីកម្ម​លើ​អណ្តូង​ឧស្ម័ន​នៅ​ទីតាំង​ចំណែក​របស់​ខ្លួន​ក្នុង​សមុទ្រ​សមុទ្រ​មេឌីទែររ៉ាណេ​ខាងកើត។ គួរ​បញ្ជាក់​ថា ជម្លោះ​ព្រំដែន​សមុទ្រ​មួយ​នេះ​បាន​កើត​មាន​តាំង​ពី​យូរ ហើយ​ទំរាំ​ទទួល​បាន​កិច្ចព្រមព្រៀង​ពេល​នេះ អ៊ីស្រាអែល និង​លីបង់​បាន​ផ្តើម​ចរចា​តាំង​ពី​ជាង ២ឆ្នាំ​ដោយ​មាន​អាមេរិក​ធ្វើ​ជា​អាជ្ញាកណ្តាល។

អន្តរការី​អាមេរិក​លោក Amos Hochstein (រូបឆ្វេង) និង​ប្រធានាធិបតី​លីបង់ លោក Michel Aoun។
អន្តរការី​អាមេរិក​លោក Amos Hochstein (រូបឆ្វេង) និង​ប្រធានាធិបតី​លីបង់ លោក Michel Aoun។ AP - Dalati Nohra
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ស្តីពី​ការ​កំណត់​ព្រំដែន​សមុទ្រ​រវាង​អ៊ីស្រាអែល និង​លីបង់​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​យ៉ាអៀរ ឡាពីដ និង​ប្រធានាធិបតី​លីបង់​លោក​មីសែល អាអ៊ូន។ ក៏​ប៉ុន្តែ លោក​ឡាពីដ និង​លោក​អាអ៊ូន​មិន​បាន​អង្គុយ​ចុះ​ហត្ថលេខា​ក្បែរ​គ្នា​ទេ មាន​ន័យ​ថា អន្តរការី​អាមេរិក​បាន​នាំ​យក​កិច្ចព្រមព្រៀង​នោះ​ទៅ​ឲ្យ​ឥស្សរជន​ទាំង​ពីរ​ចុះ​ហត្ថលេខា​នៅ​ក្នុង​ការិយាល័យ​របស់​ពួក​គេ​រៀងៗ​ខ្លួន។ បន្ទាប់​មក ពិធី​ដោះដូរ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កម្លាំងមួកខៀវ​របស់​អង្គការសហប្រជាជាតិ​ស្ថិត​ក្បែរ​ព្រំដែន​លីបង់​ដោយ​មាន​វត្តមាន​អន្តរការី​អាមេរិក​លោក Amos Hochstein និង​ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​លីបង់​លោកស្រី Joanna Wronecka។

កំណត់​សម្គាល់​មួយ​ទៀត ការ​ដោះដូរ​កិច្ចព្រមព្រៀង​នេះ​ក៏​មិន​បាន​ធ្វើ​ដោយ​ផ្ទាល់​រវាង​ភាគី​ទាំង​ពីរ​ដែរ មាន​ន័យ​ថា បាន​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ពីរ​ដាច់​គ្នា​តាម​រយៈ​អន្តរការី​អាមេរិក។ តាម​ពិត​ទៅ លីបង់​មិន​ចង់​ឲ្យ​គណៈប្រតិភូ​របស់​ខ្លួន​មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​គណៈប្រតិភូ​អ៊ីស្រាអែល។ យ៉ាង​ណា​ក៏​ដោយ​ចាប់​ពី​ពេល​នេះ​ត​ទៅ កិច្ចព្រមព្រៀង​មួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល និង​លីបង់​អាច​ធ្វើ​អាជីវកម្ម​លើ​អណ្តូង​ឧស្ម័ន​នៅ​ទីតាំង​ដែល​ខ្លួន​ទទួល​បាន​ក្នុង​សមុទ្រ​មេឌីទែររ៉ាណេ​ខាងកើត។ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​រវាង​លីបង់ និង​អ៊ីស្រាអែល​ពេល​នេះ។

តែ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​យ៉ាអៀរ ឡាពីដ​ហាក់​កំពុង​ទាញ​ចំណេញ​នយោបាយ​ដោយ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​មួយ​នេះ​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​រដ្ឋ​អ៊ីស្រាអែល​របស់​លីបង់។ តែ​ប្រធានាធិបតី​លីបង់​លោក​មីសែល អាអ៊ូន​បាន​វាយ​បក​វិញ​ថា កិច្ចព្រមព្រៀង​មួយ​នេះ​មាន​លក្ខណៈ​បច្ចេកទេស​សុទ្ធសាធ និង​គ្មាន​វិសាលភាព​នយោបាយ​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​ការបរទេស​របស់​លីបង់​ជាមួយ​អ៊ីស្រាអែល​ទេ។ ចំណែក​ចលនា​ហេស្បូឡាលីបង់​បាន​ប្រកាស​បិទបញ្ចប់​វិធានការ​យោធា​ពិសេស​ប្រឈម​នឹង​អ៊ីស្រាអែល។ គួរ​បញ្ជាក់​ថា​ជា​ផ្លូវការ ប្រទេស​ជិត​ខាង​ទាំង​ពីរ​អ៊ីស្រាអែល និង​លីបង់​កំពុង​មាន​សង្រ្គាម​នឹង​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ