អានតួអត្ថបទ

អ៊ីស្រាអែល​បើក​ប្រតិបត្តិការ​យោធា សម្លាប់​មេជីហាត ៣រូប នៅ​តំបន់​ហ្កាហ្សា

ការវាយប្រហារផ្លូវអាកាស​របស់អ៊ីស្រាអែល ទៅលើ​តំបន់ហ្កាហ្សា នៅព្រឹកថ្ងៃអង្គារនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៣នាក់ ដែលនៅក្នុងនោះ ៣នាក់​ជា​មេដឹកនាំប្រដាប់អាវុធជីហាត ដែលជា​ផ្ទាំងស៊ីបវាយប្រហារ​របស់​អ៊ីស្រាអែល។ យោងតាម​ក្រសួងសុខាភិបាល​ប៉ាឡេស្ទីន​នៅហ្កាហ្សា នៅក្នុងចំណោមជនរងគ្រោះស្លាប់ ក្នុងការវាយប្រហារ​របស់​អ៊ីស្រាអែល ចំនួន ១៣នាក់ មាន​៤នាក់ ជា​កុមារប៉ាឡេស្ទីន។ ចលនា​ជីហាត​នៅ​ហ្កាហ្សា​បាន​ប្រកាស​សងសឹក ចំណែក​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ព្រមាន​អ៊ីស្រាអែល​ពី​ផលវិបាក នៅក្រោយ​ការវាយប្រហារលើកនេះ។

ជនរងគ្រោះដោយសារ​ការវាយប្រហារ​ផ្លូវអាកាសរបស់អ៊ីស្រាអែល​នៅថ្ងៃអង្គារ​ទី​៩​ឧសភា ២០២៣ ត្រូវ​ដឹកទៅមន្ទីរពេទ្យ​នៅShifa
ជនរងគ្រោះដោយសារ​ការវាយប្រហារ​ផ្លូវអាកាសរបស់អ៊ីស្រាអែល​នៅថ្ងៃអង្គារ​ទី​៩​ឧសភា ២០២៣ ត្រូវ​ដឹកទៅមន្ទីរពេទ្យ​នៅShifa REUTERS - AHMED ZAKOT
ផ្សាយពាណិជ្ជកម្ម

បទឈប់បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុមប្រដាប់​អាវុធ​ជីហាត​អ៊ីស្លាម ក្នុង​តំបន់ហ្កាហ្សា នៅ​មិនទាន់​ពេញគ្រប់​១សប្តាហ៍ផង អ៊ីស្រាអែល​បើកការវាយប្រហារ​ទ្រង់ទ្រាយ​ធំ ទៅលើ​តំបន់ហ្កាហ្សា នៅព្រឹកថ្ងៃ​អង្គារនេះ ដោយ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ចំនួន​៤០គ្រឿង។

តាម​កងទ័ពអ៊ីស្រាអែល ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​គោលដៅ ដែលជា​ទីតាំង របស់​ក្រុមជីហាតអ៊ីស្លាម នៅក្នុង​តំបន់​ហ្កាហ្សា បាន​សម្លាប់​ថ្នាក់ដឹកនាំ​៣រូប​របស់​ចលនា​ជីហាតអ៊ីស្លាម ដែលជា​ក្រុមប្រដាប់អាវុធ​ធំទី២ នៅ​តំបន់​ហ្កាហ្សា បន្ទាប់ពី​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន។

សម្រាប់​អ៊ីស្រាអែល មេក្រុមប្រដាប់អាវុធ​ជីហាត​អ៊ីស្លាម ទាំង​៣រូប ដែល​ស្លាប់ ក្នុង​ការវាយប្រហារ​លើកនេះ សុទ្ធសឹង​តែ​ជាមនុស្ស​សំខាន់​របស់​ក្រុមជីហាតអ៊ីស្លាម។ ១នាក់​ជា​អ្នកទទួលខុសត្រូវ​លើ​ការបាញ់គ្រាប់រ៉ុកក្កែត​ប្រឆាំង​អ៊ីស្រាអែល ១នាក់ទៀតជាអ្នកធ្លាប់រៀបចំផែនការ និងដឹកនាំ​ការវាយប្រហារ​ទៅលើ​ប្រជាជន​ស៊ីវិល​អ៊ីស្រាអែល។ អ្នកនាំពាក្យ​របស់​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​បាន​និយាយ​ប្រាប់អ្នកកាសែត​ថា នៅក្នុងប្រតិបត្តិការលើកនេះ កងទ័ព​អ៊ីស្រាអែល​បាន​សម្រេច​គោលដៅ​ដែល​បាន​ប៉ងទុក​ជា​យូរមកហើយ។

នៅព្រឹកថ្ងៃអង្គារ​នេះ ក្រុមជីហាតអ៊ីស្លាម​ដែលត្រូវ​អ៊ីស្រាអែល សហភាពអឺរ៉ុប និងអាមេរិក​ចាត់ចូល​ក្នុង​បញ្ជីក្រុមភេរវនិយម បាន​ចេញសេចក្តីថ្លែងការណ៍ ទទួលស្គាល់​ថា អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​របស់ខ្លួនពិតជាស្លាប់​នៅក្នុងការវាយប្រហាររបស់​អ៊ីស្រាអែល។ ក្រុមជីហាត​អ៊ីស្លាម​ដែល​មាន​សាខា​របស់ខ្លួន​ទាំងនៅ​ក្នុងតំបន់​ហ្កាហ្សា និង​រ៉ាហ្វា ក្បែរព្រំដែន​អេហ្ស៊ីប បានប្រកាសសងសឹក​វាយប្រហារ​ទីក្រុង និង​សំណង់អាណានិគមកិច្ច​អ៊ីស្រាអែល​ក្នុងទឹកដីប៉ាឡេស្ទីន។ បារម្ភខ្លាច​ពី​ការផ្ទុះអំពើហិង្សា និងការវាយប្រហារ​សងសឹក នៅក្រោយការវាយប្រហារ លើកនេះ កងទ័ពអ៊ីស្រាអែល​បានប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​របស់ខ្លួន​ដែលរស់នៅក្នុង​ចម្ងាយ​៤០គីឡូម៉ែត្រ​ពី​ព្រំដែន​តំបន់​ហ្កាហ្សា ឲ្យ​ប្រុងប្រយ័ត្ន រកកន្លែងជ្រកការពារ​ពី​ការវាយប្រហារ​គ្រាប់រ៉ុកក្កែតរបស់ក្រុមជីហាតអ៊ីស្លាម។

តាម​ក្រសួងសុខាភិបាល​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា ការវាយប្រហារ​ផ្លូវអាកាស​របស់អ៊ីស្រាអែល​នៅថ្ងៃអង្គារ​នេះ បាន​សម្លាប់ផងដែរ ​ប្រជាជន​ស៊ីវិល​១០នាក់ ក្នុងនោះ មាន​៤នាក់​ជា​កុមារ និង​មនុស្សរបួស​ជាង២០នាក់។ តាម​តួលេខ​របស់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP គិតចាប់តាំង​ពីដើមឆ្នាំនេះ យ៉ាងហោច​មនុស្ស​១៤២​នាក់ ស្លាប់ នៅក្នុងអំពើហិង្សា ទាក់ទង​នឹង​ជម្លោះអ៊ីស្រាអែល​ប៉ាឡេស្ទីន ដែលនៅក្នុង​មាន​ជនជាតិប៉ាឡេស្ទីន ១២១​នាក់ ជនជាតិ អ៊ីស្រាអែល ១៩នាក់ និង​ជនជាតិ​អ៊ុយក្រែន ១នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ