អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-អាមេរិក

អ្នកជំនាញ៖អារ៉ាប៊ីសាអូឌីត និងអាមេរិកត្រូវស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីក្នុងនាមជាសម្ព័ន្ធមិត្តប្រវត្តិសាស្រ្ត

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដោយ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​អង្គារ ទី៦ មិថុនា។ នៅ​ក្នុង​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ មាន​ប្រធានរឿង​ជា​ច្រើន​ដែល​លោក​ប៊្លីនកិន​ត្រូវ​លើក​ទៅ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត ក្នុង​នោះ​មាន​បញ្ហា​នៅ​ក្នុង​តំបន់​ដូច​ជា​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ូដង់ និង​ស្នើ​ឲ្យ​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ឡើង​វិញ។ តែ​សំណុំរឿង​អាទិភាព​ដែល​ប្រមុខ​ការទូត​អាមេរិក​ត្រូវ​លើក​ទៅ​និយាយ​ដោយ​ខាន​មិន​បាន​នោះ គឺ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​ប្រវត្តិសាស្រ្ត។ គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សម្ព័ន្ធមិត្ត​ទាំង​ពីរ​បាន​ស្គាល់​ទំនាក់ទំនង​រកាំរកូស​ខ្លាំង។ លោក​ការីម សាឌែរ អ្នកជំនាញ​តំបន់​ឈូងសមុទ្រពែក្ស​បាន​មើល​ឃើញ​ថា រឿងរ៉ាវ​ចម្រូងចម្រាស​រវាង​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​មាន​ច្រើន និង​ថា ភាគី​ទាំង​ពីរ​ត្រូវ​តែ​ស្តារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​ប្រវត្តិសាស្រ្ត។

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដោយ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​អង្គារ ទី៦ មិថុនា។
ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដោយ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​អង្គារ ទី៦ មិថុនា។ © via REUTERS / LEHTIKUVA
ផ្សាយពាណិជ្ជកម្ម

« ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ យើង​បាន​មើល​ឃើញ​ថា នយោបាយ​ការទូត​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​ជា​នយោបាយ​មួយ​ដែល​បែរ​ងាក​ទៅ​រក​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន។ នេះ​ដោយ​នៅ​មិន​ទាន់​បាន​រាប់​បញ្ចូល​ទេ​នូវ​ការ​រំកិល​រក​គ្នា​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អ៊ីរ៉ង់​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ចិន​ដែល​ជា​គូប្រជែង​របស់​អាមេរិក។

ថ្មីៗ​ចុង​ក្រោយ​នេះ​ទៀត អារ៉ាប៊ីសាអូឌីត​បាន​ផ្តើម​ទាក់ទង​ជា​មួយ​រដ្ឋាភិបាល​ស៊ីរី​របស់​ប្រធានាធិបតី​អាសាដ​ឡើង​វិញ​ដោយ​នាំ​អាសាដ​ឲ្យ​ចូល​អង្គុយ​កៅអី​សមាជិក​សម្ព័ន្ធអារ៉ាប់​ជា​ថ្មី។ អ្វី​ដែល​ខ្ញុំ​ចង់​បន្ថែម​ពី​នេះ គឺ​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​ស្តីពី​សំណុំរឿង​ថាមពល។ រហូត​មក​ដល់​សព្វថ្ងៃ​នេះ ទីក្រុង​រីយ៉ាដ​បន្ត​ទាមទារ​ដំឡើង​តម្លៃ​ប្រេងឆៅ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​មិន​ចង់​បាន។

ដូច្នេះ​ឃើញ​ថា មាន​សំណុំរឿង​វិវាទ​ច្រើន​ណាស់​រវាង​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​ដែល​ខ្ញុំ​អាច​ហៅ​ថា​ជា​សម្ព័ន្ធមិត្ត​ប្រវត្តិសស្រ្ត។ តែ​នៅ​ពេល​នេះ ការទូត​របស់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ផ្តើម​ដើរ​នៅ​លើ​ផ្លូវ​នយោបាយ​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង។ ចប់​ហើយ​ការ​លើក​រឿង​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីតJamal Khashoggi នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី។

ចប់​ហើយ​ការ​និយាយ​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​អារ៉ាប៊ីសាអូឌីត។ គេ​ឆ្លង​ចូល​ផ្លូវនយោបាយ​ដែល​ផ្អែក​លើ​ការ​ពិត​នា​ពេល​សព្វថ្ងៃ។ សម្ព័ន្ធមិត្ត​ប្រវត្តិសាស្រ្ត​ទាំង​ពីរ​នេះ​ត្រូវ​តែ​ស្តា​ទំនាក់ទំនង​រំកិល​រក​គ្នា​ឡើង​វិញ​ដោយ​ផ្អែក​លើ​ផលប្រយោជន៍​ជា​សំខាន់ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ