អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ជនភៀសខ្លួន​ប៉ាឡេស្ទីនប្រមាណ​១លាននាក់  កកកុញនៅតំបន់ភាគខាងត្បូងហ្កាហ្សា

ប៉ុន្មានថ្ងៃមកនេះ ក្រោយការផ្ទុះសង្គ្រាម​រវាង​អ៊ីស្រាអែលនិងក្រុមហាម៉ាស ប្រជាជនប៉ាឡេស្ទីននៅភាគខាងជើង​​តំបន់​ហ្កាហ្សា ​ប្រមាណ១លាននាក់ បានភៀសខ្លួន​ពីផ្ទះសំបែង​យ៉ាងតក់ក្រហល់បំផុត ឆ្ពោះទៅកាន់ភាគខាងត្បូង​ក្បែរព្រំដែន​អាហ្ស៊ីប។ ស្ថានភាពមនុស្ស​ធម៌កំពុងតែអាសន្ន​ជាបំផុត សម្រាប់ជនភៀសខ្លួន​​​ប៉ាឡេស្ទីន​ ដែលកំពុង​នៅកកកុញ​ ដោយគ្មាន​ទាំងទីជម្រក ស្បៀងអាហារ និង​ជាពិសេសនោះគឺមាន​មនុស្សរបួស​ជាច្រើននាក់។

ប្រជាជនប៉ាឡេស្ទីន កំពុងរងចាំ​នៅច្រក​ Rafah ដើម្បីចាកចេញពី​ហ្កាហ្សា​ ឆ្លងទៅប្រទេសអេហ្ស៊ីប។ ថ្ងៃទី​១៦តុលា២០២៣
ប្រជាជនប៉ាឡេស្ទីន កំពុងរងចាំ​នៅច្រក​ Rafah ដើម្បីចាកចេញពី​ហ្កាហ្សា​ ឆ្លងទៅប្រទេសអេហ្ស៊ីប។ ថ្ងៃទី​១៦តុលា២០២៣ AP - Fatima Shbair
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃចន្ទ លោក Ahmed Al Mandhari ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់សមុទ្រម៉េឌីទែរ៉ាណេខាងកើត បានថ្លែងការណ៍អាសន្នថា នៅសល់ពេល​តែ​២៤ម៉ោងទៀតប៉ុណ្ណោះ មុន​នឹង​អ្វី​ៗនឹងត្រូវអស់ទាំងស្រុង មិនថាស្បៀង ទឹកបរិភោគ​ ថ្នាំសង្កូវ និង​ប្រេងឥន្ធនៈ។ បើ​គ្មានជំនួយ​មនុស្សធម៌ទេ គឺក្រុមគ្រូពេទ្យ​មានតែត្រៀមក្រដាស ចេញលិខិតមរណៈភាព សម្រាប់ប្រជាជន​ប៉ាឡេស្ទីនតែប៉ុណ្ណោះ​​។ ប្រមាណ​១០ថ្ងៃមកនេះ យ៉ាងហោចណាស់​មានមនុស្សស្លាប់ ២៧៥០នាក់ នៅហ្កាហ្សា ដែលភាគច្រើនសុទ្ធតែជាប្រជាជនស៊ីវីល​។ ចំណែកអង្គការសហប្រជាជាតិ ​បាន​ទាញ​សញ្ញាអាសន្នថា ស្ថានភាព​មនុស្ស​ធម៌នៅហ្កាហ្សាពេលនេះ គឺធ្ងន់ធ្ងរបំផុត​។

គួរបញ្ជាក់ថា ច្រកRafah ជាប់ព្រំដែន​អាហ្ស៊ីប​ ដែលជាច្រកតែមួយគត់ដែលមិនគ្រប់គ្រងដោយ​អ៊ីស្រាអែល នៅតែបិទជិតឈឹងដដែល ខណៈជនភៀសខ្លួន​ប៉ាឡេស្ទីន សំរុកមកកាន់តែខ្លាំង​។ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានព័ត៌មាន​ផ្ទុយគ្នាជាច្រើន ទាក់ទិននឹងការ​បើក​ច្រកព្រំដែននេះ ធ្វើ​ឲ្យ​មនុស្សម្នា​ ផ្អើលសំរុកទៅកាន់តែច្រើន។ តែគិតត្រឹមថ្ងៃអង្គារទី​​១៧តុលា មិនទាន់​មានការបញ្ជាក់ជាផ្លូវការណាមួយ ពីសំណាក់​អាជ្ញាធរអេហ្ស៊ីបទេ ថាច្រកRafah នឹងត្រូវបើកនៅពេលណា​។ កន្លងមក​អេហ្ស៊ីប​ បាន​បដិសេធដាច់ខាត មិន​ព្រមបើកច្រកនេះ ព្រោះមិនចង់​ឲ្យ​ជនភៀសខ្លួន​​ប៉ាឡេស្ទីនចូលមកទឹកដីខ្លួនទេ នាំបង្កបញ្ហា​លំបាក។ នៅព្រឹក​ថ្ងៃ​អង្គារ អ្នករាយការណ៍​​ព័ត៌មាន​AFP បានអះអាងថា កងទ័ពអ៊ីស្រាអែល បានបាញ់​ប្លោងគ្រាប់ ទៅលើទីតាំងរបស់ក្រុម​ហាម៉ាស នៅ​តំបន់Rafah។

នៅព្រឹកថ្ងៃអង្គារដែរ តំណាងអង្គការកាកបាតក្រហមអេហ្ស៊ីប​ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ជាច្រើនគ្រឿង កំពុងតែបើកសំដៅទៅ​ច្រក Rafah តែគេមិនទាន់ដឹងច្បាស់ទេ ថា​នឹងអាចចូលទៅតំបន់​ហ្កាហ្សាបាន​។ សូមបញ្ជាក់ដែរថា ​ប៉ុន្មានថ្ងៃមកនេះ ការអំពាវនាវបញ្ជូនជំនួយ​មនុស្សធម៌ទៅជួយប្រជាជនហ្កាហ្សា បាន​ផុសផុល​ខ្លាំង បន្ទាប់ពី​កងទ័ពអ៊ីស្រាអែល បានទំលាក់គ្រាប់បែកយ៉ាងដំណំ ទៅ​លើ​ទីតាំងរបស់ក្រុមហាម៉ាស​។ មិនត្រឹមតែប៉ុណ្ណោះ អ៊ីស្រាអែលបាន​ជូនដំណឹងឲ្យ​ប្រជាជនប៉ាឡេស្ទីន ត្រូវចាកចេញទៅទិសខាងត្បូង ព្រោះកងទ័ពអ៊ីស្រាអែល អាចនឹងសំរុកចូលទៅហ្កាហ្សា ក្នុងពេលដ៏ឆាប់ខាងមុខ។

សហភាពអឺរ៉ុបបានប្រកាសថា នឹងបើកច្រកផ្លូវអាកាសជាមួយ​ប្រទេសអេហ្ស៊ីប ដើម្បីដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ទៅជួយ​ប្រជាជនប៉ាឡេស្ទីន។ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងថាគេមិនអាចទុក​ឲ្យ​ជនស្លូតត្រង់ប៉ាឡេស្ទីន រងគ្រោះដោយសារតែ​ភាពសាហាវឃោរឃៅព្រៃផ្សៃ របស់ពួកហាម៉ាសឡើយ។​ ដោយឡែក កាលពីយប់ថ្ងៃចន្ទ លោក​ចូ បៃដិន បាន​ទូរស័ព្ទទៅនិយាយជាមួយ​លោក​ប្រធានាធិបតីអេហ្ស៊ីប​ ដើម្បីរៀបចំ​ការងារមនុស្សធម៌ជួយជនភៀសខ្លួនប៉ាឡេស្ទីន ឲ្យបានឆាប់បំផុត​។​ យ៉ាងណាមិញ លោក​ ចូ បៃដិន នឹងធ្វើដំណើរទៅអ៊ីស្រាអែល នៅថ្ងៃពុធទី​១៨តុលា​ ដើម្បីបញ្ជាក់ពីជំហរគាំទ្រអ៊ីស្រាអែល តែទន្ទឹមនឹងនេះ គឺដើម្បី​ចរចាសម្របសម្រួល ឲ្យ​មានការបញ្ជូនជំនួយមនុស្សធម៌ ទៅជួយប្រជាជនប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ