អានតួអត្ថបទ

អេហ្ស៊ីប​បើកច្រកព្រំដែន​ឲ្យ​រថយន្តដឹកជំនួយមនុស្សធម៌ ទៅជួយជនភៀសខ្លួនប៉ាឡេស្ទីន

ជាប់កកកុញ និងរស់នៅក្នុងស្ថានភាពដ៏អត្តខាត់ គ្មានជំរក និងអាហារ ​នៅភាគខាងត្បូង​ហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនដែលកំពុងរត់ផ្លាស់ទី​ដោយសារ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​ទឹកដីហ្កាហ្សា កំពុងរង់ចាំ​ដោយអន្ទះសា ជំនួយ​មនុស្សធម៌។ តាមប្រធានាធិបតី​អេហ្ស៊ីប នៅក្រោយ​ការជួបសន្ទនាជាមួយ​ប្រធានាធិបតី​អាមេរិក កាលពីថ្ងៃ​ពុធ អេហ្ស៊ីប​សម្រេច​បើកច្រកព្រំដែន ដើម្បី​អាច​ឲ្យគេ​ដឹកយក​ជំនួយមនុស្សធម៌​ទៅ​ជួយប្រជាជន​ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង នៅថ្ងៃ​សុក្រ​ចុងសប្តាហ៍នេះ។។

ប្រជាជន​ប៉ាឡេស្ទីនតម្រង់ជួរសុំទឹកនៅទីក្រុង​ Khan Younisភាគខាងត្បូងហ្កាហ្សាដែលណែនតាន់តាប់ដោយ​ប្រជាជនភៀសខ្លួនប៉ាឡេស្ទីន ដោយសារ​ងការវាយប្រហារ​ផ្លូវអាកាសរបស់អ៊ីស្រាអែល
ប្រជាជន​ប៉ាឡេស្ទីនតម្រង់ជួរសុំទឹកនៅទីក្រុង​ Khan Younisភាគខាងត្បូងហ្កាហ្សាដែលណែនតាន់តាប់ដោយ​ប្រជាជនភៀសខ្លួនប៉ាឡេស្ទីន ដោយសារ​ងការវាយប្រហារ​ផ្លូវអាកាសរបស់អ៊ីស្រាអែល REUTERS - MOHAMMED SALEM
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​ការព្រមានរបស់​អង្គការ​សុខភាពពិភពលោក ស្តីពីគ្រោះមហន្តរាយជីវិត​មនុស្ស​ដ៏ធ្ងន់ធ្ងរនៅទឹកដីហ្កាហ្សា ដោយសារសង្រ្គាម​វាយប្រហារ​របស់​អ៊ីស្រាអែល ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​ទាមទារ​បានសម្រេច ការបើកភ្លើងខៀវ របស់​អ៊ីស្រាអែល និង​អេហ្ស៊ីប ដើម្បីឈានទៅ​បើកច្រក ​នាំ​យក​ជំនួយ​មនុស្សធម៌ សម្រាប់​ប្រជាជនប៉ាឡេស្ទីន​ក្នុង​ទឹកដីហ្កាហ្សា។

សងសឹកនឹង​ក្រុមហាម៉ាសដែល​បាន​បើកការវាយប្រហារ​សម្លាប់មនុស្ស​ជាង ១៤០០នាក់ ក្នុងទឹកដីអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែល​បាន​បើកការវាយប្រហារផ្លូវអាកាស ឡោមព័ទ្ធទឹកដី​ហ្កាហ្សា និង​បិទខ្ទប់ រារាំង​មិន​ឲ្យ​គេនាំយក​ជំនួយមនុស្សធម៌​ទៅជួយប្រជាជន​ប៉ាឡេស្ទីន។ ប៉ុន្តែ តាម​ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល នៅក្រោយ​ជំនួបជាមួយ​ប្រធានាធិបតី​អាមេរិក អ៊ីស្រាអែល​នឹង​មិន​រារាំង​ការនាំយកជំនួយមនុស្សធម៌​ទៅក្នុងហ្កាហ្សា​តាម​ទឹកដី​អេហ្ស៊ីប។ គេអាច​ដឹក​ស្បៀងអាហារ ថ្នាំពេទ្យ និងទឹកទៅ​ឲ្យប្រជាជន​ប៉ាឡេស្ទីន​នៅ​ភាគខាងត្បូង​ហ្កាហ្សា។ អ៊ីស្រាអែល នៅតែ​ដាក់លក្ខខណ្ឌ​មិន​ឲ្យ​នាំ​យកជំនួយមនុស្សធម៌ តាមរយៈទឹកដីអ៊ីស្រាអែល ដរាបណា ក្រុមហាម៉ាស​មិនព្រម​ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល។

អ្នកនាំពាក្យ​ប្រធានាធិបតីអេហ្ស៊ីប នៅថ្ងៃ​ពុធ​និយាយថា នៅក្រោយ​សន្ទនាទូរស័ព្ទ រវាង​លោក​ប្រធាធិបតីអេហ្ស៊ីប ស៊ីស៊ី និង​លោក​ចូ បៃដិន អេហ្ស៊ីប​យល់ព្រម​បើក​ច្រកព្រំដែន​ជាមួយ​ទីក្រុង​Rafah ក្នុងតំបន់​ហ្កាហ្សា ដើម្បី​អនុញ្ញាតឲ្យ​រថយន្ត​២០​គ្រឿង ដឹកជំនួយ​មនុស្សធម៌ ទៅ​ជួយ​ប្រជាជន​ប៉ាឡេស្ទីន។

២០គ្រឿង គ្រាន់តែជា​ចំនួន​និមិត្តរូប ព្រោះថា មានរថយន្តដឹកជំនួយមនុស្សធម៌ជាច្រើន​គ្រឿង នៅ​ជាប់​កកស្ទះ មិនអាច​ដឹកនាំយកជំនួយបន្ទាន់ទៅជួយប្រជាជន​ប៉ាឡេស្ទីន នៅបន្ទាប់ពី​អេហ្ស៊ីបបិទព្រំដែនតែមួយរបស់ខ្លួនជាមួយ​ហ្កាហ្សា ក្នុងហេតុផល​អសន្តិសុខ និងការវាយប្រហាររបស់អ៊ីស្រាអែល​ដែលបានបំផ្លាញផ្លូវថ្នល់​នៅភាគខាងត្បូងហ្កាហ្សា។ មន្រ្តីអង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីនអះអាងថា នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ននេះ គេត្រូវការ​រថយន្ត​ដឹកជំនួយ​ប្រមាណ ១០០គ្រឿង ក្នុងមួយថ្ងៃ សម្រាប់​ជួយប្រជាជនប៉ាឡេស្ទីន ដែលកំពុងរស់នៅវេទនាត្រូវការបន្ទាន់ ទឹកស្បៀង និងថ្នាំពេទ្យ។ ប្រទេស​ជាច្រើននៅក្នុងពិភពលោក​បាន​ប្រកាស​ផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់​ប្រជាជនប៉ាឡេស្ទីន។ បន្ទាប់​ពី​វេណេស៊ុយអេឡា រុស្ស៊ី​នៅថ្ងៃ​ព្រហស្បតិ៍ ប្រកាស​ផ្តល់ជំនួយ​២៧តោន​សម្រាប់​ប្រជាជនប៉ាឡេស្ទីន។

រងការរិះគន់​ពី​បណ្តាប្រទេស​អារ៉ាប់​ថា បិទភ្នែក មិន​ខ្វល់​ពីទុក្ខវេទនា​របស់​ប្រជាជន​ប៉ាឡេស្ទីន​ដែលរងគ្រោះ ផ្លាស់ទី​ដោយសារ​ការវាយប្រហារ​ផ្លូវអាកាសរបស់​អ៊ីស្រាអែល នៅ​ជាង​១០ថ្ងៃមកនេះ លោក​ចូ បៃដិន​បាន​ប្រកាស​នៅថ្ងៃ​ពុធថា អាមេរិក​នឹង​ផ្តល់ប្រាក់ជំនួយ មនុស្សធម៌ ១០០​លាន​ដុល្លារ សម្រាប់​ជួយ​ប្រជាជន​ប៉ាឡេស្ទីន។

ប៉ុន្តែ មេដឹកនាំ​អាមេរិក លោក​ចូ បៃដិន​ព្រមានរួចហើយថា បើសិន​ក្រុមហាម៉ាសលួច ប្លន់ជំនួយមនុស្សធម៌​ដែលគេបញ្ជូន ទៅ​ឲ្យ​ប្រជាជន​ស៊ីវិលប៉ាឡេស្ទីន ទៅធ្វើជា​កម្មសិទ្ធិផ្ទាល់ខ្លួន នោះ​បេសកកម្ម​នាំយក​ជំនួយ​មនុស្សធម៌​អន្តរជាតិ​សម្រាប់​ប៉ាឡេស្ទីន​ដែលអាច​ចាប់ផ្តើម​នៅថ្ងៃ​សុក្រ​ចុងសប្តាហ៍នេះ នឹង​អាច​ត្រូវ​បិទខ្ទប់សាជាថ្មី ជាយថាហេតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ