អានតួអត្ថបទ
ហ្កាហ្សា-អ៊ីស្រាអែល-ប៉ាឡេស្ទីន

ហ្កាហ្សា៖ ច្រករ៉ាហ្វាបើកទ្វារឲ្យជន​បរទេសចាកចេញ និង​បញ្ជូន​អ្នករបួសធ្ងន់ទៅព្យាបាល​នៅអេហ្ស៊ីប

ច្រករ៉ាហ្វា ព្រំដែន​រវាងអេហ្ស៊ីប​និងតំបន់​ហ្កាហ្សា នៅព្រឹកថ្ងៃទី​១វិច្ឆិកានេះ បាន​បើកទ្វារដើម្បី​អនុញ្ញាតឲ្យ​មនុស្ស​ដែលកាន់លិខិតឆ្លងដែនបរទេស ចាកចេញពីតំបន់​ហ្កាហ្សា​។ នេះ​បើ​​ផ្អែកតាមអ្នកយកព័ត៌មានបារាំង AFP ដែលស្រង់ប្រភពពីមន្ត្រីអេហ្ស៊ីប​​ទទួលបន្ទុកច្រករ៉ាហ្វា ដោយ​សុំមិនបញ្ចេញឈ្មោះ​។​ នេះជាលើកទី​១ហើយ ដែល​គេបាន​បើក​ច្រករ៉ាហ្វា អនុញ្ញាតឲ្យ​មនុស្សចាកចេញពីហ្កាហ្សា។ ផ្អែកតាមប្រភពខាងលើ នេះជាលទ្ធផល​នៃការចរចាគ្នា រវាង​កាតា អេហ្ស៊ីប អ៊ីស្រាអែល និង​ក្រុមហាម៉ាស។

ប្រជាជនប៉ាឡេស្ទីន អ្នកមានសញ្ជាតិ២ កំពុងធ្វើដំណើរចេញពីតំបន់ហ្កាហ្សា តាមច្រក​ Rafah ចូលទឹកដីអេហ្ស៊ីប ថ្ងៃទី​១ វិច្ឆិកា ២០២៣
ប្រជាជនប៉ាឡេស្ទីន អ្នកមានសញ្ជាតិ២ កំពុងធ្វើដំណើរចេញពីតំបន់ហ្កាហ្សា តាមច្រក​ Rafah ចូលទឹកដីអេហ្ស៊ីប ថ្ងៃទី​១ វិច្ឆិកា ២០២៣ REUTERS - STAFF
ផ្សាយពាណិជ្ជកម្ម

ប្រភពពីមន្ត្រីអេហ្ស៊ីបដដែល បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សដែលកាន់​លិខិងឆ្លងដែនបរទេសចំនួន​ជាង​៥០០នាក់ ដែលនឹងអាចចាកចេញពីហ្កាហ្សា។ យ៉ាងណាមិញ នៅព្រឹកថ្ងៃពុធ គេឃើញមានមនុស្ស​ប្រមាណ​​២០០នាក់ហើយ​ ដែលមករងចាំ​នៅក្បែរច្រករ៉ាហ្វា។ ផ្អែកតាមប្រភពពីរដ្ឋាភិបាល​បរទេសនានា គឺយ៉ាងហោចណាស់ មានជនបរទេស ឬអ្នកមានសញ្ជាតិ២ មកពី​៤៤ប្រទេស ព្រមទាំងជនបរទេសបុគ្គលិក​អង្គការ ឬស្ថាប័នបរទេស ចំនួន​២៨ស្ថាប័ន​ដែរ។

កិច្ចព្រមព្រៀងបើកច្រករ៉ាហ្វានៅថ្ងៃទី​១វិច្ឆិកានេះ ក៏នឹងអនុញ្ញាតឲ្យ​ដឹក​មនុស្សរបួសធ្ងន់ ចំនួនជាង​៨០​នាក់ដំបូង​​ ចេញពីតំបន់​​ហ្កាហ្សាដែរ។ នៅខាងអេហ្ស៊ីប គេឃើញ​មានរថយន្តពេទ្យសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង មកចតចាំដឹកអ្នករបួស យកទៅព្យាបាលនៅមន្ទីរពេទ្យអេហ្ស៊ីបក្នុងតំបន់ស៊ីណៃ។​

គួរបញ្ជាក់ថា អស់រយៈពេលជិត​៤សប្តាហ៍​ហើយ ដែលតំបន់ហ្កាហ្សា ត្រូវបិទខ្ទប់ទាំងស្រុង ជាមួយនឹងការទម្លាប់​គ្រាប់បែក​យ៉ាងដំណំ។ ប្រជាជននៅតំបន់ហ្កាហ្សាប្រមាណ​២លាន​៤សែននាក់ រស់នៅក្នុងទុក្ខវេទនាជាទីបំផុត គ្មានចំណីអាហារ គ្មាន​ទឹកបរិភោគ គ្មានថ្នាំសង្កូវ គ្មាប្រេងឥន្ធនៈ គ្មាន​ចរន្តអគ្គិសនី និងគ្មានបណ្តាញ​អ៊ីនធ័រនិត​ដើម្បីទាក់ទងជាមួយ​ពិភពខាងក្រៅទេ​។ យោងតាម​ក្រុមហាម៉ាស មានមនុស្ស​យ៉ាងហោច​៨៥០០នាក់បានស្លាប់​ ព្រមទាំងអ្នករបួសជាច្រើនពាន់អ្នកផ្សេងទៀត​។​

ដោយឡែក នៅព្រឹកថ្ងៃពុធនេះ អាជ្ញាធរហាម៉ាសប៉ាឡេស្ទីន បានអះអាងថា កងទ័ពអ៊ីស្រាអែល បានបាញ់ប្លោងមីស៊ីល ទៅលើជំរំជនភៀសខ្លួន Jabaliya ហើយ​បានបណ្តាល​ឲ្យ​ស្លាប់​មនុស្សជិត៥០នាក់។ ក្រុមហាម៉ាសអះអាងទៀតថា ក្នុងអ្នកស្លាប់ គឺមាន​ចំណាប់ខ្មាំង​៣នាក់។ រូបភាពផ្សាយ​ដោយ​បណ្តាញ​ទូរទស្សន៍ AFPTV បានបង្ហាញឲ្យឃើញ​រណ្តៅជ្រៅ​ នៅទីតាំងធ្លាក់មីស៊ីល និង​មានសាកសពមនុស្ស​ យ៉ាងហោច​៤៧នាក់។ ក្រោយដំណឹងនេះ រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត បាន​ចេញមុខ​ថ្កោលទោសអ៊ីស្រាអែល ថាបានធ្វើអំពើអមនុស្សធម៌បំផុត​។​

ទីតាំងជំរំ Jabaliya ដែលរងគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល នៅថ្ងៃទី​១វិច្ឆិកា២០២៣។
ទីតាំងជំរំ Jabaliya ដែលរងគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល នៅថ្ងៃទី​១វិច្ឆិកា២០២៣។ © Reuters

កងទ័ពអ៊ីស្រាអែល បានអះអាងថា គេពិតជាបានវាយប្រហារនៅត្រង់ចំណុច Jabaliya ពិតមែន​​ ដែលកម្មវត្ថុគឺដើម្បី​សម្លាប់​មេក្រុមហាម៉ាសជាច្រើននាក់។ អ្នកនាំពាក្យ​កងទ័ពអ៊ីស្រាអែល បានអះអាងថា មេក្រុមហាម៉ាសដ៏សំខាន់​​ម្នាក់​ ឈ្មោះ Ibrahim Biari ព្រមទាំងកូនចៅច្រើននាក់ទៀត កំពុងតែ​​ពួនសំងំនៅក្នុងរូងក្រោមដីត្រង់ចំណុចនេះ ដោយ​យក​ប្រជាជនស៊ីវីលធ្វើជាខែល​នៅខាងលើ​។​

សូមបញ្ជាក់ដែរថា កាលពីអង្គារទី៣១តុលា លោក​នេតាន់យ៉ាហ៊ូ បានប្រកាសថាអ៊ីស្រាអែលនឹងមិនផ្អាកការប្រយុទ្ធ ជាដាច់ខាត ដរាបណាមិន​ទាន់កម្ទេចក្រុមភេរវកម្មហាម៉ាស ឲ្យ​វិនាសអស់ទេនោះ។​ ការតាំងចិត្តប្រយុទ្ធ ដោយ​មិនខ្វល់ពីអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីននេះ បានចាប់​ផ្តើម​ធ្វើ​ឲ្យ​អ៊ីស្រាអែល​រងនូវការ​ស្តីបន្ទោសជាខ្លាំង ពីបរទេស។ យ៉ាងណាមិញ ប្រទេសឈីលី និង​កូឡុំប៊ី បាន​កោះហោះអគ្គរដ្ឋទូតខ្លួនប្រចាំនៅអ៊ីស្រាអែល ឲ្យត្រលប់ចូលស្រុក​ ដើម្បីបង្ហាញការជំទាស់ទៅនឹងអ៊ីស្រាអែល។ ហើយកាលពីល្ងាចថ្ងៃទី​៣១តុលា ប្រទេសបូលីវី បានប្រកាសផ្តាច់ទំនាក់ទំនងការទូតទាំងស្រុងជាមួយអ៊ីស្រាអែលតែម្តង ដោយចោទថាអ៊ីស្រាអែលកំពុងធ្វើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​។ ក្រសួងការបរទេសអ៊ីស្រាអែល​​ បានប្រតិកម្មតបវិញដោយចោទថា បូលីវីបានឱនក្បាលព្រមចុះចាញ់​ក្រុមភេរវនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ