អានតួអត្ថបទ
G7-ហ្កាហ្សា

ហ្កាហ្សា៖ G7 អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​វិបត្តិ​ជា​បន្ទាន់ និង​គាំទ្រការបង្កើតរដ្ឋ​ប៉ាឡេស្ទីន

កាលពីថ្ងៃពុធ ទី​៦ធ្នូ ថ្នាក់ដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង​៧ បានជួបប្រជុំគ្នាពីចំងាយ​ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ដើម្បីនិយាយគ្នា​អំពីសង្គ្រាម​នៅតំបន់ហ្កាហ្សា​​។ នៅក្រោយ​ការប្រជុំនេះ G7 បានចេញ​លិខិតប្រកាសរួមមួយ ដោយ​បាន​អំពាវនាវ ថាត្រូវតែមានវិធានការ​ជា​បន្ទាន់បំផុត ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនេះ​។ ជាមួយ​នេះគ្នា ក្រុមប្រទេស​G7 បានប្រកាសគាំទ្រចំពោះផែនការ​នយោបាយ​ ឈានទៅ​បង្កើតរដ្ឋប៉ាឡេស្ទីនជាផ្លូវការ​។

Smoke rises following an Israeli bombardment in the Gaza Strip, as seen from southern Israel, Thursday, Dec. 7, 2023. (AP Photo/Leo Correa)
ផ្សែង​សន្ធោសន្ធៅ នៅខាងត្បូងតំបន់​ហ្កាហ្សា បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានបាញ់​ប្លោងគ្រាប់ យប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី​៧ធ្នូ ២០២៣ AP - Leo Correa
ផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ G7 បានអះអាងថា គេបានប្តេជ្ញាចិត្តថានឹង​ធ្វើការជាមួយគ្នា ដើម្បី​រៀបចំ​គូសវាសផែនការ និងលក្ខខណ្ឌចាំបាច់ ក្នុងការឈាន​ទៅ​ស្វែងរកដំណោះស្រាយ​ ដោយ​ចីរភាព និងយូរអង្វែងសម្រាប់តំបន់ហ្កាហ្សា។ G7បាន​គូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ ដំណើរការស្វែងរកសន្តិភាព ដែលមានលក្ខណៈធំទូលាយ សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន គឺត្រូវតែជាអាទិភាព។​ ដំណោះស្រាយ​បង្កើតរដ្ឋ​ប៉ាឡេស្ទីន ទទួលស្គាល់ដោយ​សហគមន៍អន្តរជាតិ គឺជា​មធ្យោបាយ​តែមួយគត់ ដើម្បីឲ្យ​ប៉ាឡេស្ទីន​រស់នៅដោយសុខសន្តិភាព​ និងដោយ​ស្មើភាព ជាមួយ​ប្រទេសជិតខាត​។

ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំក្រុម​ប្រទេស​ G7 ដែលមានសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី ជប៉ុន​ និងកាណាដា បាន​យល់ស្របគ្នាថា ត្រូវតែមានវិធានការបន្ទាន់​បំផុត ដើម្បី​ជួយដោះស្រាយ​វិបត្តិ​មនុស្ស​ធម៌ ដែល​ប្រជាជនតំបន់​ហ្កាហ្សាកំពុងតែឆ្លងកាត់​នាពេលនេះ​។ G7 សូមអំពាវនាវ ឲ្យ​មា​នការ​ផ្អាក​ការបាញ់ប្លោងគ្រាប់ និងផ្អាកការប្រយុទ្ធ ជាថ្មី​បន្ថែមទៀត និងហៅឲ្យ​អ៊ីស្រាអែលយល់ព្រមបើកច្រកព្រំដែន​ផ្សេងទៀត ក្រៅពីច្រក​Rafah។

គួរបញ្ជាក់ថា បន្ទាប់ពីបាន​ផ្អាកការប្រយុទ្ធ​រយៈពេល​៧ថ្ងៃ កងទ័ពអ៊ីស្រាអែល បានចាប់ផ្តើម​បាញ់​ប្លោងគ្រាប់យ៉ាងដំណំ ទៅលើ​តំបន់ Khan Younès ដែលស្ថិតនៅភាគខាងត្បូងហ្កាហ្សា។ លោក Volker Türk ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ បានថ្លែងថា ប្រជាជន​ប៉ាឡេស្ទីនកំពុង​រស់​រងទុក្ខវេទនា រកអ្វីមកប្រៀបប្រដូចបានទេ​។ ដោយ​បារម្ភថាសណ្តាប់ធ្នាប់សាធារណៈ និងដួលរលំទាំងស្រុងនៅហ្កាហ្សា​ លោក ​អង់តូនីញ៉ូ ហ្គូតទែរស៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវសាជាថ្មី ឲ្យ​មានបទឈប់បាញ់​។

ដោយឡែក លោក​បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថាកងទ័ពអ៊ីស្រាអែល កំពុងតែបើកប្រតិបត្តិការធំ នៅតំបន់ Khan Younès ដើម្បីឡោម​ព័ទ្ធ ចាប់មេក្លោងធំបំផុត​របស់​ក្រុមហាម៉ាសប្រចាំនៅហ្កាហ្សា​​ ឈ្មោះ Yahya Sinouar។ ផ្អែកតាម​អ៊ីស្រាអែល គឺជននេះហើយ ដែលជាអ្នក​ផ្តើមគំនិត​វាយ​ប្រហារ​មកលើ​អ៊ីស្រាអែល នៅថ្ងៃទី​៧តុលា​។ គិតត្រឹមពេលនេះ ចំណាប់ខ្មាំងចំនួន​១៣៨នាក់ កំពុងស្ថិតក្នុងដៃក្រុមហ៉ាម៉ាសនៅឡើយ​។ យ៉ាងណាក៏ដោយ កាលពីថ្ងៃពុធទី​៦ធ្នូ អ៊ីស្រាអែលបានអនុញ្ញាតឲ្យ​មានការបញ្ជូន​ប្រេងឥន្ធនៈ ក្នុងទំហំមួយតិចតួច​ចូលទៅតំបន់ហ្កាហ្សា ដើម្បី​ប្រើប្រាស់ផលិតចរន្តអគ្គិសនី​ខណៈជំងឺឆ្លងមួយចំនួន​បានចាប់ផ្តើមលេចមុខហើយ ក្នុងចំណោម​ប្រជាជននៅហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ