អានតួអត្ថបទ
អេហ្ស៊ីប

បោះឆ្នោត​នៅអេហ្ស៊ីប៖ លោក​អាល់ស៊ីស៊ីសង្ឃឹមឈ្នះដាច់ តែការលំបាក​ច្រើនជំពូកកំពុងរងចាំ

ចាប់ពីថ្ងៃអាទិត្យទី​១០ធ្នូ រយៈពេលបីថ្ងៃ ប្រជាពលរដ្ឋអេហ្ស៊ីប​នឹងត្រូវទៅចូលរួម​បោះឆ្នោត ជ្រើសរើសប្រធានាធិបតី​ អាណត្តិថ្មី​។ តាម​ការរំពឹងទុក គឺលោក​ប្រធានាធិបតី​ អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី ប្រាកដជាឈ្នះឆ្នោតតាំងតែពីជុំទី១ ដើម្បី​ដឹកនាំប្រទេស៦ឆ្នាំទៀត ព្រោះថាគ្មាន​បេក្ខជនប្រឆាំងណាផ្សេងទៀត អាចមកប្រជែងបានឡើយ​។ តែទន្ទឹមគ្នានេះ ឧបសគ្គ​ជាច្រើន​កំពុងរងចាំលោក​អាល់ស៊ីស៊ី ទាំងបញ្ហាវិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​ស្ថិរភាពតំបន់ដើមបូព៌ា​។

Vehicles pass under a billboard supporting Egyptian President Abdel Fattah el-Sissi for the coming presidential elections in Cairo, Egypt, Friday, Dec. 8, 2023. Egypt will hold a presidential election
រថយន្តបើកកាត់ ផ្ទាំងបដា​ឃោសនាបោះឆ្នោត របស់​បេក្ខជន​លោកប្រធានាធិបតីចប់អាណត្តិ Abdel Fattah el-Sissi ។ ក្រុងគែរ ថ្ងៃទី​៨ធ្នូ២០២៣ AP - Amr Nabil
ផ្សាយពាណិជ្ជកម្ម

ទោះបី​លោក​ ហ្វាតា អាល់ស៊ីស៊ី មិនបារម្ភរឿងចាញ់ឆ្នោតលើកនេះ​ តែអ្វីដែល​គេកំពុង​តាមដាន គឺចំនួន​អ្នកទៅចូលរួមបោះឆ្នោត​។ កាលពីឆ្នាំ​២០១៨ ចំនួនអ្នកទៅចូលរួមបោះឆ្នោត មានប្រមាណ​តែ​៤០%។ បើឈ្នះជាមួយ​នឹង​ចំនួន​អ្នកទៅបោះឆ្នោត​តិចតួចស្តួចស្តើង ក៏វាមិនបង្ហាញ​អំពី​ចរន្តគាំទ្រលោក​ ភ្លូកទឹកភ្លូកដីដែរ​។

ដើម្បី​ជំរុញ​ឲ្យ​ប្រជាជនអេហ្ស៊ីបទៅចូលរួម​ឲ្យ​បានច្រើនកុះករ គេសង្កេតឃើញ​រដ្ឋាភិបាល​អេហ្ស៊ីប ប្រឹងប្រែងគ្រប់មធ្យោបាយ មានទាំងការចែក​ចាយ​បណ្ណ​ទិញទំនិញនៅតាម​ស្រុកភូមិក្រីក្រ​ ការដឹកជញ្ជូន​បុគ្គលិក​រដ្ឋយកទៅ​ដល់​មណ្ឌលបោះឆ្នោត ព្រមទាំងការគំរាម​ដាក់ពិន័យ​ផង ប្រសិន​បើគេដឹងថាមិនទៅបើឆ្នោត​។

ទោះយ៉ាងនេះក្តី គេសង្កេតឃើញថា នៅថ្ងៃទីមួយនៃការបោះឆ្នោតនេះ ប្រជាជនអេហ្ស៊ីបហាក់មិនសូវរួសរាន់ទៅបោះឆ្នោតទេ។ ចាប់តាំងពីវិបត្តិកូវីដមក អេហ្ស៊ីប​បាន​និងកំពុងពើបប្រទះនឹងវិបត្តិសេដ្ឋកិច្ច​​ កាន់តែធ្ងន់ទៅៗ។ ប្រជាជនអេហ្ស៊ីប ត្អូញត្អែរកាន់តែខ្លាំងអំពីជីវភាពដែល​កាន់តែលំបាក ដោយសារតែទំនិញឡើងថ្លៃគ្រប់មុខ មិនថាទំនិញប្រើប្រាស់ បន្លែផ្លែឈើ។ ក្រៅពីបញ្ហាតម្លៃ ទំនិញខ្លះទោះមានប្រាក់​ហើយ ក៏ពិបាកនឹងរកទិញបានដែរ ជាពិសេសថ្នាំពេទ្យ។

យ៉ាងណាក៏ដោយ ប្រជាជន​អេហ្ស៊ីបភាគច្រើន​ បានត្រឹមតែរអ៊ូ​នៅតាមបណ្តាញសង្គម តែមិន​ហ៊ានចុះផ្លូវតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល របស់​លោកអាល់ស៊ីស៊ីឡើយ។ ចលនា​បដិវត្តនៅឆ្នាំ​២០១១ បាននាំអេហ្ស៊ីបឲ្យស្គាល់រសជាតិចលាចល​អាណាធិបតេយ្យ​។ ជាងនេះទៀត រដ្ឋាភិបាល​របស់​លោក ហ្វាតា អាល់ស៊ីស៊ី មានគោលនយោបាយ​រឹតបន្តឹងសិទ្ធិសេរីភាព។ ការរិះគន់ ឬការចែកចាយ​ព័ត៌មាន​ប្រឆាំងនានា អាចធ្វើ​ឲ្យ​គេប្រឈម​នឹងទោស​​ ​ចែកចាយព័ត៌មានមិនពិត ឬក៏អាចត្រូវអាជ្ញាធរ ចោទថាឃុបឃិតជាមួយ​ចលនា “ភាតរៈឥស្លាម” ដែល​ជាសត្រូវធំបំផុត ក្នុងក្រសែភ្នែក​រដ្ឋាភិបាល​លោកហ្វាតា អាល់ស៊ីស៊ី។

គួរបញ្ជាក់ថា អេហ្ស៊ីបកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច​ដ៏គ្រោះថ្នាក់​បំផុត។ អត្រាអតិផរណា មានដល់ទៅ៤០% ដែលបានធ្វើបាបជាពិសេស​ប្រជាជន​ចាស់ជរា ដែលរស់រំពឹងលើប្រាក់​ចូល​និវត្តន៍ ដ៏តិតតួចណាស់​ទៅហើយ​។ មូលនិធិរូបិយវត្ថុអន្តរជាតិ ទើបតែបាន​សម្រេច​ផ្តល់កំចីចំនួន ៣ពាន់​លានដុល្លារបន្ថែមទៀត។ រដ្ឋាភិបាល​លោកអាល់ស៊ីស៊ី ត្រូវតែធ្វើកំណែទម្រង់ជាច្រើន​ ដើម្បី​អាចធានាថានឹងមានប្រាក់​សងបំណុល ពុំនោះទេ គឺអាចនឹង​ត្រូវប្រកាសក្ស័យធន។

ស្ថានការណ៍​តំបន់ដើមបូព៌ា ដ៏រំជើបរំជួលដោយសារតែសង្គ្រាម​នៅហ្កាហ្សា ក៏ជា​សំណុំរឿងមួយដ៏សំខាន់ដែរ ដែល​រងចាំ​លោក​ហ្វាតា អាល់ស៊ីស៊ី។ លោកប្រធានាធិបតី​អេហ្ស៊ីប ចង់ឆក់ឱកាសនេះ នាំអេហ្ស៊ីបឲ្យមានតួនាទីធំ នៅក្នុង​ដំណើរការ​ដោះស្រាយវិបត្តិ​នៅហ្កាហ្សា ក្នុងនាមអេហ្ស៊ីបជា​អាជ្ញាកណ្តាល​ដ៏សំខាន់ រវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន​។ លោកហ្វាតា អាល់ស៊ីស៊ី អាចអួតប្រាប់ពិភពលោកថាអេហ្ស៊ីបបានជួយច្រើនណាស់ តួយ៉ាងដូចជាការដឹកជញ្ជូន​ស្បៀងចូលទៅហ្កាហ្សា តាមច្រកព្រំដែនរ៉ាហ្វារបស់អេហ្ស៊ីប និងការចរចារំដោះចំណាប់ខ្មាំងជាដើម។

តែទន្ទឹមគ្នានេះ លោក​ហ្វាតា អាល់ស៊ីស៊ីបានបដិសេធ មិនបើក​ព្រំដែន​ទទួលជនភៀសខ្លួន​ប៉ាឡេស្ទីនទេ ដោយខ្លាចក្រែងនាំទុក្ខដាក់ខ្លួន។ សេដ្ឋកិច្ចអេហ្ស៊ីបកំពុងតែដុនដាបណាស់ទៅហើយ មិនអាចទទួលជនភៀសខ្លួនប៉ាឡេស្ទីន ​បានទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកហ្វាតា អាល់ស៊ីស៊ី ក៏មិនចង់ឃើញក្រុមភេរវកម្មហាម៉ាស របូតចូលមកក្នុងទឹកដីអេហ្ស៊ីបដែរ ព្រោះថាក្រុមហាម៉ាសជាសម្ព័ន្ធមិត្ត​ជាមួយ​​ក្រុមភាតរៈអ៊ីស្លាម​នៅអេហ្ស៊ីប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ