អានតួអត្ថបទ

Cop28៖ ក្រុម​ប្រទេស​អារ៉ាប់​ ច្រាន​ចោល​វិធានការ​ដើរចេញពី​ថាមពលផូស៊ីល

​​​ថ្ងៃទី​១២ធ្នូ​  សន្និសីទពិភពលោក​ស្តីពីអាកាសធាតុ Cop28 ហៀប​នឹង​ត្រូវ​បិទបញ្ចប់​ទៅហើយ​​នៅ​ទីក្រុង​ឌូបៃ ប៉ុន្តែក៏​​កំពុង​តែ​ប្រទាញ​ប្រទង់គ្នា​ជុំវិញ​ពង្រាង​សេចក្តីថ្លែង​ការណ៍រួម ស្តីពី​វិធានការ​ដើរចេញពី​ថាមពលផូស៊ីល​។ អង្គការ​ការពារបរិស្ថាន​និងប្រទេស​បច្ចិមលោក១ចំនួន​​ បាន​រិះគន់​ជាខ្លាំង​ ចំពោះពង្រាង​​លើកទី១នៃសេចក្តីថ្លែង​ការណ៍​រួម​ Cop28។ ​ដ្បិតថាវា​​គ្មានបាន​​កំហិត​អំពី​កាតព្វកិច្ច​អ្វីសោះជុំវិញ​ការ​កាត់​បន្ថយ​ថាម​ពល​​ផូស៊ីល​​​ ដែល​ជាប្រភព​ចម្បង​នៃការប្រែប្រួល​អាកាធាតុ​ផែនដី​។​ នេះក៏ព្រោះតែ​ ក្រុមប្រទេសអារ៉ាប់ ​​បានបដិសេធ​​ច្រានចោលវិធានការដើរចេញពីថាមពលផូស៊ីល​ និងថា ថាមពលនេះជាប្រភព​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ជាតិ​របស់​ពួកគេ។

ម្ចាស់ផ្ទះអេម៊ីរ៉ាត់អារាប់រួម Sultan al Jaber   ប្រធានសន្និសីទពិភពលោកស្តីពីអាកាសធាតុ Cop28 ។
ម្ចាស់ផ្ទះអេម៊ីរ៉ាត់អារាប់រួម Sultan al Jaber ប្រធានសន្និសីទពិភពលោកស្តីពីអាកាសធាតុ Cop28 ។ © COP28 / Christopher Pike
ផ្សាយពាណិជ្ជកម្ម

ម្ចាស់ផ្ទះអេម៊ីរ៉ាត់អារាប់រួម ជាប្រធានសន្និសីទពិភពលោកស្តីពីអាកាសធាតុ Cop28 បាន​ដាក់​ចេញ​អត្ថបទ​ពង្រាងសេចក្តីថ្លែងការណ៍រួម។ ខ្លឹមសារ​ក្នុងនោះ គឺបើក​ផ្លូវ​ឲ្យ​ប្រទេស​នីមួយៗ​ជ្រើសរើស​មធ្យោបាយ​ផ្ទាល់​ខ្លួន​ ក្នុងការ​កាត់បន្ថយ​ថាមពលផូស៊ីល និងដោយ​គ្មានចែង​​កំហិតកំណត់«​កាតព្វកិច្ច»​សោះ​ឡើយ​។​ ថាមពលផូស៊ីល ជាប្រភេទថាមពលមិនកកើតឡើងវិញ និងដែលបានមកពី ធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ ហើយដែលត្រូវ​គេ​រិះគន់ថា​​ជាប្រភព​ចម្បង​នៃការកើនឡើងកម្តៅ​ផែនដី​។​ ។

សំណុំ​រឿង​នេះ នាំឲ្យ​សមាជិក​អង្គសន្និសីទអាកាសធាតុ Cop28 បែកខ្ញែក​គ្នា​ជា ២ ក្រុម។​ គឺម្ខាង ដឹកនាំគេដោយ​ក្រុម​​ប្រទេស​សហភាព​អឺរ៉ុប ដែលចង់​​ជំរុញ​ឲ្យ​ចេញ​វិធានការ​ម៉ឺងម៉ាត់​ កាត់បន្ថយ​ថាមពលផូស៊ីល ​ហើយ​និងត្រូវ​​នាំគ្នា​រក​ជម្រើសផ្លូវ​​ទៅវិនិយោគថាមពល​ស្អាត​​កកើតឡើងវិញ។​​ មួយ​ក្រុម​ទៀត គឺសមាជិកក្រុម​​ប្រទេស​​ផលិត​ប្រេង Opep​ ​ និងក្រុម​ប្រទេស​អារ៉ាប់ ដែល​ទាម​ទារ​ថា មិន​ត្រូវ​កាត់​បន្ថយ​ដង្ហើម​សេដ្ឋកិច្ច​របស់គេទេ។

គុយវេត ប្រទេស​ផលិត​ប្រេង​ តាមរយៈ​រដ្ឋមន្ត្រី​ថាមពល​រ​បស់ខ្លួន ​អះអាងថា ការ​តស៊ូ​មតិ​ពាក់ព័ន្ធរឿងនេះ គឺជា​ការប្រយុទ្ធ​ដើម្បី​សេរីភាព​និងតម្លៃ​របស់​គុយវេត ​និងថា ប្រសិន​បើ​កាត់​ផ្តាច់​ថាមពលផូស៊ីល ​ដូចជា​ដកហូត​ប្រភព​ថាមពល​​ជាអាយុជីវិត​របស់​ប្រជាជាន​គុយវេត​។

ដូចគ្នានេះដែរ រដ្ឋមន្ត្រី​ប្រេងឥន្ធនៈ​អ៊ីរ៉ាក់ ប្រកាសថា ថាមពលផូស៊ីល​ជា​ប្រភព​ថាមពល​ចម្បងសំខាន់​ជាងគេ​លើពិភពលោក ហើយ​អ៊ីរ៉ាក់​យើង​មិន​អាច​កាត់​ផ្តាច់​ ឈប់​ប្រើប្រាស់​បាន​ទេ។ អ៊ីរ៉ាក់ក៏​បញ្ជាក់ថា ​ក្នុងនាម​ជាប្រទេស​អារ៉ាប់​អ្នក​ផលិតប្រេង​ គឺយើង​ជា​អ្នក​​ផលិត​ប្រេង​មែន តែ​ក៏​ពុំ​​មាន​ជាអ្ន​កប្រើប្រាស់​និង​បញ្ចេញ​ផ្សែង​ពុល​នោះឡើយ។

ស្រដៀងគ្នានេះ ប្រទេស​បារ៉ែន តំណាង​ដោយ​រដ្ឋមន្ត្រីប្រេង​និង​បរិស្ថាន​​ បាន​លើកឡើង​ថា ប្រេង ជា​មាសខ្មៅ និងជា​ប្រភព​មិនអាចខ្វះបាន​ សម្រាប់​សេដ្ឋកិច្ច​បារ៉ែន។​

រីឯ ក្រុម​អង្គការ​ការពារ​បរិស្ថាន និង​ប្រទេស​ខ្លះទៀត បាន​ថ្លែង​ក្តី​អាក់អន់ចិត្ត​ប្រាប់​សារព័ត៌មានថា សន្និសីទ​អាកាសធាតុ លើកនេះ​ រក​ច្រកផ្លូវ​ចេញ​មិនរួចសោះ និង​មក​ជុំប្រជុំគ្នានៅឌូបៃ​​ ត្រឹមតែ​ជជែក​គ្មាន​បានសាច់​​ការ ហើយ​បើដូច្នេះ នៅ​លើកក្រោយ ពួក​គេ​លែង​ចូល​រួម​ទៀត​ហើយ។​

ក្រោយពីឃើញ ពង្រាង​​សេចក្តីថ្លែង​ការណ៍​រួម​ បង្កភាព​ចម្រូង​ចម្រាស់រវាង​ប្រទេស​សមាជិក ហើយ​និង​ត្រូវ​​រង​ការ​រិះគន់​បន្ថែមទៀត ពីក្រុម​អង្គការ​ការពារ​បរិស្ថាន យ៉ាងដូច្នេះ អេម៊ីរ៉ាត់​អារាប់​រួម ​ម្ចាស់​ផ្ទះប្រធានCop28 បាន​ចេញមុខ​ដើម្បី​សម្រន់​ស្ថានការណ៍ ​​ដោយ​អះអាងថា សេចក្តីថ្លែង​ការណ៍​រួមព្រាង​​លើកទី១នោះ គឺគ្រាន់តែ​ជា​ពង្រាងសិន​ប៉ុណ្ណោះ ហើយ​អត្ថបទ​សម្រេច​ចុង​ក្រោយ​ នឹងត្រូវ​ចេញ​នៅពេល​ខាងមុខ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ