អានតួអត្ថបទ
អ៊ីស្រាអែល-លីបង់

អ៊ីស្រាអែល​បញ្ជូនដូ្រនទៅបាញ់សម្លាប់មេបញ្ជាការ​ហេសបូឡាទទួលបន្ទុកគ្រាប់រ៉ូក្កែត​ក្នុង​ទឹកដី​លីបង់

អ៊ីស្រាអែល​សម្លាប់​ម្តងមួយៗ មេក្រុមប្រដាប់អាវុធដែល​ប្រឆាំង​អ៊ីស្រាអែល។ យោងតាម​កងទ័ព​អ៊ីស្រាអែល ការវាយប្រហារ​ផ្លូវអាកាស​នៅក្នុង​ទឹកដី​លីបង់ កាលពីថ្ងៃសុក្រ​ទី ២៩ មីនា បាន​សម្លាប់​មេកើយធំ​មួយ​ទៀត​របស់​ក្រុមហេសបូឡា។ នៅប៉ុន្មាន​ថ្ងៃមក​នេះ អ៊ីស្រាអែល ដែល​កំពុងរវល់ជាប់ដៃធ្វើសង្រ្គាមប្រឆាំង​ក្រុមហាម៉ាស​នៅ​ហា្កហ្សា បាន​បើកការវាយប្រហារ​កាន់តែ​សន្ធឹក​ទៅ​ក្នុង​ទឹកដី​លីបង់ ដើម្បីសងសឹក​នឹង​ក្រុមហេសបូឡា ដែល​អ៊ីស្រាអែល​ចោទប្រកាន់​ថា បាញ់គ្រាប់រ៉ូក្កែត​ចូលទីក្រុង​ជាប់ព្រំដែន​អ៊ីស្រាអែល។ ការណ៍នេះ​ធ្វើ​ឲ្យ​គេ​កាន់តែ​ព្រួយបារម្ភ​ខ្លាច​មាន​ការផ្ទុះសង្រ្គាម​សាជាថ្មី រវាង​លីបង់ និងអ៊ីស្រាអែល។

FILE PHOTO: A Hezbollah fighter stands in front of anti-tank artillery at Juroud Arsal, the Syria-Lebanon border, July 29, 2017. REUTERS/Ali Hashisho/File Photo
FILE PHOTO: A Hezbollah fighter stands in front of anti-tank artillery at Juroud Arsal, the Syria-Lebanon border, July 29, 2017. REUTERS/Ali Hashisho/File Photo REUTERS - Ali Hashisho
ផ្សាយពាណិជ្ជកម្ម

៦ខែ​ដែល​អ៊ីស្រាអែលធ្វើ​សង្រ្គាម តាម​គាស់រំលើង​ក្រុមហាម៉ាស​នៅ​ហ្កាហ្សា អំពើហិង្សា ការវាយប្រហារគ្នា​ទៅវិញ ទៅមក នៅ​ព្រំដែន​អ៊ីស្រាអែល លីបង់ ក៏​កាន់តែ​សន្ធឹកខ្លាំង។ ក្រុមហេសបូឡា​ដែលជា​ចលនាប្រដាប់អាវុធ​ដ៏មាន​ឥទ្ធិពល​នៅ​លីបង់​បាញ់​គ្រាប់រ៉ូក្កែត​ចូលទឹកដី​អ៊ីស្រាអែល​សឹងជារៀងរាល់ថ្ងៃ ដើម្បីសងសឹក​អ៊ីស្រាអែល ដែល​កំពុង​វាយប្រហារ​ក្រុមហាម៉ាស ដែល​ជា​គ្នីគ្នា​របស់ហេសបូឡា។ ជា​ការវាយបកវិញ កងទ័ពអ៊ីស្រាអែល​មួយលើកជាពីរលើក វាយប្រហារ​ចូលកាន់តែជ្រៅ​ក្នុងទឹកដី​លីបង់ ទៅលើ​ទីតាំង​ដែល​អ៊ីស្រាអែល​អះអាង​ថា ជំរក​កន្លែង​បាញ់​គ្រាប់រ៉ូក្កែត សំដៅ​ភូមិ​អ៊ីស្រាអែល។

នៅ​ថ្ងៃ​សុក្រ​ កងទ័ព​អ៊ីស្រាអែល​បានអះអាងថា ការវាយប្រហារផ្លូវអាកាស ដោយប្រើដ្រូន​បាន​សម្លាប់​មេក្រុមហេសបូឡាម្នាក់​ដែលទទួល​បន្ទុក​អង្គភាព​គ្រាប់រ៉ូក្កែត។ បើតាម​អ៊ីស្រាអែល Ali Abdel Hassan Naim ជា​អ្នកបញ្ជា​ឲ្យ​គេ​បាញ់គ្រាប់​រ៉ូក្កែត និង​ជាអ្នកទទួលខុសត្រូវ​រៀបចំ​ផែនការ​វាយប្រហារ​រ៉ូក្កែត​ទៅលើ​ប្រជាជន​ស៊ីវិល​អ៊ីស្រាអែល។

ទីភ្នាក់ងារ​ព័ត៌មាន​លីបង់​ចុះផ្សាយថា ការវាយប្រហារ​របស់អ៊ីស្រាអែល​ទៅលើ​រថយន្ត​មួយគ្រឿង​នៅភាគខាងត្បូង​លីបង់ បាន​សម្លាប់​មនុស្ស​ម្នាក់។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មានរបស់ខ្លួន ក្រុមហេសបូឡា​មិន​បាន​បញ្ជាក់ថា មេបញ្ជាការ​ទទួលបន្ទុក​អង្គភាពរ៉ូក្កែត​របស់ខ្លួន ស្លាប់​នៅក្នុងការវាយប្រហារ​របស់​អ៊ីស្រាអែល ប៉ុន្តែ គ្រាន់តែ ថា យុទ្ធជន​ពលីជីវិត​របស់​ហេសបូឡា ៧នាក់ ស្លាប់​នៅក្នុងការវាយប្រហារ​របស់​អ៊ីស្រាអែល នៅថ្ងៃ​សុក្រ។

នៅមុន​សេចក្តីប្រកាស​របស់​ក្រុមហេសបូឡា អង្គការ​តាមដាន​សង្រ្គាម​ស៊ីរីដែលមានទីតាំង​នៅប្រទេស​អង់គ្លេស​បញ្ជាក់ថា ទាហាន​របស់​ហេសបូឡា​៦នាក់​ស្លាប់​នៅក្នុងការវាយប្រហារ​ផ្លូវអាកាស​របស់អ៊ីស្រាអែល នៅក្នុង​ទឹកដី​ស៊ីរី។

នៅថ្ងៃ​ពុធ អង្គការ​សហប្រជាជាតិ​បង្កាញ​ការទើសទាល់យ៉ាង​ខ្លាំង​ដែលឃើញ​អ៊ីស្រាអែល​បើក​ការវាយប្រហារផ្លូវអាកាស​បំផ្លាញ​មន្ទីរពេទ្យ និង​សម្លាប់​បុគ្គលិក​សង្រ្គោះបន្ទាន់ នៅភាគខាងត្បូងលីបង់។ ការវាយប្រហារ​បាញ់ប្លោង​ឆ្លងដែន​គ្នា​ទៅវិញ ទៅមក សឹង​ជា​រៀងរាល់ថ្ងៃរវាង​កងទ័ពអ៊ីស្រាអែល និង​ក្រុមប្រដាប់អាវុធ ហេសបូឡា ដែលជា​គ្នីគ្នា​របស់​អ៊ីរ៉ង់​ កំពុង​ធ្វើ​ឲ្យគេ​ព្រួយបារម្ភ​ពី​ការផ្ទុះ​រាលដាល​ទៅជា​សង្រ្គាមអ៊ីស្រាអែល លីបង់ សង្រ្គាម​មួយទៀត បន្ថែម​ពី​លើ​​សង្រ្គាម​អ៊ីស្រាអែល​នៅ​ហ្កាហ្សា ដែលបាន​សម្លាប់​មនុស្ស​ជាង ៣ម៉ឺន២ពាន់នាក់ និង​បង្កទុក្ខវេទនាគ្រោះអត់ឃ្លាន​ដល់ជនជាតិប៉ាឡេស្ទីន ជិត​២លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ