អានតួអត្ថបទ
អ៊ីស្រាអែល-អ៊ីរ៉ង់

ស្ថានកុងស៊ុល​អ៊ីរ៉ង់​នៅ​ស៊ីរីរងការវាយប្រហារ​អ៊ីស្រាអែល ស្លាប់មេ​ឆ្មាំបដិវត្ត​អ៊ីរ៉ង់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាងហោច​ណាស់ ​១១​នាក់ ក្នុង​នោះ​ម្នាក់​ជា​ឧត្តមសេនីយ៍​ជាន់​​ខ្ពស់ ​​ទទួល​បន្ទុកប្រតិបត្តិការ​ក្រៅ​ប្រទេស របស់​​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ ដោយ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល ទៅ​លើ​ស្ថានកុងស៊ុល​អ៊ីរ៉ង់​ប្រចាំ​ក្រុង​ដាម៉ាស នៅ​ល្ងាច​ថ្ងៃ​ចន្ទទី ១​ មេសា ២០២៤។ ស្ថានកុងស៊ុលអ៊ីរ៉ង់នៅ​ស៊ីរី​ផ្នែក​ខាង​ឆ្វេង​​ត្រូវ​ខ្ទេច​​ទាំង​ស្រុង និង​ជា​តំណាង​បរាជ័យ​ដ៏​ដំណំ​មួយ​សម្រាប់​អ៊ីរ៉ង់​និង​សម្ព័ន្ធមិត្ត​ស៊ីរី​និង​លីបង់។ ជាមួយ​នឹង​ការ​បាត់​បង់ឥស្សរជន​​សំខាន់ៗ​ អ៊ីរ៉ង់​បានសន្យា​វាយបក​សងសឹក​វិញ​។

ស្ថានកុងស៊ុល​អ៊ីរ៉ង់​ប្រចាំ​ក្រុង​ដាម៉ាស ក្រោយរង​ការ​វាយប្រហារ​ ថ្ងៃទី ១​មេសា​២០២៤
ស្ថានកុងស៊ុល​អ៊ីរ៉ង់​ប្រចាំ​ក្រុង​ដាម៉ាស ក្រោយរង​ការ​វាយប្រហារ​ ថ្ងៃទី ១​មេសា​២០២៤ © MAHER AL MOUNES / AFP
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អ៊ីរ៉ង់ ដែល​សន្យា​វាយបក​​វិញ ​អ៊ីស្រាអែល​បាន​បើក​ការ​​វាយប្រហារ​តាមផ្លូវ​អាកាស​ដោយ​បាញ់​មីស៊ីល​៦​គ្រាប់​ចេញ​ពី​យន្តហោះ​ចម្បាំង​F-35 សំដៅ​លើ​ស្ថានកុងស៊ុល​អ៊ីរ៉ង់​ប្រចាំក្រុង​ដាម៉ាស។ ស្លាប​ខាង​ឆ្វេង​នៃ​ស្ថានកុងស៊ុលអ៊ីរ៉ង់​​ដែល​ស្ថិត​នៅ​ជិត​ស្ថានទូតជាច្រើន​ព្រមទាំង​ទីស្នាក់ការ​មួយ​របស់​អង្គការសហប្រជាជាតិផង ត្រូវ​កម្ទេច​ទាំងស្រុង។ អ្នក​នៅ​ក្នុង​ស្ថានកុងស៊ុល​ទាំងអស់​បាន​ស្លាប់​និង​រង​របួស។ នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ យ៉ាង​ហោច​១១​នាក់ មានពីរ​នាក់​ជា​មេបញ្ជាការ និងមេបញ្ជាការ​រង​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​Qods ដែល​ជា​កង​ពល​ជើង​ឆើតទទួល​បន្ទុក​ធ្វើ​អន្តរាគមន៍​ក្រៅប្រទេស​​របស់​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ឆ្មាំ​បដិវត្តិ​អ៊ីរ៉ង់។

ជា​មេបញ្ជាការ​ដែល​មាន​ពាក់​សក្តិ​ច្រើន​ជាង​គេ​បំផុតមួយ​​​នៅ​ក្នុង​រង្វង់​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ មហាមេត​ ហ្សាហេឌី មាន​ប្រវត្តិ​និង​តួនាទី​ខ្ពស់​តាំងពី​ជាង​បួន​ទសវត្សរ៍​មក​ហើយ មុន​នឹង​ក្លាយ​ជា​មេដឹកនាំ​កង​ប្រតិបត្តិការ​​​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ មាន​ជាអាទិ៍​ស៊ីរី លីបង់ និង​ប៉ាឡេស្ទីន ​ជាពិសេស​សម្ព័ន្ធមិត្ត​ហេសបូឡា។ ហេតុដូច្នេះ​ហើយ​បាន​ជា​ចលនា​ហេសបូឡា​លីបង់ គាំទ្រ​ដោយ​អ៊ីរ៉ង់ ក៏​ចេញ​សារ​បរិហារ​អ៊ីស្រាអែល​ដោយ​ប្តេជ្ញា​សង​សឹក​នៅ​ថ្ងៃ​ក្រោយ។ ​តេអេរ៉ង់ និង​បេរ៉ូត ទំនង​កំពុង​តែ​ពិគ្រោះ​គ្នា​រក​វិធី​ចាត់​វិធានការ​តប​វិញ​ ដែល​មិន​នាំឱ្យ​រីករាលដាល​ទៅ​ជា​សង្គ្រាម​​ទូទៅ ព្រោះ​​មេដឹកនាំ​អ៊ីរ៉ង់​និង​ហេសបូឡា​យល់​ថា​វា​នឹង​ងាក​ទៅ​បម្រើ​ប្រយោជន៍​ដល់​អ៊ីស្រាអែល។

ប៉ុន្តែ​គ្មាន​ទេ​ការ​វាយបក​ភ្លាម​មកលើ​​អ៊ីស្រាអែល។ គ្មាន​ប្រតិកម្ម​យោធា​ភ្លាម​ភ្លែត​ពី​សំណាក់​អ៊ីរ៉ង់​និង​សម្ព័ន្ធមិត្ត​ ស​ឱ្យ​ឃើញ​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានការណ៍​។ កង​កម្លាំង​Qodsនៅ​ស៊ីរី​និងនៅ​លីបង់ ហាក់​ស្លាប់​ទៅ​តាម​​ការ​ស្លាប់​របស់​មេបញ្ជាការ​ ព្រមទាំង​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់ចម្បងៗ​ដែរ។

ដោយ​ចោទ​ប្រកាន់​ការ​វាយប្រហារ​អ៊ីស្រាអែល​ថា​​គ្មានទំនួល​ខុស​ត្រូវ​ និង​អាច​បង្កផលវិបាក​ធ្ងន់ធ្ងរ រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​បើក​ជំនួប​ប្រជុំ​បន្ទាន់ ជា​សាធារណៈ​​ភ្លាម​នៅរសៀល​​ថ្ងៃអង្គារ​នេះ​។​ ចំណែក​ចិន​វិញ ក៏​បាន​ថ្កោល​ទោស​ការ​វាយប្រហារ​អ៊ីស្រាអែល​លើ​ក្រុង​ដាម៉ាស ថាមិន​គួរ​រំលោភ​​សន្តិសុខ​ស្ថាប័ន​ទូត និង​អធិបតេយ្យភាព ឯករាជ្យភាព និង​បូរណភាព​ដែនដីរបស់​​ស៊ីរី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ