អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ហ្កាហ្សា៖ មេដឹកនាំ​បារាំង អេហ្ស៊ីប និងហ្សកដានី ធ្វើលិខិតចំហទាមទារបទឈប់បាញ់ជាបន្ទាន់

នៅចំពោះមុខ​​​សោកនាដកម្មដែល​​កាន់តែធ្ងន់ធ្ងរ នៅតំបន់ហ្កាហ្សា ប្រមុខដឹកនាំ​បារាំង អេហ្ស៊ីប​និង​ហ្សកដានី បានរួមគ្នាសរសេរលិខិត​ចំហមួយ នៅថ្ងៃអង្គារ​ទី​៩​មេសា ដោយ​បាន​អំពាវនាវ ឲ្យ​មាន​បទឈប់បាញ់ជាបន្ទាន់។​ ប្រមុខដឹកនាំទាំង៣ បានក្រើនរំឭកផងដែរដល់អ៊ីស្រាអែល អំពី​ផលវិបាកដ៏គ្រោះថ្នាក់បំផុត ប្រសិន​បើកងទ័ពអ៊ីស្រាអែល​ សំរុកចូលទៅ​តំបន់រ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា​។

Israelis rally for the immediate release of the hostages, six months after they were kidnapped during the deadly October 7 attack on Israel by Palestinian Islamist group Hamas from Gaza, near the Knes
ប្រជាជនអ៊ីស្រាអែល ធ្វើបាតុកម្មទាមទារ ឲ្យរដ្ឋាភិបាល​លោកណេតាន់យ៉ាហ៊ូ ត្រូវបិទបញ្ចប់សង្គ្រាម​ជាបន្ទាន់ និងរំដោះចំណាប់ខ្មាំង​មកវិញ​ទាំងអស់។ ក្រុងហ្សេរុយសាឡឹម ថ្ងៃទី ៧ មេសា ២០២៤ REUTERS - Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​នៅ​ហ្កាហ្សា និង​សោកនាដកម្ម​ដ៏មហា​ធ្ងន់ធ្ងរ ត្រូវតែ​បិទបញ្ចប់ជាបន្ទាន់។ នេះ​គឺសំណេរថ្លែងការណ៍​រួមគ្នា របស់​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង លោក​ប្រធានាធិបតី​អេហ្ស៊ីប ហ្វាតា អាល់ស៊ីស៊ី និង​ព្រះចៅ​ អាប់ដាឡាទី២នៃហ្សកដានី។ លិខិតចំហរដែលត្រូវបាន​ចុះផ្សាយ តាមបណ្តាញ​សារព័ត៌មានអន្តរជាតិធំៗនេះ បាន​អំពាវនាវ ឲ្យ​មានបទឈប់បាញ់ជាបន្ទាន់ ជារៀងរដាប និងដោយ​គ្មានលក្ខខណ្ឌ​ ដោយអនុលោមទៅ​តាម​សេចក្តី​សម្រេចចិត្តរួមលេ​ខ ២៧២៨ នៃក្រុមប្រឹក្សាសន្តិសុខ។

ប្រមុខដឹកនាំទាំង​៣ប្រទេស បាន​អំពាវនាវ​ផងដែរ ឲ្យ​មានការដោះលែងជាបន្ទាន់ នូវចំណាប់ខ្មាំងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាប៉ាឡេស្ទីន។​ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំង៣ អំពាវនាវ​ឲ្យ​មានការបើកច្រក​ ដឹកជញ្ជូន​ស្បៀងអាហារថ្នាំសង្កូវ ចូលទៅតំបន់​ហ្កាហ្សា ឲ្យ​បានច្រើនបំផុត និងត្រូវធានាការពារសុវត្ថិភាពដល់បុគ្គលិកអង្គការមនុស្សធម៌ ឲ្យបានទាំងស្រុង។

លិខិតចំហរខាងលើនេះ បាន​ក្រើនរំឭកទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែល ដឹកនាំដោយ​លោកណេតាន់យ៉ាហ៊ូ ឲ្យ​ពិចារណាឲ្យ​បានច្បាស់ អំពី​ផលវិបាកដ៏គ្រោះថ្នាក់និងធ្ងន់ធ្ងរបំផុត មកលើអាយុជីវិតជនស្លូតត្រង់ប៉ាឡេស្ទីន ប្រសិន​បើកងទ័ពអ៊ីស្រាអែលសំរុកចូលទៅក្នុងតំបន់រ៉ាហ្វា។ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ក៏បានសំដែងការជំទាស់ដែរ ទៅនឹងផែនការរបស់​លោកណេតាន់យ៉ាហ៊ូ ដែលចង់វាយលុកចូល​តំបន់រ៉ាហ្វា។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក​ណេតាន់យ៉ាហ៊ូ បានប្រកាសថារដ្ឋាភិបាល​លោក បានកំណត់ថ្ងៃរួចហើយ ដែល​កងទ័ពអ៊ីស្រាអែល នឹងត្រូវសំរុកចូលទៅតំបន់រ៉ាហ្វា ភាគខាងជើង​ហ្កាហ្សា ដើម្បី​សម្រេចកម្មវត្ថុចុងក្រោយ​។ កម្មវត្ថុនោះ គឺសំលាប់សមាជិក​ក្រុមភេរវកម្មអាម៉ាសឲ្យ​អស់ និង​ដោះលែងចំណាប់ខ្មាំងមកវិញ​។

សូមបញ្ជាក់ដែរថា យោងតាម​បណ្តាញព័ត៌មានអេហ្ស៊ីប Al-Qahera News បាន​ឲ្យ​ដឹងថា តំណាងក្រុមចរចា​អាមេរិក អេហ្ស៊ីប កាតា អ៊ីស្រាអែល និងហាម៉ាស បានជួបប្រជុំគ្នានៅកាលពីថ្ងៃអាទិត្យ​នៅទីក្រុងគែរ។ ការប្រជុំចរចា ដែលហាក់បានផលវិជ្ជមានគួរឲ្យសង្ឃឹម​។​ ផែនការ​កិច្ចព្រមព្រៀងនេះ បានកំណត់​ផ្អាកការប្រយុទ្ធ​៦សប្តាហ៍ ក្រុមហាម៉ាសត្រូវដោះលែង​ចំណាប់ខ្មាំង៤២នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោស​ប៉ាឡេស្ទីនចំនួន​ ៨០០ ទៅ​៩០០នាក់​។ បន្ថែមពីនេះ អ៊ីស្រាអែល ត្រូវបើកផ្លូវឲ្យ​ក្បួនរថយន្តដឹកជំនួយ​​មនុស្សធម៌ចូលតំបន់ហ្កាហ្សា ពី​៤០០ ទៅ៥០០គ្រឿងក្នុងមួយថ្ងៃ​។

ក្រុមហាម៉ាសប៉ាឡេស្ទីន បាន​បញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គារទី​៩មេសាថា ​គេ​បាន​ទទួលយក​សំណើរគម្រោងកិច្ចព្រមព្រៀងខាងលើ​មកពិចារណា​ ដោយ​មាន​ការ​​សម្របសម្រួលពី​​​កាតា អាហ្ស៊ីប និងសហរដ្ឋអាមេរិក​ បើទោះបីជា​​អ្វីដែល​ក្រុមហាម៉ាសចង់បាន គឺ​​បទឈប់បាញ់ជារៀងដរាប និង​ចំនួនរថយន្តដឹកស្បៀងចូលហ្កាហ្សាច្រើនជាងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ