អានតួអត្ថបទ
អ៊ីរ៉ាក់

ក្រុមជីហាត​រដ្ឋអ៊ីស្លាម​វាយប្រហារ​អត្តឃាត​លើ​រោងចក្រ​ហ្កាស​នៅ​អ៊ីរ៉ាក់

មនុស្ស ១៤នាក់ ត្រូវ​ស្លាប់ និង ២០នាក់​ផ្សេងទៀត​ត្រូវ​រងរបួស កាល​ពីថ្ងៃ​អាទិត្យ នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត ទៅលើ​រោងចក្រ​ផលិតហ្កាស​មួយ​កន្លែង នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ចេញ​មុខ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ។

រោងចក្រ​ហ្កាស​អ៊ីរ៉ាក់ ដែល​ទទួលរង​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ជីហាតរដ្ឋអ៊ីស្លាម ថ្ងៃ​ទី១៥ ឧសភា ២០១៦
រោងចក្រ​ហ្កាស​អ៊ីរ៉ាក់ ដែល​ទទួលរង​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ជីហាតរដ្ឋអ៊ីស្លាម ថ្ងៃ​ទី១៥ ឧសភា ២០១៦ REUTERS/Thaier Al-Sudani TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​ភេរវកម្ម​បាន​កើតឡើង​ នៅ​ព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ ដោយ​ភេរវជន​បាន​ចាប់ផ្តើម​ពី​ការ​បំផ្ទុះ​រថយន្ត​​នៅ​ច្រក​ទ្វារចូល​រោងចក្រផលិត​ហ្កាស ហើយ​បន្ទាប់មក ភេរវជន​អត្តឃាត ៦នាក់ បាន​រត់ចូល​ទៅ​​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួន នៅ​ក្នុង​រោងចក្រ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ធុងស្តុក​ហ្កាសធំៗ ចំនួន ៣ ត្រូវ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោរសន្ធៅ។ នេះ​គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ថ្មី​មួយ​ទៀត ក្រោយ​ពី​មាន​ការ​វាយប្រហារ​ជាច្រើន​លើកជា​បន្តបន្ទាប់ ដែ​ល​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ធ្វើ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ នៅ​ក្នុង​សប្តាហ៍​កន្លងទៅ។ ការវាយប្រហារ​ដ៏ធំ និង​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាងគេ គឺ​​ការ​វាយប្រហារ​ដោយ​បំផ្ទុះរថយន្ត ៣កន្លែង​ផ្ទួនៗគ្នា ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រហូតដល់​ទៅ​ជាង ៩០នាក់ ត្រូវ​ស្លាប់ កាល​ពីថ្ងៃ​អង្គារ។

គួរបញ្ជាក់ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​កំពុងកាន់កាប់​ទឹកដី​មួយផ្នែក​ធំ នៅ​ប៉ែក​ខាង​លិច និង​ខាង​ជើង​អ៊ីរ៉ាក់។ ក៏ប៉ុន្តែ នាពេល​ថ្មីៗ​នេះ កងទ័ព​អ៊ីរ៉ាក់ និង​កងសេនាជន​ស្ហ៊ីអ៊ីត ដោយ​មាន​ជំនួយ​ពី​កងទ័ព​អាកាស​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត បាន​វាយលុក​ដណ្តើម​យក​ទឹកដី​មួយផ្នែក ពី​ក្រុម​ជីហាត​មកវិញ។

ក៏ប៉ុន្តែ ការ​វាយប្រហារ​ភេរវកម្ម​ជាបន្តបន្ទាប់ នៅ​ក្នុង​សប្តាហ៍​កន្លងទៅនេះ ជាពិសេស ការ​វាយប្រហារ​ទៅលើ​រោងចក្រ​ផលិតហ្កាស ដែល​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​រដ្ឋធានី​បាកដាត គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ថា បើទោះបីជា​ត្រូវ​ទទួល​បរាជ័យ​ច្រើន​នៅលើ​សមរភូមិ តែ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម នៅតែ​ជា​ការ​គំរាមកំហែង​ដ៏ធំមួយ សម្រាប់​សន្តិសុខ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

ក្នុងពេល​ជាមួយគ្នា​នេះ ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ កំពុងតែ​ប្រឈមមុខ​នឹង​ឧបសគ្គ​ដ៏ធំមួយ គឺ​វិបត្តិ​នយោបាយ​អ៊ីរ៉ាក់ ដែល​កើតចេញ​ពី​​ជម្លោះ​ រវាង​ក្រុម​អ្នក​កាន់​និកាយ​ស្ហ៊ីអ៊ីត និង​និកាយ​ស៊ុននីត។ ជម្លោះ​ដែលធ្វើ​ឲ្យ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ត្រូវ​ជាប់គាំង មិន​អាច​ចេញ​រួច អស់រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ។

កាលពីថ្ងៃ​សៅរ៍ នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​បាន​លើកឡើង​ថា ដោយសារ​តែ​មាន​វិបត្តិ​នយោបាយ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​កាន់តែ​មាន​ឱកាស បង្ក​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដូចអ្វី​ដែល​បាន​កើតឡើង នៅ​ក្នុងសប្តាហ៍​កន្លងទៅនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ