អានតួអត្ថបទ

ក្រុមហ៊ុន​ YouTube ផ្តើម​យុទ្ធនាការ​ប្រឆាំងនឹង​ការបង្ខូច​ឈ្មោះ​របស់​បាតុករហុងកុង​

ក្រុមហ៊ុនយូធូប (YouTube) នៅថ្ងៃព្រហស្បតិ៍ ទី២២ សីហាម្សិលមិញនេះ បានដកចេញនូវគណនីអ្នកប្រើប្រាស់ច្រើនជាង ២០០ ដោយសារពួកគេ បានបង្ហោះនូវវីដេអូដែលមានខ្លឹមសារប្រឆាំង ក៏ដូចជាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រុមបាតុករអ្នកប្រជាធិបតេយ្យហុងកុង។នៅមួយរយៈពេលចុងក្រោយនេះ​ បណ្តាញសង្គមត្រូវបានគេយកទៅប្រើប្រាស់យ៉ាងសកម្ម ដើម្បីបំពុលព័ត៌មាន ទាក់ទងនឹងវិបត្តិដែលកំពុងកើតឡើងនៅកោះហុងកុង។ ជាក់ស្តែង ក្រៅតែពីក្រុមហ៊ុនយូធូប នៅដើមសប្តាហ៍នេះ ក្រុមហ៊ុនហ្វេសប៊ុក និងធ្វីតធឺរ ក៏បានប្រកាសបិទគណនីគួរឲ្យសង្ស័យរបស់អ្នកប្រើប្រាស់ប្រមាណជា ២០ ម៉ឺនគណនីផងដែរ។

ក្រុមសិស្សនិស្សិតហុងកុងចូលរួមក្នុងបាតុកម្មកាលពីថ្ងៃទី២២ សីហា ឆ្នាំ២០១៩។
ក្រុមសិស្សនិស្សិតហុងកុងចូលរួមក្នុងបាតុកម្មកាលពីថ្ងៃទី២២ សីហា ឆ្នាំ២០១៩។ REUTERS/Kai Pfaffenbach
ផ្សាយពាណិជ្ជកម្ម

ចំណាត់ការរបស់ក្រុមហ៊ុនយូធូបនេះ ធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុនបណ្តាញសង្គមយក្សដទៃទៀតរួមមាន ធ្វីតធឺរ និងហ្វេសប៊ុក ទើបតែបានចោទប្រកាន់រដ្ឋាភិបាលចិន ថាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបន្ទច់បង្អាក់ចលនាបាតុកម្មនៅហុងកុង ព្រមទាំងសាបព្រោះ នូវព័ត៌មានមិនពិត ហើយនិងការខ្វែងគំនិតគ្នាផ្នែកនយោបាយនៅទីនោះ។

ដោយសំដៅទៅលើគណនីសកម្ម របស់អ្នកប្រើប្រាស់ជាច្រើនដែលត្រូវបានបិទ ក្រុមហ៊ុនធ្វីតធឺរ បានអះអាងថា គណនីទាំងនេះ ពិតណាស់ ត្រូវបានគេបង្កើតឡើង ដើម្បីយកទៅប្រើប្រាស់ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ភាពស្របច្បាប់ និងកេរ្តិ៍ឈ្មោះរបស់ក្រុមបាតុកម្មហុងកុង។

ជាមួយគ្នានេះ ហ្វេសប៊ុក បាននិយាយថា ខ្លឹមសារមួយចំនួន ដែលត្រូវបានបង្ហោះចេញពីគណនីដែលក្រុមហ៊ុនទើបលុបចេញ បានប្រដូចបាតុករអ្នកប្រជាធិបតេយ្យហុងកុងទៅនឹងក្រុមជីហាត-អង្គការរដ្ឋអ៊ីស្លាម ព្រមទាំងបានចោទប្រកាន់ ក្រុមបាតុករថាមានគម្រោងសម្លាប់មនុស្សទៀតផង។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនហ្វេសប៊ុក និងធ្វីតធឺរ បានគូសបញ្ជាក់ដែរថា នៅគ្រាកន្លងមក រដ្ឋាភិបាលចិន បានប្រកាសទុកសិទ្ធិឲ្យរដ្ឋអំណាចហុងកុង ជាអ្នកដោះស្រាយវិបត្តិដោយខ្លួនឯង។ តែនៅពីក្រោយឆាក ប៉េកាំងកំពុងរិះរកវិធីយ៉ាងស្វិតស្វាញ ដើម្បីដោះស្រាយរឿងនេះ។

មិនខុសពីក្រុមហ៊ុនហ្វេសប៊ុក និងធ្វីតធឺរនោះទេ ពាក់ព័ន្ធបញ្ហានៅហុងកុងនេះដែរ ក្រុមអ្នកវិភាគស្តីអំពីបញ្ហាសន្តិសុខពិភពលោក មកពីមជ្ឈមណ្ឌល “សូហ្វាន” បានលើកឡើងថាដូចគ្នាថា រដ្ឋាភិបាលក្រុងប៉េកាំងជាអ្នកនៅពីក្រោយរឿងខាងលើនេះ។

ក្រុមអ្នកវិភាគ លើកឡើងថា ប៉េកាំង បានយកបណ្តាញសង្គម ធ្វើជាអាវុធបន្ថែម ដើម្បីវាយប្រហារ លើបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង។ កាយវិការរបស់រដ្ឋអំណាចចិនបែបនេះ គូសបញ្ជាក់ឲ្យឃើញពីសកម្មភាពបង្ក្រាបកាន់តែខ្លាំង និងកំរោលទ្វេដង មកលើចលនាប្រឆាំងនៅហុងកុង ដែលជាក្រុងស្វយ័តមួយរបស់ចិន។ នេះបើតាម ក្រុមអ្នកវិភាគដដែល។

តែទោះជាយ៉ាងណាក៏ដោយ ការគំរាមនានាតាមគ្រប់រូបភាពទាំងអស់របស់រដ្ឋាភិបាលចិន មិនបានធ្វើឲ្យបាតុករអ្នកប្រជាធិបតេយ្យហុងកុង ចុះញ៉ម ឬភ័យខ្លាចនោះទេ។

ផ្ទុយទៅវិញ ចលនាប្រឆាំងនៅតែបន្តកើតមាន និងកាន់តែរីករាលដាលឡើង។ ជាក់ស្តែង សកម្មជនអ្នកប្រជាធិបតេយ្យហុងកុង បានអំពាវនាវឲ្យមានការធ្វើបាតុកម្មជាថ្មីទៀត នៅថ្ងៃសុក្រ ទី២៣ សីហានេះ​ រហូតដល់ចុងសប្តាហ៍តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ