អានតួអត្ថបទ
ជប៉ុន-គ្រោះបាក់ដី

គ្រោះ​បាក់​ដី​​ដោយសារ​​ភ្លៀងធ្លាក់ខ្លាំង​នៅ​ជប៉ុន​​បណ្តាល​ឲ្យ​មនុស្ស​​ពីរ​​​នាក់​​ស្លាប់​​និង​​២០នាក់​​បាត់​​ខ្លួន

សាកសព​មនុស្ស​ពីរ​នាក់ទើប​ត្រូវ​បាន​គេ​រក​ឃើញ​ បន្ទាប់ពី​មាន​គ្រោះ​រអិលបាក់ដី​ដ៏ធំ​បណ្តាល​មកពី​ភ្លៀង​ធ្លាក់​ជោគជាំ​រយៈពេល២ថ្ងៃ​នៅឯ​ទីក្រុងអាតាមី (Atami)។ យោងតាម​តុល្យការ​ចុងក្រោយ​របស់​មន្ត្រីជប៉ុន​ ក្រៅពី​ជន​រងគ្រោះ​ដែលស្លាប់​ នៅមាន​មនុស្ស​ប្រមាណ​ ២០​ នាក់ផ្សេង​ទៀត​កំពុង​បាត់ខ្លួន​។

នៅទីក្រុងអាតាមីនៃប្រទេសជប៉ុន គ្រោះបាក់រអិលដីបង្កដោយភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និង២០នាក់ផ្សេងទៀតបាត់ខ្លួននាថ្ងៃសៅរ៍ ទី៣ កក្កដា ឆ្នាំ២០២១នេះ។
នៅទីក្រុងអាតាមីនៃប្រទេសជប៉ុន គ្រោះបាក់រអិលដីបង្កដោយភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និង២០នាក់ផ្សេងទៀតបាត់ខ្លួននាថ្ងៃសៅរ៍ ទី៣ កក្កដា ឆ្នាំ២០២១នេះ។ via REUTERS - KYODO
ផ្សាយពាណិជ្ជកម្ម

រូបភាព​នានាពីទូរទស្សន៍​បានបង្ហាញពី​ដីភក់​លាយឡំ​ជាមួយទឹកភ្លៀង​ជាច្រើន​កំពុង​ហូរ​ក្នុងកម្លាំងដ៏​ខ្លាំង​ដោយ​បាន​នាំយក​ទៅជាមួយផងដែរនូវ​ផ្ទះសម្បែង​ជាច្រើន​នៅទីប្រជុំជនមួយ​ឯទីក្រុង​ អាតាមី​ (Atami) ភាគនិរតីនៃ​ទីក្រុងតូក្យូ​។ គ្រោះធម្មជាតិដ៏សាហាវនេះ​បាន​បង្ខំឲ្យអ្នកស្រុក​អាតាមី​ រត់ភៀសខ្លួន​ ព្រោះក្រៅតែពី​បាន​ហូរនាំ​ទៅមិនថា​ផ្ទះសម្បែង​ឬ​រថយន្ត​ ដីភក់​ ក៏​បានហូរ​កប់​អស់​ផ្នែកខ្លះ​នៃផ្លូវទៀតផង​។

អ្នក​គ្រប់គ្រង​ព្រះវិហារមួយកន្លែងដែល​ស្ថិតនៅក្បែរ​ទីតាំង​មាន​គ្រោះមហន្តរាយធម្មជាតិ​ បាននិយាយ​ប្រាប់​ទូរទស្សន៍​ជប៉ុន​ NHK ថា​គាត់​បាន​ឮសំឡេង​ដ៏គួរឲ្យរន្ធត់​ និង​បាន​ឃើញហេតុការណ៍​រអិលបាក់ដីភក់​ហូរ​ចុះ​មកក្រោយ​ ខណៈ​ក្រុម​អ្នកជួយសង្គ្រោះ​ កំពុង​ជំរុញ​និងទទូច​ឲ្យ​ប្រជាជន​ភៀសខ្លួនចេញ។ ក្រោយឃើញ​ហេតុការណ៍នេះភ្លាម​ គាត់បានរត់ចេញទៅរកទីខ្ពស់​ដែល​មានសុវត្ថិភាព​។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក យ៉ូស្ហ៊ីហ៊ីដេ​ ស៊ូហ្កា បាន​មាន​ប្រសាសន៍ថា​សេវាកម្ម​ឆ្លើយតបបន្ទាន់​និងកម្លាំង​យោធា​បាន​ចាប់ផ្តើម​បេសកកម្មជួយសង្គ្រោះ​ និង​ជម្លៀស​ប្រជាជន​ដោយមិន​បង្អង់​បន្តិចឡើយ​។ ជាមួយគ្នានេះ​ លោកនាយករដ្ឋមន្ត្រី​ ស៊ូហ្កា​ បាន​ទាញសញ្ញាអាសន្ន​កម្រិតខ្ពស់​ផងដែរ​ ពីព្រោះថា​តាមការព្យាករណ៍​ ភ្លៀងដែលធ្លាក់ខ្លាំង​រយៈពេល ២ ថ្ងៃ​ហើយ​នោះ​ នឹង​នៅតែ​ធ្លាក់ខ្លាំង​ជោគជាំ​បន្តទៅមុខទៀត​។

គួរជម្រាបជូនថា​ នៅថ្ងៃសៅរ៍ ទី៣ កក្កដានេះ​ ភ្លៀងធ្លាក់​នៅក្នុងទីក្រុងអាតាមី​របស់ជប៉ុន​មាន​កម្រិត​ ៣១៣ មីល្លីម៉ែត្រ ក្នុងរយៈពេលតែ ៤៨ ម៉ោងប៉ុណ្ណោះ ពោលគឺ​ខ្ពស់ជាង​ចំនួនមធ្យម​ប្រចាំខែ​សម្រាប់​ខែកក្កដា​ដែល​ជាធម្មតាមានកម្រិត ២៤២,៥ មីល្លីម៉ែត្រ​។ នេះ​បើយោងតាម​សារព័ត៌មាន​ NHK។

គ្រោះបាក់​ដី​បណ្តាលពីភ្លៀងធ្លាក់ជោគជាំ​ខាងលើ​បានចាប់ផ្តើម​នៅវេលាម៉ោងខ្ទង់​ ១០ និង ៣០ នាទីព្រឹក​ ឯដងស្ទឹងមួយ​ក្បែរ​ក្រុងអាតាមី​ដែលជារមណីយដ្ឋានល្បីល្បាញ និងសម្បូរអ្នកទៅលេងច្រើនជាពិសេសនៅរដូវផ្ការីក៕ ក្រុងអាតាមីនេះ ស្ថិតនៅចម្ងាយ​ប្រមាណ​ ៩០ គីឡូម៉ែត​ពីទីក្រុងតូក្យូ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ