អានតួអត្ថបទ
កីឡាអូឡាំពិក-កូវីដ១៩

កូវីដ​១៩ ៖ រក​ឃើញ​​ករណី​វិជ្ជមាន​ក្នុង​ភូមិ​កីឡាអូឡាំពិក នៅ​៥​ថ្ងៃ​មុន​បើក​កម្មវិធី

ការ​ប្រកួត​កីឡាអូឡាំពិកក្រុង​តូក្យូ​​​កំពុង​ស្ថិត​ក្រោម​សម្ពាធ​កាន់​តែ​ខ្លាំងឡើងៗ។ នៅ​ថ្ងៃ​៥​ថ្ងៃ​មុន​ការ​បើក​កម្មវិធី​ប្រកួត​​ជា​ផ្លូវការ អ្នក​រៀប​ចំ​កម្មវិធី​បានប្រកាស​​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩ ក្នុង​ភូមិអូឡាំពិកក្រុង​តូក្យូ​​មួយ។ នេះ​គឺ​ជា​លើក​ទីមួយ​ហើយ ដែល​មាន​ករណី​វិជ្ជមាន​កូវីដ​១៩​ក្នុង​ភូមិអូឡាំពិក​យ៉ាង​ដូច្នេះ។

ប្រធាន​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​ (CIO) លោក Thomas Bach ចូល​រួម​ក្នុង​សន្និសីទ​កាសែត ថ្ងៃទី ១៧ កក្កដា ២០២១
ប្រធាន​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​ (CIO) លោក Thomas Bach ចូល​រួម​ក្នុង​សន្និសីទ​កាសែត ថ្ងៃទី ១៧ កក្កដា ២០២១ Fabrice COFFRINI AFP
ផ្សាយពាណិជ្ជកម្ម

អ្នក​វិជ្ជមាន​កូវីដ​១៩​ទាំង​បី​នាក់​ មក​ពី​ប្រទេស​តែ​មួយ និង​លេង​កីឡា​តែមួយ​ដូច​គ្នា។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​គណៈកម្មការ​រៀប​ចំ​កីឡាអូឡាំពិក នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ ដោយ​បាន​គូ​សបញ្ជាក់​ទៀតថា​ ពីរ​នាក់​ជា​ កីឡាករ និង​ម្នាក់​ជា​អ្នក​ដឹកនាំ​ក្រុម​កីឡាករ។ ទាំង​បី​នាក់​ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​ហើយ នាពេល​នេះ។ ចំណែក​អ្នកជាប់​ពាក់ព័ន្ធ​ទាំង​ប៉ុន្មាន​ក៏​បាន​ធ្វើ​តេស្ត​PCR រុក​ច្រមុះ​ បន្ថែម​ពី​​លើ​តេស្ត​ទឹក​មាត់​ប្រចាំ​ថ្ងៃ និង​ត្រូវ​ទទួល​ទាន​អាហារ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន ​​ហាត់​សម​​ដាច់​ដោយ​ឡែក​ពីគេ ព្រមទាំង​ធ្វើ​ដំណើរ​ផ្សេង​ពីគេ។ ពួក​គេ​អាច​ត្រលប់​មក​ចូល​ក្រុម​វិញ​បាន ដរាប​ណា​តែ​មណ្ឌល​ត្រួត​ពិនិត្យ​ប្រឆាំង​នឹង​កូវីដ​១៩​សម្រេច​ថា​ពួក​គេ​លែងមាន​ហានិភ័យ​សុខភាព​ដល់​អ្នក​ដទៃ។

តាម​ការ​ពិត​នេះ​មិនមែន​ជា​លើក​ទីមួយទេ ដែល​គេ​រក​ឃើញ​ករណី​វិជ្ជមាន​​ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​នឹង​កីឡាអូឡាំពិក​នោះ។ ​នៅ​ថ្ងៃអាទិត្យ​នេះ  គណៈកម្មការ​រាប់​ឃើញ​មាន​ករណី​វិជ្ជមាន​កូវីដ១៩​ចំនួន ៥៥​ករណី ក្នុង​ចំណោម​​​តេស្ត​ ​ចំនួន​៣ម៉ឺន ធ្វើ​លើ​កីឡាករ​១៨០០០​នាក់ អ្នក​គ្រប់គ្រងកីឡាករ បុគ្គលិក​អូឡាំពិក​ ឬ​អ្នក​កាសែត​​ដែល​មក​ដល់​ជប៉ុន​ តាំង​ពី​ថ្ងៃទី ១​កក្កដាមក។ សូម្បី​តែ​ក្នុង​រង្វង់​សមាជិក​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​ផ្ទាល់​ក៏​មាន​វិជ្ជមាន​មួយករណី​ដែរ។

ប៉ុន្តែ​ករណី​វិជ្ជមាន​ក្នុង​ភូមិអូឡាំពិក​ជា​លើក​ទីមួយ​នេះ បាន​រំលេច​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ខ្លាច​ពិភពអ្នក​កីឡាមាន​កូវីដ១៩​តៗ​គ្នា​ និង​នាំ​ឱ្យ​មាន​ចំណោទ​ជុំ​វិញ​វិធានការ​ទប់​ស្កាត់​កូវីដ​១៩​ដែល​បាន​រៀប​ចំ​តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ ដូច​ជា​កំរិត​មិន​ឱ្យ​កីឡាករ​ជួប​ ច្របូក​ច្របល់​គ្នា​ជាមួយ​ក្រុម​ឬ​ប្រទេស​ផ្សេង។ គណៈកម្មការ​បាន​ប្រឹង​ចរចា​ជាមួយ​ក្រុមហ៊ុន​Pfizer BioNTech​ដើម្បី​ផ្តល់​ថ្នាំ​បង្ការ​ដល់​ប្រតិភូ​កីឡា​ និងរំពឹងខ្លាំង​​លើ​ការ​​ធ្វើ​តេស្តដោយ​ដាក់​អ្នក​វិជ្ជមាន​ដោយ​ឡែក​ភ្លាម។

​ភូមិអូឡាំពិក​ដ៏​ធំ​ ដែល​មាន​សមត្ថភាព​ដាក់​មនុស្ស​ដល់​​ទៅ​១៧០០០​នាក់វិញ នឹង​ទទួល​ក្រុមកីឡាករ​យ៉ាង​ច្រើន​បំផុត​ត្រឹម​៦ពាន់នាក់​ប៉ុណ្ណោះ។ ចំណែក​ការ​ប្រកួត​កីឡា​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​​ដោយ​បិទទ្វារ គ្មាន​ទស្សនិកជន​ចូល​មើល​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ