អានតួអត្ថបទ
ស្រីលង្កា

សិង្ហបុរី​មិន​ឱ្យ​សិទ្ធិ​ជ្រកកោន​ ដល់​ប្រធានាធិបតី​ស្រីលង្កាទេ

រត់​គេច​ចេញ​ពី​គេ​ហដ្ឋាន​ កាលពី​ថ្ងៃ​សៅរ៍​ ក្រោយ​ពេល​ក្រុម​បាតុករ​នាំ​គ្នា​សម្រុក​ចូល​វិមាន​​និង​គេហដ្ឋាន​ប្រធានាធិបតី ​ទៅ​​ប្រទេស​ម៉ាល់ឌីវ លោក រ៉ាចាប៉ាក់សេ បាន​បន្ត​ដំណើរ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី ១៤​កក្កដា២០២២។ សិង្ហបុរី​បាន​បញ្ជាក់​​ព័ត៌មានថាប្រធានាធិបតី​ស្រីលង្កា​រូប​នេះ​ពិត​ជា​កំពុងស្ថិត​នៅក្នុង​ប្រទេស​ខ្លួន ប៉ុន្តែ​មិន​បា​នសុំ​សិទ្ធិ​ជ្រកកោនទេ។ គឺ​ពី​សិង្ហបុរី ដែល​លោក រ៉ាចាប៉ាក់សេ បាន​ផ្ញើ​លិខិត​លា​លែង​ចេញពី​តំណែង​ជា​ផ្លូវការ។

លោករ៉ាចាប៉ាក់សេ បាន​សុំ​លាលែង​ពី​តំណែង​ប្រធានាធិបតី​ស្រីលង្កា ជាផ្លូវការ​ពី ប្រទេស​សិង្ហបុរី
លោករ៉ាចាប៉ាក់សេ បាន​សុំ​លាលែង​ពី​តំណែង​ប្រធានាធិបតី​ស្រីលង្កា ជាផ្លូវការ​ពី ប្រទេស​សិង្ហបុរី AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ស្រីលង្កា​ដែល​រត់​ភៀស​ខ្លួន​ពី​ប្រទេស​ដោយ​កម្លាំង​បាតុករ បាន​មក​ដល់​ប្រទេស​សិង្ហបុរី​ហើយ ក្នុង​ក្របខ័ណ្ឌ​នៃ​ទស្សនកិច្ច​ឯកជន មិនមែន​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​សិង្ហបុរី​ទេ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​​​ ​ដែល​បញ្ជាក់​ថា សិង្ហបុរី ក៏​មិន​ផ្តល់​សិទ្ធិជ្រក​កោន​ឱ្យ​ប្រធានាធិបតី​ស្រីលង្កា​រូប​នេះ​ដែរ ព្រោះជាទូទៅ​ សិង្ហបុរី​គ្មាន​ទម្លាប់​​ផ្តល់​សិទ្ធិ​ជ្រកកោនដល់​ជន​ណា​ទេ។

ផ្ញើ​លិខិត​អេឡិចត្រូនិកពី​សិង្ហបុរី​ទៅ​សភា​ស្រីលង្កា​ នៅថ្ងៃព្រហស្បតិ៍ទី ១៤​កក្កដា ២០២២ ដើម្បី​សុំ​លាលែង​ចេញពី​តំណែង​ជា​ផ្លូវការ លោក​រ៉ាចាប៉ាក់សេ ទំនង​កំពុងស្វែង​រកប្រទេស​ជ្រកកោន​។ ប្រភពការបរទេសថា​ សហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិន​ផ្តល់​ទិដ្ឋការ​ឱ្យ ក្រោម​ហេតុផល​ថាលោក​ធ្លាប់​បាន​បោះបង់​​សញ្ជាតិ​អាមេរិក​កាលពី​ឆ្នាំ​២០១៩ ដើម្បី​បាន​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ស្រីលង្កា។ ហើយ​បើ​តាម​ប្រភព​​ស្និទ្ធ​នឹង​ភ្នាក់ងារ​សន្តិសុខ​ស្រីលង្កា សិ​ង្ហបុរី​ក៏​មិនមែនជា​ទិសដៅ​ក្រោយដែរ លោក​រ៉ាចាប៉ាក់សេទំនង​ជា​អាច​នឹង​ទៅ​ជ្រកកោនក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ចំណែក​ស្ថានភាព​នៅក្នុង​ប្រទេស​វិញ ក្រុមបាតុករ​បាន​ប្រកាស​ព្រមព្រៀង​ដើរ​ចេញ​ពីអាគារសាធារណៈ ពោល​គឺ​​វិមាន​និង​គេហដ្ឋាន​របស់​ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី​ហើយ​។ តំណាង​មេដឹកនាំ​បាតុកម្ម​ម្នាក់​បាន​អះអាង​ថា “ប្រធានាធិបតី​បាន​រត់​ចេញ​ពី​ប្រទេស​ហើយ​ ហើយ​មិន​ត្រលប់​មក​វិញ​ទេ ដូច្នេះ ​គ្មានប្រយោជន៍​អ្វី​ដេល​យើង​ត្រូវបន្ត​​នៅ​ទី​នេះទៀត​ឡើយ។ ម្យ៉ាង​ទៀត​ រដ្ឋាភិបាល​បាន​ចេញ​បម្រាម​គោចរ និង​ប៉ុន​ប៉ង​ប្រើ​ច្បាប់​​​​អាជ្ញាសឹក។ យើង​មិន​ចង់​ឱ្យ​ប្រជាពលរដ្ឋ​​ប្រយុទ្ធ​តតាំង​ជាមួយ​នឹង​យោធា​ទេ ព្រោះ​វា​នឹង​បញ្ចប់​ទៅ​ដោយ​ការ​បង្ហូរ​ឈាម។ ប៉ុន្តែ​យើង​បាន​សូម​​ផ្ញើ​សា​រ​ទៅ​ឱ្យ​អ្នក​នយោបាយ​ទាំង​អស់​ថា អាគារ​រដ្ឋ​ទាំង​ឡាយ​​នេះ​ជា​កម្មសិទ្ធិ​របស់​ប្រជាជន ប្រសិន​បើ​នរណា​ហ៊ាន​រំលោភ​និង​បង្វែរ​ទ្រព្យ​សម្បត្តិ​សាធារណៈ យើង​នឹង​ត្រលប់​មក​កាន់​កាប់​វិញ។” ក្រុមបាតុករ​ស្រីលង្កា​ សន្យា​បន្ត​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​រត់​ភៀស​ខ្លួន និង​នាយករដ្ឋមន្ត្រី​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ